បក្ស​សង្គ្រោះ​ជាតិ​ចាប់​ផ្ដើម​យុទ្ធនាការ​ប្រមូល​ថវិកា​ពី​សប្បុរសជន​នៅ​ទ្វីប​អឺរ៉ុប

គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កើត​ឡើង​ពី​ការ​រួបរួម​គ្នា​រវាង​គណបក្ស សិទ្ធិ​មនុស្ស និង​គណបក្ស សម រង្ស៊ី ចាប់​ផ្ដើម​យុទ្ធនាការ​ប្រមូល​ថវិកា​ពី​សប្បុរសជន​នៅ​ក្នុង​ទ្វីប​អឺរ៉ុប។
ដោយ សុ ជីវី
2012-09-08
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ ៣០៥
ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ
Provided Photo

ថវិកា​ដែល​ប្រមូល​បាន នឹង​បញ្ចូល​ជា​មូលនិធិ​សង្គ្រោះ​ជាតិ ប្រើប្រាស់​គាំទ្រ​ដល់​គណបក្ស​ដែល​ទើប​បង្កើត​ថ្មី ជាពិសេស​សម្រាប់​ការ​ឃោសនា​រក​សំឡេង​ឆ្នោត។

មូលនិធិ​សង្គ្រោះ​ជាតិ អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​អឺរ៉ុប អោយ​ចែក​រំលែក​ថវិកា​ចូល​រួម​គាំទ្រ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​បង្កើត​ថ្មី។

ការ​កៀងគរ​រក​ថវិកា​នេះ បាន​ធ្វើ​ឡើង​តាម​គោលដៅ​ប្រតិបត្តិការ​១.៦៣៣ ឬ​មួយ​ថ្ងៃ​មួយ​អឺរ៉ូ ដែល​តាម​គម្រោង​គេ​នឹង​យក​ទៅ​បង្គ្រប់​ថវិកា​១លាន​ដុល្លារ គិត​ត្រឹម​ថ្ងៃ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥។

សេចក្ដី​អំពាវនាវ​របស់​មូលនិធិ​នេះ បាន​លើក​ឡើង​ថា ចំនួន​១.៦៣៣ គឺ​ជា​ចំនួន​ឃុំ-សង្កាត់ នៅ​ទូទាំង​ប្រទេស​កម្ពុជា។ មូលនិធិ​នេះ ចង់​អោយ​សប្បុរសជន​ភ្ជាប់​និស្ស័យ​នឹង​ឃុំ-សង្កាត់​ណា​មួយ ដែល​ពួក​គេ​ពេញ​ចិត្ត។ ចំណែក​ចំនួន​ប្រាក់​១អឺរ៉ូ គឺ​ជា​មធ្យម​នៃ​វិភាគទាន ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​បោះ​ឆ្នោត​ខែ​កក្កដា ឆ្នាំ​២០១៣។

អគ្គលេខាធិការ​ចលនា​សង្គ្រោះ​ជាតិ និង​ជា​អ្នក​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ មាន​ប្រសាសន៍​ថា គោលដៅ​ទៅ​ថ្ងៃ​អនាគត គឺ​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​នឹង​ផ្ដល់​សេវា​សាធារណៈ​នៅ​ថ្នាក់​ឃុំ-សង្កាត់ ដោយ​ពុំ​បង់​ប្រាក់៖ «អឺរ៉ុប​គេ​ដាក់​ថា​១អឺរ៉ូ សម្រាប់​ប្រទេស​កម្ពុជា នៅ​ឯ​សហរដ្ឋអាមេរិក​គឺ​១.០០០​ដុល្លារ សម្រាប់​គ្រឹះ​នៃ​ប្រជាធិបតេយ្យ នៅ​ឯ​កាណាដា គេ​ប្រមូល​ទៅ​តាម​ផ្ទះ​នីមួយៗ។ យើង​ត្រូវ​តែ​លើក​ទឹក​ចិត្ត​ឃុំ​យើង​ដែល​ឈ្នះ ហើយ​យើង​ចង់​អោយ​ឃុំ​នោះ​ក្លាយ​ជា​ឃុំ​ដែល​គំរូ។ ឃុំ​គំរូ គឺ​សេវា​របស់​ឃុំ​គឺ​ចេញ​មក​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ»

សេចក្ដី​អំពាវ​នាវ​ដដែល​បាន​លើក​ឡើង​ទៀត​ថា ការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ជា​ការ​វិវត្ត​នយោបាយ​ដែល​ជា​ក្ដី​សង្ឃឹម​របស់​ពលរដ្ឋ​ខ្មែរ ដែល​មិន​ចង់​អោយ​ទឹក​ដី​កម្ពុជា​ធ្លាក់​ចូល​គន្លង​ចាស់​ដូច​ដែនដី​ខ្មែរ​កម្ពុជា​ក្រោម។ ប៉ុន្តែ​សង្ឃឹម​នេះ អាច​សម្រេច​បាន​គឺ​អាស្រ័យ​លើ​ខ្មែរ​គ្រប់​គ្នា ជា​ខ្មែរ​សុទ្ធ ខ្មែរ​កូន​ចៅ​ចិន ខ្មែរ​លើ ខ្មែរ​ក្រោម និង​ខ្មែរ​ឥស្លាម​ជា​ដើម។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា និកហ្វិច លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា ជា​ធម្មតា​គ្រប់​គណបក្ស​នយោបាយ​នៅ​កម្ពុជា តែង​កៀងគរ​រក​ថវិកា​ពី​អ្នក​គាំទ្រ​របស់​ពួក​គេ​តែ​រៀងៗ​ខ្លួន។ លោក ហង្ស ពុទ្ធា ស្នើ​អោយ​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់ ត្រូវ​កៀងគរ​ថវិកា​ប្រកប​ដោយ​សុចរិត ចៀស​វាង​ការ​បង្ខិត​បង្ខំ ឬ​ការ​ដាក់​គំនាប​ណា​មួយ៖ «ការ​ចូល​រួម​របស់​ប្រជាពលរដ្ឋ គឺ​ជា​ការ​ចាំ​បាច់​ហើយ។ ប៉ុន្តែ គណបក្ស​នយោបាយ​ទាំង​អស់​មាន​ការ​កៀងគរ និង​ទទួល​យក​ដោយ​ការ​ស្ម័គ្រចិត្ត​ពី​អ្នក​ចូល​រួម​ផង កុំ​អោយ​ការ​កៀងគរ​ហ្នឹង មាន​លក្ខណៈ​ជា​ការ​គាប​សង្កត់ ឬ​បង្កើត​បញ្ហា​ផ្សេងៗ​ដែល​ធ្វើ​អោយ​អ្នក​ផ្តល់​ថវិកា​ហ្នឹង​ឯង​រង្គាល​ចិត្ត»

ការ​កៀងគរ​រក​ថវិកា​របស់​មូលនិធិ​សង្គ្រោះ​ជាតិ បាន​ចាប់​ផ្ដើម​ឡើង​ជា​ដំបូង កាល​ពី​ខែ​កក្កដា កន្លង​ទៅ ដោយ​ចាប់​ផ្ដើម​ពី​រដ្ឋ​មួយ​ចំនួន​នៅ​សហរដ្ឋអាមេរិក បន្ទាប់​មក​នៅ​ប្រទេស​កាណាដា នៅ​មុន​ពេល​ចាប់​ផ្ដើម​នៅ​ក្នុង​ទ្វីប​អឺរ៉ុប នៅ​ពេល​នេះ។ តាម​រយៈ​គេហទំព័រ​របស់​មូលនិធិ អោយ​ដឹង​ថា មក​ដល់​ពេល​នេះ គេ​ប្រមូល​ថវិកា​បាន​៥៣.០៦៦​ដុល្លារ។ ហើយ​គម្រោង​ការ​ជា​បន្ត​ទៀត គេ​នឹង​កៀងគរ​រក​ថវិកា​ពី​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ប្រទេស​អូស្ត្រាលី ប្រទេស​កូរ៉េ​ខាង​ត្បូង និង​នូវែលហ្សេឡង់​ជាដើម។

នៅ​ស្រប​ពេល​នៃ​ការ​កៀងគរ​រក​ថវិកា​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​កំណត់​ថា នឹង​បើក​សម្ពោធ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ដោយ​មាន​អ្នក​គាំទ្រ​ចូល​រួម​ចំនួន​៥០០​នាក់។ ទីស្នាក់ការ​កណ្ដាល​ដែល​នឹង​សម្ពោធ​នោះ មាន​ទីតាំង​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី រាជធានី​ភ្នំពេញ។ សេចក្ដី​ជូន​ដំណឹង​របស់​គណបក្ស​នេះ​បញ្ជាក់​ដែរ​ថា លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​នឹង​ថ្លែង​តាម​រយៈ​វីដេអូ​ខុនហ្វើរ៉ិន (Video Conference) ពី​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Castro De La Monreo

ពី Paris, France

I don't know who represent who, don't try to represent all 14 million of Cambodians in the country most of them they know who you are, anything happen you like to put your feet on your shoulders and fold your tail run out off the country. I don't know if you see how the US congress supporting Mrs Aoung San Sukyu of Myanma after two decades in house arested. You should learn how to be a strong leader like this lady "Fine gold never affraid of flame".

Sep 18, 2012 12:19 AM

អ្នក​អាន​អនាមិក

ពី ភ្នំពេញ

កម្ពុជាមានការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ កម្ពុជា​មានព្រំ​ដែន​សន្តិភាព និងការអភិវឌ្ឍ លែងបាត់បង់ទឹកដីទៀត​ហើយ​សូមអ្នកផ្តល់ជំនួយទាំងអស់ គិតពិចារណា​ឲ្យបានច្បាស់ មុនននឹងប្រគល់ប្រាក់ ឲ្យគណបក្សណាមួយ​ដែលបង្កើត​ចលនាបំផ្លាញជាតិ និងប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់​នៅក្នុងប្រទេស។

Sep 10, 2012 04:12 AM

អ្នក​អាន​អនាមិក

សង្គមកម្ពុជាបច្ចុប្បន្នបែបណា ព្រំដែនបែបណា ការអភិវឌ្ឍន៏បែបណា ការបំផ្លាញជាតិ លួចជាតិបែបណា លុយខ្ញុំរកបានដោយលំបាកបែបណា ខ្ញុំចង់ឧបត្ថម្ភបែបណា ឲ្យអ្នកណា ខ្ញុំដឹងច្បាស់ណាស់! មិនចាំបាច់លោកល្ងិតល្ងង់ឯង មកប្រាប់ ប្រៀនប្រដៅនោះទេ!!

Sep 10, 2012 09:13 PM

អ្នក​អាន​អនាមិក

រួមគ្នាបានយូរប៉ុណ្ណាទេ។ ព្រួយបារម្មណ៍ថាជាល្បែងយកបាយលាបមាត់ពពែទៀតទេ។

Sep 09, 2012 11:07 PM

ពីអ្នកជួយចូកជួយចែវ

សូមអោយរួមគ្នដោយស្មោះ លោកសមរង្សីុចូលមកគណបក្សថ្មីហើយ តែលោកកឹមសុខា ហាក់បីដូចជាខ្វះេសចក្តីក្លាហានជឿជាក់មិនទាន់ចូលមកគណបក្ីថ្មី សមាជិកបក្សជឿទុកចិត្តម្តេចបាន កុំបែកចិត្តដូចមុនៗទៀត ខ្មាស់គេណា

Sep 09, 2012 08:11 PM

អ្នក​អាន​អនាមិក

Thinking money can buy votes is not democratic idea. USA

Sep 09, 2012 10:48 AM

មើល​មតិ​ទាំង​អស់.