ការគ្រោងនឹងដាក់ពាក្យបណ្តឹងទៅតុលាការនេះ ព្រោះលោក សម រង្ស៊ី មិនបានបង់ការផាកពិន័យពីបទជេរប្រមាថលោក ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជាក្នុងសម័យឃោសនាបោះឆ្នោតអាណត្តិទី៤នេះ។
លោក ទេព នីថា មានប្រសាសន៍ដូច្នេះថា ៖ «គ.ជ.ប បានផាកពិន័យ ហើយបន្ទាប់មក ក្រុមប្រឹក្សាធម្មនុញ្ញ ក៏បានសម្រេចរក្សាការសម្រេចរបស់ គ.ជ.ប. អ៊ីចឹងទេ គឺថាក់ដើម្បីឲ្យតុលាការប្រើនីតិវិធីដើម្បីឲ្យបង់ប្រាក់ពិន័យហ្នឹង»។
សូមជម្រាបថា ការថ្លែងរបស់លោក ទេព នីថា នេះ គឺបន្ទាប់ពីរដ្ឋសភាបានបដិសេធការស្នើសុំរបស់គ.ជ.បដើម្បីឲ្យកាត់ប្រាក់បំណាច់ប្រចាំខែរបស់លោក សម រង្ស៊ី ដែលក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប បានកំណត់ឲ្យបង់នាថ្ងៃ២៣ កក្កដា ឆ្នាំ២០០៨នេះ។
លោក ទេព នីថា បានមានប្រសាសន៍បន្តថា លោក សម រង្ស៊ី ជាអ្នកតំណាងរាស្រ្ត ដូច្នេះគ.ជ.ប ត្រូវដាក់លិខិតស្នើសុំទៅរដ្ឋសភាជាមុន ហើយក្នុងករណីរដ្ឋសភាបដិសេធការស្នើសុំនោះ គឺមានតែប្រព័ន្ធតុលាការទេដែលអាចដោះស្រាយនូវបញ្ហានេះបាន។
លោក ទេព នីថា មានប្រសាសន៍បន្ថែមដូច្នេះថា ៖ «យើងមាននីតិវិធីច្បាស់លាស់ ក្នុងការអនុវត្តសេចក្ដីសម្រេចនេះ។ កន្លងមក អ្នកដែលត្រូវផាកពិន័យជាប្រជាពលរដ្ឋយើងដាក់ទៅតុលាការ តែករណីលើកនេះ ដោយសារតែគាត់ជាសមាជិកសភា បានយើងធ្វើទៅសភាតែម្ដង»។
វិទ្យុអាស៊ីសេរីបានសុំការបំភ្លឺពីលោក សម រង្ស៊ី ជុំវិញបញ្ហាខាងលើ ប៉ុន្តែលោកនៅក្រៅប្រទេស។ ហើយបានព្យាយាមទាក់ទងនឹងអគ្គលេខាធិការរងគណបក្សសមរង្ស៊ី លោកស្រី មូរ សុខហួរ និងអ្នកនាំពាក្យគណបក្សសមរង្ស៊ីគឺលោក សុន ឆ័យ ប៉ុន្តែលោកមិនលើកទូរស័ព្ទ។
រីឯមន្រ្តីច្បាប់គ.ជ.ប. គឺលោក កែវ ផល្លា បានមានប្រសាសន៍បញ្ជាក់ប្រហាក់ប្រហែលនិងលោក ទេព នីថា ដែរថា រដ្ឋសភាបានបដិសេធការស្នើសុំរបស់គ.ជ.ប. ដូច្នេះ គ.ជ.ប. ទុករឿងនេះឲ្យតុលាការដោះស្រាយតាមនីតិវិធីរបស់តុលាការវិញ ៖ «អាហ្នឹងជាសមត្ថកិច្ចរបស់តុលាការ គេដោះស្រាយតាមម៉េចទៀត អាហ្នឹងយើងមិនអាចដឹងថា តុលាការដោះស្រាយយ៉ាងម៉េចទៀត»។
សូមជម្រាបថា ក្រុមប្រឹក្សាជំនុំជម្រះនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ.ជ.ប. បានបើកសវនាការនិងប្រកាសសាលក្រមកាលពីទី២៣ ខែកក្កដា ឆ្នាំ២០០៨ ដែលគណបក្សប្រជាជនកម្ពុជា បានប្តឹងប្រធានគណបក្សសមរង្ស៊ី គឺលោក សម រង្ស៊ី ពីបទជេរប្រមាថមាក់ងាយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជានិងសម្រេចផ្តន្ទាទោសលោក សម រង្ស៊ី ឲ្យបង់ប្រាក់១លានរៀល ចូលថវិការដ្ឋ។ ប៉ុន្តែបើតាមការអះអាងរបស់អគ្គលេខាធិការគ.ជ.ប ថា សម្រាប់ការបោះឆ្នោតអាណត្តិទី៤កន្លងទៅ គឺមានអ្នកនយោបាយចំនួន៨រូបដែលត្រូវបង់ការផាកពិន័យជូនរដ្ឋក្នុងចំណោមនោះចំនួន៧រូបបានបង់ប្រាក់ពិន័យរួចហើយ លើកលែងតែលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងប៉ុណ្ណោះមិនទាន់បានបង់ប្រាក់ពិន័យនៅឡើយនោះ៕
