ស្មៀនសង្កាត់ទឹកល្អក់១ លោក ម៉ី សារ៉ាត់ មានប្រសាសន៍ថា សកម្មភាពអ្នកមកពិនិត្យបញ្ជីឈ្មោះចុងក្រោយនិងមកចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតសម្រាប់ឆ្នាំ២០០៩របស់ប្រជាជនក្នុងសង្កាត់នេះឃើញថា ពីថ្ងៃទី១ ខែតុលា មកដល់ថ្ងៃ៣ ខែតុលា មិនទាន់មកចូលរួមផុសផុសទេ។
លោកបន្តថា ៖ «ថ្ងៃសៅរ៍និងថ្ងៃអាទិត្យក្រែងលោអាចមានមនុស្សមកច្រើនកុះករ។ អ៊ីចឹងរយៈពេល២ថ្ងៃកន្លងទៅយើងចុះឈ្មោះបានតែ១៣នាក់ទេ»។
នៅឯសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោកឯណោះវិញ សំឡេងអំពាវនាវចាក់បំពងតាមឧគ្ឃោសនសព្ទឲ្យប្រជាជនទៅពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះ ដែលផលិតដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានបន្លឺតាំងពីពេលព្រលឹម។
ជួបជាមួយចៅសង្កាត់ទឹកល្អក់២ លោក សេង សារ៉ាន់ មានប្រសាសន៍ពីសកម្មភាពពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះក្នុងសង្កាត់នោះថា ៖ «សរុបមកទល់ម៉ោងនេះទើបបានប្រជាពលរដ្ឋយើងដែលគ្រប់អាយុបោះឆ្នោត និងអ្នកដែលទើបនឹងផ្លាស់ប្ដូរចូលមកក្នុងសង្កាត់ទឹកល្អក់ទី២នេះ មកចុះឈ្មោះបាន១៤នាក់»។
លោក សេង សារ៉ាន់ បានឲ្យដឹងថា តួលេខសម្រង់ឈ្មោះនិងអាយុរបស់យុវជនក្នុងសង្កាត់នេះទើបគ្រប់អាយុបោះឆ្នោតក្នុងឆ្នាំ២០០៩នឹងមានយុវជនប្រមាណ១៦៨នាក់ដែលត្រូវចុះឈ្មោះថ្មីក្នុងបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០០៩។ លោកថា ចំពោះអ្នកដែលប្តូរទីលំនៅ អ្នកដកសិទ្ធិបោះឆ្នោត អ្នកស្លាប់ ដែលនឹងត្រូវលុបឈ្មោះពីបញ្ជីបោះឆ្នោតចុងក្រោយនោះ សាលាសង្កាត់កំពុងរៀបចំទម្រង់២០២៥។
ជាមួយគ្នានោះដែរ អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា មានប្រសាសន៍ថា ដំណើរការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតឆ្នាំ២០០៩នេះ នៅទូទាំងប្រទេសមិនទាន់បានដំណើរការបានគ្រប់ការិយាល័យទាំងអស់ទេ ដោយសារបញ្ហាទឹកជំនន់បានចោទនៅខេត្តមួយចំនួន។
លោកបញ្ជាក់ពីមូលហេតុនោះដូច្នេះ ៖ «៤ករណី ទី១ នៅកោះកុងនិងនៅព្រះវិហារមាន២ឃុំដែលយើងមិនអាចដឹកសម្ភារៈសម្រាប់បម្រើការពិនិត្យបញ្ជីឈ្មោះហ្នឹងបាន ហើយទី២ នៅឃុំមួយចំនួននៅរតនគិរី មណ្ឌលគិរី យើងដឹកអីវ៉ាន់ទៅដល់ហើយ ក៏ប៉ុន្តែមិនអាចបើកដំណើរការបានដោយសារទឹកជន់ ហើយទី៣ ឃុំសង្កាត់ខ្លះទៀតនៅសៀមរាបទឹកជន់លិចសាលាឃុំ គាត់បានទៅបើកការិយាល័យចុះឈ្មោះបោះឆ្នោតនៅកន្លែងដែលមានសុវត្ថិភាព ឧទាហរណ៍នៅតាមវត្ត នៅតាមសាលារៀនដែលខុសពីសាលាឃុំសង្កាត់ ហើយទី៤ ឃុំសង្កាត់ខ្លះបានបើកការចុះឈ្មោះដែរដូចជានៅពោធិ៍សាត់ ក៏ប៉ុន្តែពុំមានអ្នកទៅចុះឈ្មោះដោយសារប្រជាពលរដ្ឋជាប់នៅក្នុងទឹកជំនន់ដែលមិនអាចចេញពីផ្ទះកើត»។
យោងតាមឯកសារពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឲ្យដឹងថា ក្នុងឆ្នាំ២០០៩ អ្នកដែលត្រូវចុះឈ្មោះថ្មីមានចំនួន៣៥១.៨៦២នាក់។ ពួកគេជាយុវជនទើបគ្រប់អាយុ១៨ឆ្នាំ អ្នកផ្លាស់ប្តូរទីលំនៅ និងអ្នកមិនដែលបានចុះឈ្មោះបោះឆ្នោតសោះ៕
