គ.ជ.ប.​អំពាវនាវ​ពលរដ្ឋ​គ្រប់​អាយុ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត

មន្ត្រី​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប.) អំពាវនាវ​ឲ្យ​ពលរដ្ឋ​ ដែល​គ្រប់​អាយុ ១៨​ឆ្នាំ​ឡើង​ទៅ ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចូលរួម​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ថ្មី ឆ្នាំ​២០១០ ចាប់​ពី​ថ្ងៃ​១ ដល់​ថ្ងៃ​២៥ ខែ​តុលា​ខាង​មុខ​នេះ។

អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ទេព នីថា មាន​ប្រសាសន៍​ដូច្នេះ នៅ​ថ្ងៃ​៧ ខែ​កញ្ញា ឆ្នាំ​២០១០ ៖ «ការងារ​សំខាន់ គឺ​អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត សុំ​មេត្តា​ទៅ​ពិនិត្យ​មើល​ឈ្មោះ​របស់​ខ្លួន ក្នុង​ករណី​មាន​ទិន្នន័យ​មិន​ត្រឹមត្រូវ គឺ​សុំ​កែ​តម្រូវ ហើយ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ដែល​ទៅ​ចុះ​ឈ្មោះ​ថ្មី អ្នក​មិន​ទាន់​បាន​ចុះ​ឈ្មោះ​ក៏​អញ្ជើញ​ទៅ​ចុះ​ឈ្មោះ។អ្នក​ដែល​ចុះ​ឈ្មោះ​នៅ​ឃុំ​សង្កាត់​ផ្សេង ក៏​សុំ​មេត្តា​រាយការណ៍​ពី​ឈ្មោះ​នៅ​ឃុំ​សង្កាត់​ចាស់ ដើម្បី​លុប​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត»

លោក ទេព នីថា បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ឆ្នាំ​២០១០ អ្នក​មាន​អាយុ​ពី ១៨​ឆ្នាំ​ឡើង ចំនួន​ជាង ៣១​ម៉ឺន​នាក់ នឹង​ត្រូវ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ថ្មី។

លោក ទេព នីថា បាន​បញ្ជាក់​ថា ៖ «តាមរយៈ​លេខាធិការដ្ឋាន​ខែត្រ រាជធានី រៀបចំ​ការ​បោះ​ឆ្នោត យើង​សុំ​ឲ្យ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ មាន​មេ​ឃុំ និង​ស្មៀន​នេះ ធ្វើ​ការ​ស្រង់​ស្ថិតិ​ប្រជា​ពលរដ្ឋ​រួម​នៅ​ក្នុង​ឃុំ​សង្កាត់​របស់​គាត់​ហ្នឹង អ្នក​ដែល​ផ្លាស់​ប្ដូរ​ទី​លំនៅ​ចេញ អ្នក​គ្រប់​អាយុ​បោះ​ឆ្នោត អ្នក​ទទួល​មរណភាព។ សំខាន់ យើង​ត្រៀម​សម្រាប់​បម្រើ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត»

លោក ទេព នីថា ឲ្យ​ដឹង​ថា ចំនួន​ការិយាល័យ​បោះ​ឆ្នោត​ឆ្នាំ​២០១០ ប៉ាន់​ប្រមាណ ១៧.៣២៣​ការិយាល័យ កើន​ឡើង ៧៨០ លើស​ឆ្នាំ​មុន ព្រោះ​តែ​កំណើន​អ្នក​ចុះ​ឈ្មោះ​ថ្មី ដែល​មាន​អាយុ​ចាប់​ពី ១៨​ឆ្នាំ​ឡើង​ទៅ។ លោក​បន្ត​ថា ចំពោះ​អ្នក​ដែល​បាន​ប្ដូរ​ទី​លំនៅ ត្រូវ​ទៅ​លុប​ឈ្មោះ​របស់​ខ្លួន​ពី​ក្នុង​បញ្ជី​បោះ​ឆ្នោត​ចាស់ ហើយ​ត្រូវ​ទៅ​សុំ​ចុះ​ឈ្មោះ​នៅ​ក្នុង​កន្លែង​ស្នាក់នៅ​ថ្មី។ លោក​ថា ការ​ទៅ​លុប​ឈ្មោះ​របស់​ខ្លួន​ពី​បញ្ជី​ចាស់​នេះ គឺ​ដើម្បី​ការពារ​តួលេខ​ប៉ោង​ឡើង​នៃ​ចំនួន​ឈ្មោះ​ស្ទួន​ក្នុង​បញ្ជី​បោះ​ឆ្នោត។

ពាក់ព័ន្ធ​ការ​អំពាវនាវ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ឲ្យ​ប្រជាជន​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នោះ ប្រជាជន​ដែល​បាន​ធ្វើ​ចំណាក​ស្រុក​ពី​ខេត្ត​កំពង់ចាម ស្រុក​ព្រៃឈរ មក​រកស៊ី និង​ស្នាក់នៅ​បណ្ដោះ​អាសន្ន​នៅ​ភ្នំពេញ លោក នួន ហេង បាន​ឲ្យ​ដឹង​ថា កាល​ពី​បោះ​ឆ្នោត​លើក​មុន គាត់​ជាប់​រវល់​មិន​អាច​ត្រឡប់​ទៅ​ស្រុក​បោះ​ឆ្នោត​ទាន់​ពេល ធ្វើ​ឲ្យ​គាត់ និង​ក្រុម​គ្រួសារ​បាត់បង់​សំឡេង​ឆ្នោត។ គាត់​ចង់​ឲ្យ គ.ជ.ប. សម្រួល​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​នៅ​កន្លែង​គាត់​កំពុង​ស្នាក់នៅ ៖ «បើ​ថា យើង​នៅ​កន្លែង​ណា រកស៊ី​កន្លែង​ណា ចុះ​ឈ្មោះ​ត្រង់​នោះ​ទៅ!»

ឆ្លើយ​តប​បញ្ហា​នេះ លោក កែវ ផល្លា ប្រធាន​នាយកដ្ឋាន​សេវាកម្ម​ច្បាប់ និង​វិវាទកម្ម​នៃ​គ.ជ.ប. បាន​ប្រាប់​ថា អ្នក​ចំណាក​ស្រុក​ទាំងឡាយ​អាច​ចុះ​ឈ្មោះ​នៅ​កន្លែង​ស្នាក់​នៅ​ថ្មី​បាន ដោយ​ត្រូវ​មាន​ឯកសារ​ដើម្បី​សុំ​ចុះ​ឈ្មោះ មាន​ដូច​ជា ៖ «បើ​ច្បាស់លាស់​ថា គាត់​ស្នាក់​នៅ​ក្នុង​ឃុំ​សង្កាត់​ណា​ហើយ គាត់​មាន​តែ​ឯកសារ​បញ្ជាក់​តែ​អត្តសញ្ញាណ ឧទាហរណ៍​ដូច​ជា​អត្តសញ្ញាណ​ប័ណ្ណ គាត់​ភ្ជាប់​តែ​ជាមួយ​លិខិត​បញ្ជាក់​ទី​លំនៅ​នោះ​ទៅ នោះ​គាត់​ចុះ​ឈ្មោះ​ថ្មី​បាន​ហើយ! គាត់​ប្រាប់​គេ​ផង​ថា គាត់​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​នៅ​ឃុំ​សង្កាត់​ណា​មួយ​រួច​ហើយ»

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) គ្រោង​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​៩ ខែ​កញ្ញា​ខាង​មុខ ដើម្បី​ផ្សព្វផ្សាយ​តារាង​ស្ថិតិ​ប្រជា​ពលរដ្ឋ​ដែល​មាន​កន្លង​មក និង​ផ្សាយ​អំពី​ចំនួន​ប៉ាន់ស្មាន​នៃ​ការិយាល័យ​បោះ​ឆ្នោត និង​ប្រាប់​ទៅ​អង្គការ​នានា​ដែល​ចង់​ចុះ​ឈ្មោះ​អ្នក​សង្កេត​ការណ៍​របស់​ខ្លួន និង​គណបក្ស​នយោបាយ​ចង់​ចុះ​ឈ្មោះ​តំណាង​របស់​គេ៕