គ.ជ.ប.​គ្រោង​បង្កើត​ច្បាប់​មិន​ឲ្យ​ទណ្ឌិត​មាន​សិទ្ធិ​ឃោសនា​បោះ​ឆ្នោត

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) គ្រោង​ស្នើ​សេចក្ដី​ព្រាង​ច្បាប់​បន្ថែម​ទាក់ទង​នឹង​ការ​ឃោសនា​របស់​គណបក្ស​នយោបាយ ដើម្បី​ការពារ​កុំ​ឲ្យ​មេ​គណបក្ស​ដែល​មាន​ឈ្មោះ​ជា​ទណ្ឌិត អាច​មាន​ឱកាស​ឃោសនា​នយោបាយ​បាន។
ដោយ វណ្ណ វិចារ
2012-07-08
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ទេព នីថា ៣០៥
អគ្គលេខាធិការ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) លោក ទេព នីថា
RFA/Sok Serey

អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ទេព នីថា នៅ​ថ្ងៃ​ទី​០៧ ខែ​កក្កដា ឲ្យ​ដឹង​ថា គ.ជ.ប. មាន​គម្រោង​ជំរុញ​ការ​បង្កើត​នីតិវិធី​បន្ថែម​ទៀត ដើម្បី​រារាំង​មិន​ឲ្យ​មេដឹកនាំ​គណបក្ស​នយោបាយ​ដែល​មាន​ទោស​មាន​សិទ្ធិ​ឃោសនា​បោះ​ឆ្នោត​អាណត្តិ​ទី​៥ នា​ពេល​ខាង​មុខ។

លោក​បន្ត​ថា គ.ជ.ប. កំពុង​តែ​សិក្សា​ពី​នីតិវិធី​មួយ​ចំនួន​ស្ដីពី​ការ​ឃោសនា​បោះ​ឆ្នោត និង​រង់ចាំ​ពេល​វេលា​បន្ថែម​ទៀត ក្នុង​ការ​សម្រេច​សេចក្ដី​ព្រាង​នេះ៖ «យើង​ស្ថិត​នៅ​លើ​ការ​ពិនិត្យ​មើល​លើ​មូលដ្ឋាន​ច្បាប់​ដែល​មាន​ជាក់ស្ដែង រៀបចំ​នីតិវិធី​នេះ​ឲ្យ​ស្រប​នឹង​ស្ថានភាព​ជាក់​ស្ដែង​ក្នុង​សង្គម​កម្ពុជា»

ទាក់ទង​បញ្ហា​នេះ​អ្នក​នយោបាយ និង​សង្គម​ស៊ីវិល​មួយ​ចំនួន​នៅ​កម្ពុជា រិះគន់​ថា គ.ជ.ប. មាន​គម្រោង​បង្កើត​ច្បាប់​នេះ ដើម្បី​សម្លាប់​ជីវិត​អ្នក​នយោបាយ ជា​ពិសេស​សំដៅ​ទៅ​លោក សម រង្ស៉ី តែម្តង ហើយ​ទង្វើ​នេះ​ធ្វើ​ឡើង​ផ្ទុយ​នឹង​ឆន្ទៈ​ប្រជាធិបតេយ្យ។

មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា ស្ថាប័ន គ.ជ.ប. មាន​គម្រោង​បង្កើត​នីតិវិធី​បន្ថែម ដើម្បី​ផ្គាប់​ចិត្ត​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ច្បាប់​ក្រោយ​នេះ​ធ្វើ​ឡើង​ដើម្បី​ប្រឆាំង​ប្រធាន​គណបក្ស សម រង្ស៉ី តែម្ដង។ លោក​អះអាង​ថា ការ​បង្កើត​ច្បាប់​ប្រឆាំង​ទណ្ឌិត​មិន​ឲ្យ​ធ្វើ​ការ​ឃោសនា​បោះ​ឆ្នោត​នេះ នឹង​មិន​ត្រូវ​បាន​អ្នក​ស្នេហា​ប្រជាធិបតេយ្យ​ស្វាគមន៍​ឡើយ។

លោក យឹម សុវណ្ណ បញ្ជាក់​ថា បំណង​កម្ចាត់​លោក សម រង្ស៉ី ចេញ​ពី​ឆាក​នយោបាយ បង្ហាញ​ថា គណបក្ស​កាន់​អំណាច​ខ្លាច​ឥទ្ធិពល​នយោបាយ​របស់​ប្រធាន​បក្ស​ប្រឆាំង៖ «គ.ជ.ប. ត្រូវ​តែ​ធ្វើ​ការងារ​ខ្លួន​ប្រកប​ដោយ​ឯករាជភាព​ដើម្បី​ធានា​ថា ការ​មាន​សេរី និង​យុត្តិធម៌ នេះ​ជា​ទង្វើ​យ៉ាង​ច្បាស់​បញ្ជាក់​ថា គណបក្ស​ប្រជាជន​ខ្លាច សម រង្ស៊ី លោក​ប្រធាន​កំពុង​តែ​ស្វះស្វែង​រក​ឥទ្ធិពល​ការទូត ដើម្បី​ឲ្យ​ត្រឡប់​មក​កម្ពុជា​វិញ»

ទន្ទឹម​នឹង​នេះ​ដែរ ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា មាន​ប្រសាសន៍​ថា ការ​បង្កើត​ច្បាប់​នៅ​កម្ពុជា ប្រៀប​ដូច​ជា​ការ​កាត់​ក្បាល​តម្រូវ​មួក បាន​ន័យ​ថា គ.ជ.ប. ធ្វើ​ច្បាប់​នេះ​ដើម្បី​កម្ចាត់​លោក សម រង្ស៊ី។

លោក​កត់​សម្គាល់​ថា កន្លង​មក​មាន​មតិ​ជា​ច្រើន​ចោទ​ថា គ.ជ.ប. បម្រើ​គណបក្ស​កាន់​អំណាច​តែ​មិន​ទាន់​មាន​ភស្តុតាង​ច្បាស់ ប៉ុន្តែ​ទង្វើ​បង្កើត​ច្បាប់​នេះ​ពិត​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា គ.ជ.ប. ធ្វើ​ការ​បម្រើ​ឲ្យ​គណបក្ស​ប្រជាជន​ប្រាកដ​មែន៖ «ជា​រឿង​មួយ​អាម៉ាស់​របស់ គ.ជ.ប. និង​បក្ស​កាន់​អំណាច​ឈ្នះ​ប៉ុណ្ណឹង ហើយ​ក៏​នៅ​តែ​តាម​ផ្ដន្ទា​គេ​ទៀត។ ជា​រឿង​នយោបាយ​សុទ្ធសាធ​ករណី​លោក សម រង្ស៉ី»

លោក កឹម សុខា បន្ត​ថា គណបក្ស​សិទ្ធិ​មនុស្ស​នឹង​មិន​នៅ​ស្ងៀម​ឡើយ​ចំពោះ​ករណី​នេះ ដោយ​លោក​គ្រោង​នឹង​ចេញ​សេចក្ដី​ថ្លែងការណ៍​រិះគន់​សេចក្ដី​ព្រាង​នោះ​ទៀត​ផង។

យ៉ាង​ណា​ក៏ដោយ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​បដិសេធ​ថា គណបក្ស​កាន់​អំណាច​មិន​ស្ថិត​នៅ​ពី​ក្រោយ​គម្រោងការ​បង្កើត​ច្បាប់​ប្រឆាំង​មេ​បក្ស​ដែល​ជា​ទណ្ឌិត​ទេ។

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ការ​អនុវត្ត​នីតិវិធី​របស់ គ.ជ.ប. ជា​ផល​ប្រយោជន៍​សកល មិន​មែន​សំដៅ​តែ​ក្រុម​ណា​មួយ ឬ​បុគ្គល​ណា​មួយ​ទេ។ លោក​បន្ត​ថា កន្លង​មក គ.ជ.ប. តែង​តែ​អនុវត្ត​ការងារ​របស់​ខ្លួន​បាន​ត្រឹមត្រូវ ប្រកប​ដោយ​តម្លាភាព ស្រប​តាម​នីតិរដ្ឋ។

លោក ផៃ ស៊ីផាន បញ្ជាក់​ថា តាម​ច្បាប់​ទណ្ឌិត​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​នយោបាយ​នោះ​ឡើយ៖ «កាល​ណា​យើង​ប្រើប្រាស់​ពាក្យ​ដើម្បី​បំផ្លាញ គ.ជ.ប. ជា​រឿង​ខុស​ក្នុង​លទ្ធិប្រជាធិបតេយ្យ ប្រជាធិបតេយ្យ សំដៅ​មតិ​ភាគ​ច្រើន»

ទោះ​ជា​យ៉ាង​នេះ​ក្ដី អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត  លោក ទេព នីថា មាន​ប្រសាសន៍​ថា គ.ជ.ប. នឹង​ត្រូវ​រៀបចំ​នីតិវិធី​នោះ​ឲ្យ​ចប់​សព្វគ្រប់​មុន​ថ្ងៃ​ឃោសនា​បោះ​ឆ្នោត​តំណាងរាស្ត្រ​ឆ្នាំ​២០១៣ ខាង​មុខ ដោយ​យក​ច្បាប់​បោះ​ឆ្នោត​ជា​មូលដ្ឋាន។

លោក ទេព នីថា បញ្ជាក់​ថា ចំពោះ​ពេល​វេលា​ជាក់លាក់​នៃ​ការ​​ចេញ​សេចក្ដី​ព្រាង​នីតិវិធី​បន្ថែម​នេះ មិន​ទាន់​បាន​កំណត់​រួច​រាល់​នៅ​ឡើយ​ទេ៖ «ច្បាប់​បាន​ហាម ពាក់ព័ន្ធ​នឹង​ការ​ឈរ​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត។ តើ​អ្នក​ទាំង​អស់​នោះ​មាន​សិទ្ធិ​ធ្វើ​ការ​ឃោសនា​បោះ​ ឆ្នោត ឬ​ក៏​អត់ ច្បាប់​មិន​សំដៅ​លើ​នរណា​ទេ សំដៅ​ទូទៅ​តែម្ដង»

ការ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី​៥ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣ ដោយ​រក្សា​ចំនួន​អាសនៈ ១២៣ ដូច​អាណត្តិ​ទី​៤​ដែរ។ បើ​សិន​ជា​សេចក្ដី​ព្រាង​ហាម​ឃាត់​ទណ្ឌិត​មិន​ឲ្យ​ចូល​រួម​ឃោសនា​ក្លាយ​ជា​ច្បាប់​មែន​នោះ បាន​ន័យ​ថា លោក សម រង្ស៉ី មិន​អាច​ឃោសនា​តាម​រយៈ​បច្ចេកវិទ្យា វីដេអូ ផ្សាយ​ផ្ទាល់ (Video Conference) បាន​ដូច​មុន​ទេ។

ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​អង្គការ និកហ្វិច (NICFEC) លោក​បណ្ឌិត ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា លោក​មិន​គាំទ្រ​ចំពោះ​ការ​រៀបចំ​ច្បាប់​ដែល​រៀបចំ​ឡើង​សំដៅ​គោលដៅ​នយោបាយ​ឡើយ។

លោក​ពន្យល់​ថា មិន​ជា​ការ​ចាំបាច់​ទេ​ចំពោះ​ការ​រៀបចំ​នីតិវិធី​ថ្មី​សំដៅ​រារាំង​ទណ្ឌិត​មិន​ឲ្យ​ឃោសនា​​បោះ​ឆ្នោត​នោះ៖ «បើ​សិន​ជា​សិក្សា​ច្បាប់​នៅ​ប្រទេស​ផ្សេង ដូច​ជា​នៅ​ថៃ ថាក់ស៊ីន តុលាការ​កាត់​ទោស​ហើយ​នៅ​តែ​អាច​ជួប​អ្នក​គាំទ្រ​ខ្លួន​តាម​វីដេអូ ខនហ្វើរិន ដូច​នេះ​វា​មិន​ចាំបាច់​មាន​នីតិវិធី​បន្ថែម​នេះ​ទេ»

ប្រធាន​គណបក្ស​ប្រឆាំង សម រង្ស៉ី លោក សម រង្ស៉ី បាន​និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​បន្ទាប់​ពី​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម កាល​ពី​ឆ្នាំ​២០១០ នៅ​ខេត្ត​ស្វាយរៀង។

សាលាឧទ្ធរណ៍​នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១១ បាន​សម្រេច​​ផ្តន្ទា​ទោស​​កំបាំង​មុខ​​លោក សម រង្ស៊ី ដោយ​​បន្ថយ​ទោស​​ដាក់​​ពន្ធនាគារ​ពី ១០​ឆ្នាំ មក​​ត្រឹម ៧​​ឆ្នាំ និង​​ពិន័យ​​ជា​​ប្រាក់​​សរុប​​ចំនួន​ ៦៣​លាន​​រៀល​ ពី​​បទ​​ក្លែង​បន្លំ​​ឯកសារ​​ផែនទី​​ព្រំដែន​​កម្ពុជា-​វៀតណាម និង​បទ​​ញុះញង់ មាន​ន័យ​ថា លោក សម រង្ស៉ី ក្លាយ​ជា​ទណ្ឌិត។

រាល់​ការ​ជួបជុំ​សមាជិក​ម្តងៗ ជា​ពិសេស​ពេល​ឃោសនា​បោះ​ឆ្នោត​ឃុំ​សង្កាត់ អាណត្តិ​ទី​៣ កន្លង​ទៅ លោក សម រង្ស៉ី តែង​ប្រើប្រាស់​ប្រព័ន្ធ​ទំនាក់​ទំនង​អេឡិចត្រូនិក វីដេអូ ខនហ្វើរិន ដើម្បី​ទាក់ទង​ទៅ​កាន់​សមាជិក​របស់​ខ្លួន។

ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ មាត្រា​ទី​៣៤ ថ្មី​ចែង​ថា ចំពោះ​ជន​ណា​ដែល​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​បទ​ឧក្រិដ្ឋ ឬ​បទមជ្ឈិម ហើយ​មិន​ទាន់​មាន​នីតិសម្បទា​ឡើង​វិញ គឺ​គ្មាន​សិទ្ធិ​ឈរ​ឈ្មោះ​ជា​បេក្ខភាព​តំណាងរាស្ត្រ​បាន​ទេ។ ចំពោះ​ការ​ឃោសនា​បោះ​ឆ្នោត​វិញ មិន​ទាន់​មាន​ច្បាប់​ណា​មួយ​ហាម​ប្រាម​ចំពោះ​នីតិបុគ្គល ឬ​ទណ្ឌិត​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

គ.ជ.ប គឺជាផ្នែកមួយរបស់គណបក្សប្រជាជនតែប៉ុណ្ណោះ។ វាច្បាស់ក្រឡែតដែលច្បាប់នេះសំដៅទៅលើ សមរង្សី ដែលជាបន្តបន្ទាប់ គេរកវិធីដើម្បីកំចាត់គាត់។ ដូចជាគ្មានហេតុផលអ្វីដែលត្រូវបង្កើតច្បាប់នេះទាល់តែសោះ។

Jul 09, 2012 02:20 PM

មករា

ពី phnom penh

ពួកនេះម៉ាថ្ងៃៗគ្មានគិតអីទេមើលទៅ គិតតែរិះរកវិធីណា
ដើម្បីកំចាត់លោកសមរង្ស៊ី។ ដូចសំដី កឹមសុខា និយាយ
ចឹង គណបក្សប្រជាជនជាប់ឆ្នោតប៉ុណ្ណឹងហើយ នៅចង់
កំចាត់គេចោលទៀត ទើបអស់ចិត្តរឺយ៉ាងម៉េច???

Jul 09, 2012 06:21 AM

ខ្មែរត្រូវតែជួយខ្មែរ!

I think we don't need to spend much money and resources to do promotion but all parties should think smart to use all those resources to develop in the community it would be better. You all just promote about your parties but you never shows what kinds and how many products and services that your parties have for your people/supporters. If Samrangsey want to get more supporter again should appoint Ms. Muo Sokhuor to be the president of the party because she is really brave to face the dangerous thing in Cambodia and she never run away from her people.

Jul 08, 2012 11:24 PM

(

ទេព នីថា មិនគិតរិះរកមធ្យោបាយកែទម្រង់គ.ជ.ប អោយមានឯករាជភាព ដើម្បីអោយការបោះឆ្នោតមានភាពត្រឹមត្រូវ និងយុត្តិធម៌ទេ! បែរជាខំប្រឹងធ្វើច្បាប់បំពេញបំណងបក្យប្រជាជនទៅវិញ ទេព និថា ប្រហែលមួយថ្ងៃមួយថ្ងៃ ខំអង្គុយរិះគិតរកមធ្យោបាយកំចាត់លោកសម រង្សី ដើម្បីបានធ្វើធំ...!

Jul 08, 2012 11:18 PM

កូនខ្មែរ

ពី កំពងចាម

ប្រទេសកម្ពុជាជាប្រទេសប្រជាធិបតយ្យ​ តែសព្វថ្ងៃបែរជាចង់ងាកទៅរកពួកផ្តាចការទៅវិញ ។

Jul 08, 2012 09:45 PM

មើល​មតិ​ទាំង​អស់.