មន្ត្រី​គ.ជ.ប​បដិសេធ​មិន​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​បក្ស​ប្រឆាំង

គណបក្ស​ប្រឆាំង​ចំនួន ២ បាន​ដាក់​លិខិត​ស្នើ​សុំ​ទៅ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ដើម្បី​ជួប​ផ្ដល់​យោបល់ និង​អនុសាសន៍ លើ​សេចក្ដី​ព្រាង​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ក៏​ប៉ុន្តែ​មន្ត្រី គ.ជ.ប បដិសេធ​មិន​ព្រម​ជួប។

0:00 / 0:00

ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បដិសេធ​មិន​ជួប​ប្រតិភូ​តំណាង​មក​ពី​គណបក្ស​ប្រឆាំង ដើម្បី​ពិភាក្សា​ផ្ដល់​យោបល់​លើ​សេចក្ដី​ព្រាង​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ថ្មី ហើយ​បាន​បង្វែរ​ឲ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ​ទាំង​អស់ ដែល​មាន​ចេតនា​ចង់​ផ្ដល់​អនុសាសន៍​លើ​សេចក្ដី​ព្រាង​នោះ គួរ​សរសេរ​ជា​លាយលក្ខណ៍អក្សរ​ផ្ញើ​មក គ.ជ.ប ជំនួស​វិញ។

លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៦ ខែ​មករា ដោយ​ពន្យល់​ថា គ.ជ.ប បាន​បញ្ជូន​សេចក្ដី​ព្រាង​បទបញ្ជា និង​នីតិវិធី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ រួម​មាន​អង្គការ​សង្គម​ស៊ីវិល និង​ខាង​គណបក្ស​នយោបាយ។ ក្នុង​លក្ខខណ្ឌ​ភាគី​ពាក់ព័ន្ធ​មាន​បំណង​ចង់​ផ្ដល់​អនុសាសន៍ គ.ជ.ប ស្វាគមន៍ និង​ស្នើ​សុំ​ឲ្យ​សរសេរ​ជា​លិខិត​ដោយ​ភ្ជាប់​នូវ​អនុសាសន៍​ទាំង​នោះ ដើម្បី​ឲ្យ​ខាង គ.ជ.ប ពិនិត្យ និង​ពិចារណា។

លោក​បញ្ជាក់​ថា មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ មិន​ទាន់​ដល់​ពេល​វេលា​សមគួរ​ដើម្បី​ជួប​ពិភាក្សា​ជាមួយ គ.ជ.ប លើ​បញ្ហា​នេះ​នៅ​ឡើយ​ទេ ដោយ​ទុក​ពេល​វេលា​ឲ្យ​ភាគី​ទាំង​នោះ​ពិនិត្យ​លើ​សេចក្ដី​ព្រាង​នីតិវិធី​នោះ​ឲ្យ​បាន​ល្អិតល្អន់​ជា​មុន រហូត​មាន​ការ​កោះ​ហៅ​ជា​ផ្លូវការ​ពី គ.ជ.ប ឲ្យ​ពិភាក្សា​ពី​បញ្ហា​នេះ​ក្រោយ​ថ្ងៃ​អសុពលភាព​នៃ​ការ​ដាក់​ឲ្យ​ត្រួតពិនិត្យ ដែល​នឹង​បញ្ចប់​ទៅ​នៅ​ថ្ងៃ​ទី​២៤ ខែ​មករា ខាង​មុខ។

លោក ទេព នីថា៖ «គាត់​ចង់​កែ​តម្រូវ សូម​ជូន​លិខិត​ស្នាម​មក​ជា​ផ្លូវការ គាត់​ចង់​កែ​ស្អី​ខ្លះ​ទៅ​តាម​សំណើ​របស់ គ.ជ.ប ហើយ​នៅ​ពេល​ចប់​រយៈពេល​យើង​ទទួល​អនុសាសន៍​នៅ​ថ្ងៃ​ទី​២៤ ខែ​មករា យើង​នឹង​ពិនិត្យ​លើ​អនុសាសន៍​ទាំង​អស់​នោះ​ដាក់​ជូន គ.ជ.ប ពិនិត្យ ហើយ​បន្ទាប់​ពី គ.ជ.ប មាន​យោបល់​យ៉ាង​ណា ទើប​យើង​បាន​ជួប​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ដើម្បី​ឲ្យ​គាត់​លើក​ពី​អនុសាសន៍​របស់​គាត់ និង​ការ​បកស្រាយ​របស់ គ.ជ.ប វិញ»

ការ​បដិសេធ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស បាន​ផ្ញើ​លិខិត​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មករា ស្នើ​សុំ​ទៅ​លោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប អនុញ្ញាត​ឲ្យ​ប្រតិភូ​តំណាង​គណបក្ស​ទាំង ២ ជួប​ទៅ​ថ្ងៃ​ទី​២១ ខែ​មករា ដើម្បី​ផ្ដល់​យោបល់​លើ​សេចក្ដី​ព្រាង​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥។

ក្នុង​លិខិត​របស់​គណបក្ស​ទាំង​ពីរ​បង្ហាញ​ថា ក្នុង​សេចក្ដី​ព្រាង​នីតិវិធី​នោះ​មាន​ចំណុច​ខ្វះខាត​ជា​ច្រើន​អំពី​យន្តការ និង​ដំណើរ​ការ​រៀបចំ​ការ​បោះ​ឆ្នោត ដែល​នឹង​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​មិន​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ក្នុង​គោលការណ៍​ស្មើភាព​ដល់​គ្រប់​គណបក្ស​នយោបាយ ដែល​ចូល​រួម​ប្រកួតប្រជែង​ក្នុង​ការ​បោះ​ឆ្នោត។

ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា យល់​ឃើញ​ថា ការ​បដិសេធ​មិន​ជួប​របស់​ប្រធាន គ.ជ.ប គឺ​ចេតនា​មិន​ទទួល​យក​ព័ត៌មាន​ពិគ្រោះ​យោបល់​តាម​គោលការណ៍​ប្រជាធិបតេយ្យ។

លោក​បន្ត​ថា ការ​សរសេរ​លិខិត​ផ្តល់​អនុសាសន៍​កន្លង​មក​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ ទើប​ខាង​គណបក្ស​ប្រឆាំង​មាន​ចេតនា​ចង់​ជួប​ជជែក​គ្នា​ពី​ការ​ផ្តល់​អនុសាសន៍​វិញ​ម្តង៖ «គ្រាន់​តែ​សរសេរ​លិខិត​មួយ​ចោល​យក​ទៅ​ហ្នឹង​វា​ឥត​ន័យ​ស្អី​ទេ ព្រោះ​យើង​អត់​បាន​ជជែក​គ្នា​វែក​ញែក​គ្នា​ថា ហេតុ​ម៉េច​បាន​ជា​យើង​ស្នើ​អ៊ីចេះ ហើយ​ខាង​ណោះ​ឆ្លើយ​មក​វិញ​ថា​ហេតុ​ម៉េច​បាន​ទទួល​បាន​អា​នោះ​ជា​ការ​ល្អ»

មន្រ្តី គ.ជ.ប បញ្ជាក់​ថា បច្ចុប្បន្ន គ.ជ.ប បាន​ទទួល​អនុសាសន៍​មួយ​ចំនួន​ពី​អង្គការ​សង្គម​ស៊ីវិល។ ភាគ​ច្រើន​នៃ​អនុសាសន៍​ដែល​ផ្ដល់​មក គ.ជ.ប ពិនិត្យ​មើល​ថា ច្រើន​តែ​ហួស​ការ​កំណត់​នៃ​ច្បាប់​បោះ​ឆ្នោត។ ជាក់ស្ដែង​លើ​ករណី​ច្បាប់​តម្រូវ​ឲ្យ​ការិយាល័យ​បោះ​ឆ្នោត​ត្រូវ​ស្ថិត​ក្នុង​បរិវេណ ឬ​ក្នុង​បន្ទប់​មួយ ប៉ុន្តែ​សំណើ ឬ​អនុសាសន៍​បែរ​ជា​ចង់​ឲ្យ​បំបែក​ការិយាល័យ​បោះ​ឆ្នោត​ចែក​ចេញ​ជា​ពីរ ដោយ​តម្រូវ​ឲ្យ​អ្នក​ចែក​សន្លឹក​ឆ្នោត​នៅ​ខាង​ក្រៅ និង​ហិប​បោះ​ឆ្នោត​នៅ​ក្នុង​បន្ទប់។ ការ​ស្នើ​សុំ​ដោយ​គ្មាន​មូលដ្ឋាន​ខាង​ផ្នែក​ច្បាប់​បែប​នេះ ខាង គ.ជ.ប មិន​អាច​យក​មក​អនុវត្ត​បាន​ទេ។

បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ផ្លូវ​ការ​សម្រាប់​បម្រើ​ឲ្យ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥ ឆ្នាំ​២០១៣ មាន​អ្នក​បោះ​ឆ្នោត​ចំនួន​ជាង ៩​លាន​នាក់ (៩.៦៧៥.៤៥៣)។ ការ​បោះ​ឆ្នោត​សភា​នីតិកាល​ទី​៥ មាន​ការិយាល័យ​បោះ​ឆ្នោត​សរុប​ចំនួន ១៩.០០៩ ការិយាល័យ​ទូទាំង​ប្រទេស។

ការ​បោះ​ឆ្នោត​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។ ការ​បោះ​ឆ្នោត​នេះ មន្ត្រី​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល បាន​ជំរុញ​ឲ្យ​មន្ត្រី​ដឹកនាំ​ស្ថាប័ន គ.ជ.ប ត្រូវ​អនុវត្ត​ច្បាប់​បោះ​ឆ្នោត​ឲ្យ​បាន​ស្មើ​ភាព​រវាង​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។