បក្ស សម រង្ស៊ី​ ស្នើ គ.ជ.ប លុប​បញ្ជី​ឈ្មោះ​បោះឆ្នោត​ចាស់​ចោល

សមាជិក​សភា​មក​ពី​គណបក្ស សម រង្ស៊ី បាន​អះអាង​ថា បញ្ជី​ឈ្មោះ​បោះ​ឆ្នោត ឆ្នាំ ២០១០ កើត​មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន និង​ទាមទារ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ឬ គ.ជ.ប លុប​ចោល​បញ្ជី​បោះឆ្នោត​ឆ្នាំ ២០១០ និង​ត្រូវ​បង្កើត​បញ្ជី​ឈ្មោះ​ថ្មី។

ការ​ស្នើសុំ​លុប​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឆ្នាំ ២០១០ មន្ត្រី​បក្ស​ប្រឆាំង​យល់​ថា មាន​ឈ្មោះ​ស្ទួន​រាប់​សិប​ម៉ឺន​នាក់ ដែល គ.ជ.ប មិន​បាន​លុប​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ ២០១០។

នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី ១៥ ខែ​កក្កដា លោក គួយ ប៊ុនរឿន សមាជិក​សភា​មក​ពី​គណបក្ស សម រង្ស៊ី មាន​ប្រសាសន៍​ក្នុង​សន្និសីទ​កាសែត នា​ទីស្ដីការ​គណៈកម្មាធិការ​បោះឆ្នោត​ជាតិ ហៅ​កាត់​ថា គ.ជ.ប បាន​ទទូច​ស្នើសុំ​ទៅ​ថ្នាក់​ដឹកនាំ គ.ជ.ប ឲ្យ​បង្កើត​បញ្ជី​ឈ្មោះ​ថ្មី​ឡើង​វិញ​នៅ​ឆ្នាំ ២០១១ ដើម្បី​ឲ្យ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ នៅ​ឆ្នាំ ២០១២ ខាង​មុខ​មាន​ភាព​ប្រសើរ។

លោក គួយ ប៊ុនរឿន មាន​ប្រសាសន៍​បន្ថែម ៖ «បញ្ជី​បោះឆ្នោត​របស់​យើង​បច្ចុប្បន្ន​នេះ មិន​មាន​សុចរិត​ភាព និង​មិន​មាន​តម្លាភាព​នោះ​ទេ។ ឈ្មោះ​​ប៉ោង​នៅ​តែ​ដដែល​ច្រើន​ណាស់។ អ៊ីចឹង​ថ្ងៃ​នេះ ចង់​សួរ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថា តើ​មាន​យន្តការ​ទេ​ក្នុង​ការ​សំអាត​បញ្ជី​ឲ្យ​បាន​ស្អាត ថា​មាន​ប៉ុន្មាន​ម៉ឺន​នាក់ តាម​របាយការណ៍​លើក​មុន គឺ​ថា​មិន​តិច​ជាង ៤០ ម៉ឺន​នាក់​ទេ អ្នក​ដែល​មាន​ឈ្មោះ​ស្ទួន​នៅ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត»។

បន្ថែម​លើ​នេះ សមាជិក​សភា​បក្ស សម រង្ស៊ី ក៏​បាន​ស្នើ​ទៅ គ.ជ.ប និង​ក្រសួង​មហាផ្ទៃ ឱ្យ​ពន្លឿន​សកម្មភាព​ផ្ដល់​ជូន​ឯកសារ​ជូន​ពលរដ្ឋ ដែល​កាន់​អត្តសញ្ញាណប័ណ្ណ​ផុត​កំណត់​ប្រើប្រាស់​ហើយ​បាន​ស្នើសុំ​បន្ត​សុពលភាព ឬ​ពន្យារ​ពេល ធ្វើ​យ៉ាង​ណា​ឲ្យ​ក្រសួង​មហាផ្ទៃ ឬ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ផ្ដល់​ជូន​ពលរដ្ឋ​ឲ្យ​បាន​ឆាប់។

ឆ្លើយ​តប​មន្ត្រី​បក្ស​ប្រឆាំង លោក អ៊ឹម សួស្ដី ប្រធាន គ.ជ.ប មាន​ប្រតិកម្ម​ថា មិន​មាន​ឈ្មោះ​ស្ទួន​រហូត​ដល់​រាប់​សិប​ម៉ឺន​នាក់​មាន​នៅ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ឆ្នាំ ២០១០ ដូច​មន្ត្រី​បក្ស​ប្រឆាំង​លើក​ឡើង​នោះ​ទេ។

លោក​បន្ត​ថា ចំពោះ​ការ​លុប​ឈ្មោះ​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ណា​ម្នាក់​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត លោក អ៊ឹម សួស្ដី បញ្ជាក់​ថា មិនមែន គ.ជ.ប នឹក​ឃើញ​លុប​ក៏​លុប​តាម​ទំនើង​ចិត្ត​នោះ​ទេ គឺ​ទាមទារ​ឲ្យ​មាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បាន​ច្បាស់លាស់ ដើម្បី​ជៀសវាង​ការ​បាត់​ឈ្មោះ​ពលរដ្ឋ​មាន​សិទ្ធិ​បោះឆ្នោត​ពី​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត។

លោក អ៊ឹម សួស្ដី ៖ «ឥឡូវ​នេះ​យើង​ខំ​ពង្រឹង​ការ​លុប​ឈ្មោះ ហើយ​ការ​លុប​ឈ្មោះ​នេះ វា​ទាមទារ​ឯកសារ។ តែ​បើ​អត់​ឯកសារ​គឺ​លុប​មិន​បាន​ទេ។ ដូច្នេះ ឈ្មោះ​វា​អាច​មាន​ប៉ោង​ខ្លះ​ហើយ។ វា​ប៉ោង​ខ្លះ​វា​ប្រសើរ​ជាង​ការ​លុប​ច្រឡំ​ឈ្មោះ​របស់​គេ។ ឥឡូវ​យើង​ធ្វើ​ការ​ជ្រើសរើស​ទៅ ឬ​មួយ​ត្រូវ​លុប​ធ្វើ​ឲ្យ​ប៉ះ​ឈ្មោះ​របស់​គេ ឬ​មួយ​ត្រូវ​ទុក​ឲ្យ​វា​ប៉ោង តើ​យើង​រើស​ផ្លូវ​ណា គឺ​ត្រូវ​ទុក​ឈ្មោះ​ហ្នឹង​សិន​ហើយ ជៀសវាង​យើង​លុប​ទៅ​ប៉ះ​ឈ្មោះ​របស់​គេ ឬ​បាត់​ឈ្មោះ​របស់​គេ»។

លោក អ៊ឹម សួស្ដី ទទួល​ស្គាល់​ថា បើ​ទោះ​ជា​ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ជា​រៀងរាល់​ឆ្នាំ គ.ជ.ប ធ្វើ​មិន​បាន​ល្អ​មួយ​រយ​ភាគ​រយ​ក៏​ពិត​មែន ក៏​ប៉ុន្តែ សកម្មភាព​នេះ មិន​អាក្រក់​ដូច​សមាជិក​សភា​មក​ពី​គណបក្ស សម រង្ស៊ី លើក​ឡើង​នោះ​ទេ។

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ មន្ត្រី​សង្គម​ស៊ីវិល​ធ្វើ​ការ​ពាក់ព័ន្ធ​ការងារ​បោះឆ្នោត​មួយ​ចំនួន​នៅ​កម្ពុជា ក៏​បាន​អះអាង​ដូចៗ គ្នា​ថា ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត ឬ​ក៏​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត គ.ជ.ប ធ្វើ​មិន​ទាន់​បាន​ល្អ​នោះ​ទេ ជា​ពិសេស​បាន​បង្ក​ផល​លំបាក​ដល់​ពលរដ្ឋ ដែល​បាន​ផ្លាស់​ប្ដូរ​លំនៅ មិន​អាច​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន ដោយ​មន្ត្រី​ចុះ​បោះឆ្នោត​បាន​សួរ​នាំ​រក​ឯកសារ​មាន​ភាព​សាំញ៉ាំ ដែល​នាំ​ឲ្យ​ពលរដ្ឋ​ភាគ​ច្រើន​ខកខាន​មិន​បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា។

មន្ត្រី គ.ជ.ប បាន​ឲ្យ​ដឹង​ថា ការ​ពិនិត្យ និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ ២០១១ នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា​តទៅ។ រី​ឯ​ការ​បោះឆ្នោត​រើស​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ ២០១២។

រីឯ​ការ​បោះឆ្នោត​រើស​សមាជិក​ព្រឹទ្ធសភា នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ២៩ ខែ​មករា ឆ្នាំ ២០១២ និង​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​នីតិកាល​ទី ៥ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ២៨ ខែ​កក្កដា ឆ្នាំ ២០១៣៕