ការចរចា​ពី​បញ្ហា​ព្រំដែន​ជាមួយ​ថៃ​ត្រូវ​ជាប់​គាំង​សា​ជា​ថ្មី

មន្រ្តី​រដ្ឋាភិបាល​ខ្មែរ​បាន​ថ្លែង​ថា ការចរចា​អំពី​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​ត្រូវ​បាន​ជាប់​គាំង​ជា​ថ្មី​ទៀត បន្ទាប់​ពី​ថៃ​ជួប​វិបត្តិ​នយោបាយ​គ្មាន​រដ្ឋាភិបាល​ច្បាស់លាស់ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​មន្រ្តី​ទាំងឡាយ​បាន​និយាយ​ថា មិន​មាន​បញ្ហា​យោធា​អាក្រក់​បាន​កើត​ឡើង​ឡើយ​នៅ​តាម​ព្រំដែន​នា​ពេល​នេះ។

0:00 / 0:00

លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្រ្តី បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​នេះ​គេ​មិន​អាច​និយាយ​អ្វី​បាន​ច្បាស់លាស់​អំពី​ពេល​វេលា​ក្នុង​ការចរចា​អំពី​បញ្ហា​ព្រំដែន​ជាមួយ​នឹង​ប្រទេស​ថៃ​នោះ​ឡើយ។

លោក ផៃ ស៊ីផាន បាន​ឲ្យ​ដឹង​ថា ៖ «សមត្ថកិច្ច​ក្នុង​ការតំណាង​ហ្នឹង​គឺ​ត្រូវ​រអាក់រអួល គឺ​ដោយសារ​រាជ​រដ្ឋាភិបាល​ថៃ​ជួប​នឹង​ឧបសគ្គ​ផ្លាស់​ប្ដូរ​នាយក​រដ្ឋមន្ត្រី។ ការជ្រើសរើស​នាយក​រដ្ឋមន្ត្រី​ថ្មី​នេះ​ហើយ​ដែល​ជា​ឧបសគ្គ»

លោក ផៃ ស៊ីផាន ក៏​បាន​ថ្លែង​ដែរ​ថា ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​នៅ​ពេល​នេះ​មិន​មាន​ការប្រឈម​មុខ​ផ្នែក​យោធា​ណា​មួយ​បាន​កើត​ឡើង​នៅ​តាម​ព្រំដែន​នោះ​ទេ។

លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ថា ៖ «មិន​មាន​អី​ចាប់អារម្មណ៍ ក្រៅ​ពី​យើង​ឃើញ​មាន​ការសម្រប​សម្រួល​បន្ទាប់​ពី​ប្រជុំ​នៅ​សៀមរាប​កន្លង​ទៅ​នេះ»

គួរ​បញ្ជាក់​ថា កិច្ច​ចរចា​រវាង​ប្រទេស​កម្ពុជា​និង​ថៃ​ទាក់ទង​ទៅ​នឹង​ទំនាស់​ព្រំដែន​បាន​កើត​មាន​ឡើង​ក្រោយ​ពី​មាន​កងទ័ព​ថៃ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​ចូល​លុកលុយ​ប្រទេស​កម្ពុជា​នៅ​តំបន់​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា​កន្លង​ទៅ​នេះ និង​តំបន់​ផ្សេងៗ​ទៀត​ជា​ច្រើន​កន្លែង​នៅ​តាម​ព្រំដែន​ជា​បន្ត​បន្ទាប់ ដែល​បញ្ហា​នេះ​បាន​បង្កើត​ឲ្យ​មាន​ការប្រឈម​មុខ​ដាក់​គ្នា​ផ្នែក​យោធា និង​រហូត​ដល់​មាន​ការវាយ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ប្រទេស​ទាំង​ពីរ​ដែល​បណ្តាល​ឲ្យ​ស្លាប់​និង​របួស​មនុស្ស​ជា​ច្រើន​នាក់ កាលពី​ថ្ងៃ​ទី​១៥ ខែ​តុលា​កន្លង​ទៅ។

នៅ​ក្នុង​រឿង​នេះ​ដែរ ថ្វី​ត្បិត​តែ​មាន​ការចរចា​ជា​ច្រើន​លើក​រវាង​មន្រ្តី​ប្រទេស​ទាំង​ពីរ ប៉ុន្តែ​នៅ​មិន​ទាន់​បាន​សម្រេច​ការព្រមព្រៀង​គ្នា​ក្នុង​ការដក​កងទ័ព​ទាំង​ស្រុង​ចេញ​ពី​តំបន់​ព្រំដែន​ប្រទេស​ទាំង​ពីរ និង​ធ្វើ​ឲ្យ​ស្ថានភាព​វិល​ទៅ​រក​ភាព​ប្រក្រតី​ដូច​មុន​ថ្ងៃ​ទី​១៥ កក្កដា​នោះ​នៅ​ឡើយ​ទេ។ ហើយ​គម្រោងការ​ចរចា​ជាមួយ​ប្រទេស​ថៃ​នៅ​ខែ​ធ្នូ​នេះ​ក៏​ត្រូវ​បាន​លុប​ចោល​ជា​ថ្មី​ទៀត​ដោយសារ​តែ​សភាពការណ៍​នយោបាយ​នៅ​ប្រទេស​ថៃ។

នៅ​ពេល​នេះ​លោក​នាយក​រដ្ឋមន្រ្តី ស៊ុមឆៃ វង់សាវ៉ាត់ ដែល​ទើបតែ​ចូល​កាន់​តំណែង​បាន​ប៉ុន្មាន​ខែ​ឥឡូវ​នេះ​ត្រូវ​បាន​ទម្លាក់​ពី​តំណែង​ដោយ​ស្វ័យប្រវត្តិ​ទៅ​ហើយ ដោយសារ​តែ​តុលាការ​ធម្មនុញ្ញ​ថៃ​បាន​សម្រេច​រំលាយ​គណបក្ស​របស់​លោក និង​គណបក្ស​ពីរ​ផ្សេង​ទៀត​ដែល​ជា​ដៃគូ​ក្នុង​រដ្ឋាភិបាល​កាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ។

លោក ខៀវ កាញារីទ្ធ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ខ្មែរ​បាន​ថ្លែង​ថា ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ការបញ្ចៀស​នូវ​សង្រ្គាម​រវាង​ប្រទេស​ទាំង​ពីរ​អំពី​បញ្ហា​ព្រំដែន​នោះ​គឺ​ជា​រឿង​ដ៏​ល្អ។

លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​ថា ៖ «ព្រះវិហារ ខ្ញុំ​និយាយ​ម្ដង​ហើយ​ថា ការពារ​ព្រំដែន​ជា​បញ្ហា​ផ្ទៃ​ប្រទេស​ទេ​ដំបូង ប៉ុន្តែ​អាស្រ័យ​ដោយ​គណបក្ស​ប្រឆាំង​ថៃ​ជំរុញ​រឿង​នេះ​ទៅ​ជា​រឿង​នយោបាយ អ៊ីចឹង​គិត​ថា​វា​អាច​យូរ​បន្តិច​ហើយ។ ដូច​ខ្ញុំ​បាន​និយាយ​អ៊ីចឹង បញ្ហា​នេះ​វា​១០០​ឆ្នាំ​ហើយ អ៊ីចឹង​មួយ​ឆ្នាំ​ពីរ​ក៏​ទុក​អ៊ីចឹង​សិន​ចុះ សំខាន់​គឺ​ចៀសផុត​អំពី​ការប្រឈម​មុខ​ដោយ​អាវុធ»