ការ​ចរចា​រវាង​ថៅកែ​សណ្ឋាគារ​និង​មេ​សហជីព​បរាជ័យ

សហជីព​កម្មករ​នៅ​ខេត្ត​សៀមរាប បាន​ព្រមាន​ថា ពួកគេ​នឹង​បន្ត​ធ្វើ​កូដកម្ម​តទៅ​ទៀត ដើម្បី​ដាក់​សម្ពាធ​ឱ្យ​ថៅកែ​​​គោរព​ទៅ​តាម​ច្បាប់​ការងារ​របស់​ប្រទេស​កម្ពុជា។

ការ​ព្រមាន​ពី​ក្រុម​កម្មករ​បែប​នេះ បន្ទាប់​ពី​ការ​ជួប​ចរចា​រវាង​ក្រុម​សហជីព​កម្មករ និង​ម្ចាស់​សណ្ឋាគារ​​អង្គរ​វីលេក បូតានិកខល រីសត (Angkor Village Botanical resort ) ដោយ​មាន​អភិបាល​ក្រុង​សៀមរាប មន្ត្រី​មន្ទីរ​ការងារ ស្នងការ​នគរបាល និង​ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ជា​អ្នក​ផ្សះផ្សា​ផង កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៨ ខែ​តុលា បាន​បរាជ័យ​ម្តង​ទៀត។

ថៅកែ​សណ្ឋារ​អង្គរ វីលេក បូតានិកខល រីសត និង​សណ្ឋាគារ​អង្គរ​វិលេក (Angkor Village hotel) នៅ​តែ​ប្រកាន់​ជំហរ​រឹងត្អឹង មិន​សុខចិត្ត​ទទួល​យក​បុគ្គលិក និង​កម្មករ​ចំនួន ៦៧​នាក់ ដែល​គេ​បាន​បញ្ឈប់​ពី​ការងារ​ដោយសារ​តែ​ការ​បង្កើត​សហជីព​នោះ ​ឱ្យ​ចូល​ធ្វើ​ការ​វិញ​ទេ។

អ្នកស្រី ទេព វត្ថូ ជា​ម្ចាស់​សណ្ឋាគារ​អង្គរ វីលេក បូតានិកខល រីសត និង​សណ្ឋាគារ​អង្គរ វីលេក នៅ​ក្នុង​ខេត្ត​សៀមរាប។ អ្នកស្រី​មានប្រសាសន៍​បង្ហាញ​ពី​ជំហរ​ បន្ទាប់​ពី​បញ្ចប់​ការ​ជួប​ចរចា​ជាមួយ​តំណាង​សហជីព​កម្មករ​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​សាលា​ក្រុង​សៀមរាប​ថា សណ្ឋាគារ​របស់​អ្នកស្រី​មិន​អាច​ទទួល​យក​បុគ្គលិក​កម្មករ​ទាំង​អស់​ដែល​បាន​បង្កើត​សហជីព​នៅ​ក្នុង​កន្លែង​ធ្វើការ​នោះ​បាន​ទេ។

ថៅកែ​ដដែល​​បាន​មាន​ប្រសាសន៍​ថា សណ្ឋាគារ​សុខចិត្ត​ទូទាត់​ប្រាក់​សំណង​ទៅ​ឱ្យ​បុគ្គលិក និង​កម្មករ ៦៧​នាក់ ជំនួស​ការ​ទទួល​យក​អ្នក​ទាំង​នោះ​មក​ចូល​ធ្វើការ​វិញ ៖ «បុគ្គលិក​ខ្ញុំ​គាត់​អត់​ហ៊ាន​ទទួល​ខាង​សហជីព​ហ្នឹង​ចូល គាត់​ខ្លាច។ ខ្ញុំ​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច ស្នើ​សុំ​សហជីព​ថា ខ្ញុំ​សុខ​ចិត្ត​បង់​អី​ឱ្យ​គាត់​ទាំង​អស់​តាម​សំណូមពរ​គាត់​លើក​មុន។ ដក​ពាក្យ​បណ្ដឹង​ដក​អី​ទាំង​អស់ ប៉ុន្តែ​គ្រាន់​តែ​ថា ធ្វើ​យ៉ាង​ម៉េច​បុគ្គលិក​ខ្ញុំ​ដែល​គ្នា​សុំ​ថា កុំ​ឱ្យ​មាន​ការ​ឈ្លោះ គ្នា​គុំកួន​គ្នា ប៉ុន្តែ​គាត់​អត់​ព្រម គាត់​ថា សុំ​តែ​ចូល​ធ្វើការ​វិញ»

សហជីព​កម្មករ​បាន​អះអាង​ថា ការ​ដែល​ម្ចាស់​សណ្ឋាគារ​មិន​ព្រម​ទទួល​យក​បុគ្គលិក និង​កម្មករ​ចំនួន ៦៧​នាក់ ដែល​គេបាន​បញ្ឈប់​ពី​ការងារ​ឱ្យ​បាន​ចូល​ធ្វើ​ការ​វិញ​នោះ គឺ​ជា​ការ​មិន​គោរព​ទៅ​តាម​​សេចក្ដី​សម្រេច និង​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល។

កាល​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា កន្លង​ទៅ ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​បាន​ចេញ​សេចក្ដី​សម្រេច និង​បង្គាប់​ឱ្យ​ម្ចាស់​​សណ្ឋាគារ​អង្គរ វីលេក បូតានិកខល រីសត និង​សណ្ឋា​​​គារអង្គរ វីលេក ទទួល​យក​បុគ្គលិក​កម្មករ​ចំនួន ៦៧​នាក់ ដែល​ខ្លួន​បាន​បញ្ឈប់​មក​ធ្វើ​ការ​វិញ។ ​​ក៏​ប៉ុន្តែ​ត្រូវ​ម្ចាស់​សណ្ឋាគារ​ប្តឹង​ជំទាស់​សេចក្តី​សម្រេច​នោះ។

មជ្ឈមណ្ឌល​អាមេរិកាំង​សម្រាប់​សាមគ្គីភាព​ការងារ​អន្តរជាតិ​មួយ បាន​យល់​ឃើញ​ថា ការ​ប្រកាន់​ជំហរ​រឹងត្អឹង​របស់​ថៅកែ​សណ្ឋាគារ​មិន​ទទួល​យក​កម្មករ​ដែល​បង្កើត​សហជីព​ឱ្យ​ចូល​ធ្វើ​ការ​វិញ​នោះ គឺ​ការ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ច្បាប់​ការងារ​របស់​ប្រទេស​កម្ពុជា​ផង និង​ច្បាប់​ការងារ​អន្តរជាតិ​ផង។

លោក ដេវីដ ចនវែល (David John Welsh) ជា​មេធាវី និង​ជា​នាយក​មជ្ឈមណ្ឌល​អាមេរិកាំង​សម្រាប់​សាមគ្គីភាព​ការងារ​អន្តរជាតិ​ប្រចាំ​ប្រទេស​កម្ពុជា។ លោក​បាន​មាន​ប្រសាសន៍​ថា ថៅកែ​សណ្ឋាគារ អង្គរ វីលេក បូតានិកខល រីសត និង​សណ្ឋាគារ​អង្គរ វីលេក មិន​ទាន់​យល់​ច្បាស់​អំពី​ច្បាប់​ការងារ និង​អំពី​សហជីព​កម្មករ​នៅ​ឡើយ។

នៅ​ក្នុង​ខេត្ត​សៀមរាប មាន​សណ្ឋាគារ​លំដាប់​អន្តរជាតិ​ជា​ច្រើន ដូចជា​សណ្ឋាគារ​សូហ្វីតែល (Sofitel) ឬ​ក៏​សណ្ឋាគារ​ឡឺ មេរីឌាន (Le Me ridien) និង​សណ្ឋាគារ​រ៉ាហ្វល (Raffle) ជាដើម មិន​ដែល​មាន​បញ្ហា​ចំពោះ​បុគ្គលិក​បង្កើត​សហជីព​ទេ ពីព្រោះ​ម្ចាស់​សណ្ឋាគារ​ទាំង​នោះ​គេ​បាន​យល់​អំពី​ការ​វិនិយោគ​អន្តរជាតិ ហើយ​គេ​បាន​គោរព​ទៅ​តាម​ច្បាប់​ការងារ​របស់​ប្រទេស​កម្ពុជា។

លោក ដេវីដ ចនវែល ៖ «ដំណោះស្រាយ​មាន​តែ​មួយ​គត់ គឺ​ម្ចាស់​សណ្ឋាគារ​ត្រូវ​យល់​ព្រម​ទៅ​តាម​សេចក្ដី​សម្រេច និង​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល ដែល​ឱ្យ​ទទួល​យក​បុគ្គលិក និង​កម្មករ​ចំនួន ៦៧​នាក់ ចូល​ធ្វើ​ការ​វិញ។ ការ​ចេញ​ប្រាក់​សំណង​ជា​ថ្លៃ​ដើម្បី​បញ្ឈប់​បុគ្គលិក​ពី​ការងារ​ វា​មិន​មែន​ជា​ដំណោះ​ស្រាយ​ទេ។ បញ្ហា​ទាំង​នោះ​វា​ជា​ការ​បញ្ជូន​សារ​អាក្រក់​មួយ​ទៅ​កាន់​សណ្ឋាគារ​ដទៃ​ទៀត​នៅ​ក្នុង​តំបន់ គឺ​នៅ​ពេល​ណា​ដែល​គេ​មិន​ពេញ​ចិត្ត​ក្នុង​ការ​បង្កើត​សហជីព ដូច​នេះ​គេ​អាច​នឹង​បញ្ឈប់​បុគ្គលិក​កម្មករ​ពី​ការងារ​ដូចគ្នា​នេះ​ដែរ ដែល​ធ្វើ​ឱ្យ​បាត់​បង់​ដល់​សិទ្ធិ​ក្នុង​ការ​បង្កើត​សហជីព និង​សិទ្ធិ​សេរីភាព​របស់​កម្មករ ហើយ​ក៏​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ច្បាប់​ការងារ​របស់​ប្រទេស​កម្ពុជា និង​ច្បាប់​ការងារ​អន្តរជាតិ​ផង​ដែរ»

ចាប់​តាំង​ពី​ម្ចាស់​សណ្ឋាគារ​​អង្គរ វីលេក ​បូតានិកខល រីសត និង​សណ្ឋាគារ​អង្គរ វីលេក ​បាន​បញ្ឈប់​បុគ្គលិក​កម្មករ​ជា​បន្ត​បន្ទាប់ កាល​ពី​ចុង​ខែ​កក្កដា​មក ហើយ​ក្រុម​បុគ្គលិក​កម្មករ​ចំនួន ៦៧​នាក់​ ក៏​បាន​ចាប់​ផ្ដើម​ធ្វើ​កូដកម្ម​បន្តបន្ទាប់​​ជា​ច្រើន​លើក​មក​ហើយ តាំង​ពី​អំឡុង​ដើម​ខែ​សីហា ដើម្បី​ទាមទារ​ឱ្យ​ថៅកែ​ទទួល​យក​កម្មករ​ទាំង​អស់​ដែល​គេ​បាន​​បញ្ឈប់​ពី​ការងារ​ទៅ​ចូល​ធ្វើការ​វិញ។

លោក ម៉ម រិទ្ធី ជា​អនុ​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​និយោជិត វិស័យ​ទេសចរណ៍​សេវាកម្ម​កម្ពុជា ប្រចាំ​ខេត្ត​សៀមរាប។ លោក​បាន​ព្រមាន​ជា​ថ្មី បន្ទាប់​ពី​ការ​ចរចា​ចុង​ក្រោយ​ទទួល​បរាជ័យ​ថា ក្រុម​កម្មករ​មិន​មាន​ជម្រើស​អ្វី​ក្រៅ​ពី​ការ​បន្ត​ធ្វើ​កូដកម្ម​នោះ​ទេ៕