យុទ្ធនាការ​លើក​កម្ពស់​វិស័យ​អប់រំ

សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​សហការ​ជា​មួយ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ចូល​រួម​បើក​យុទ្ធនាការ​សកល​នៅ​ក្នុង​សប្ដាហ៍​ទី​៤ នៃ​ខែ​មេសា​នេះ ដើម្បី​លើក​កម្ពស់​វិស័យ​អប់រំ។

0:00 / 0:00

អង្គការ​សមាគម​ជា​ច្រើន​ដែល​សមាជិក​នៅ​តាម​ជាង ១​រយ​ប្រទេស នៃ​យុទ្ធនាការ​សាកល​ដើម្បី​ការ​ងារ​អប់រំ (Global Campaign for Education) បាន​នាំ​គ្នា​បើក​យុទ្ធនាការ​អប់រំ​កុមារ​តូចៗ នៅ​ឆ្នាំ​២០១២ នេះ ដោយ​ប្រារព្ធ​ឡើង​ដំណាល​គ្នា​នៅ​តាម​ប្រទេស​រៀងៗ ខ្លួន។ សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ដែល​ជា​សមាជិក​មួយ​ដែរ ក៏​ចូល​រួម​បើក​យុទ្ធនាការ​នេះ​ពេញ ១​សប្ដាហ៍ ចន្លោះ​ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១២។ ប្រធាន​សមាគម លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា នៅ​ក្នុង​យុទ្ធនាការ​នេះ សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​នឹង​មាន​ការ​តាំង​ពិព័រណ៍​គំនូរ​របស់​កុមារ​សាលា​មត្តេយ្យ និង​បឋម​សិក្សា ដោយ​រៀបចំ​ឡើង​នៅ​ឯ​សណ្ឋាគារ The Willow Boutique នៅ​ក្នុង​ខណ្ឌ​ទន្លេ​បាសាក់ ក្រុង​ភ្នំពេញ ផ្ដើម​ពី​ម៉ោង ៦​កន្លះ​ល្ងាច ដល់​ម៉ោង ៨​យប់ នៅ​ថ្ងៃ​អង្គារ ទី​២៤ ខែ​មេសា សប្ដាហ៍​ក្រោយ​នេះ ៖ «យើង​ជំរុញ​ឲ្យ​ក្រសួង​អប់រំ​ក៏​ដូច​ជា​រដ្ឋាភិបាល យក​ចិត្ត​ទុក​ដាក់​លើ​សារ​សំខាន់​នៃ​ការ​អប់រំ ក៏​ដូច​ជា​ការ​ផ្ដល់​ឱកាស​ឲ្យ​កុមារា​កុមារី ដែល​ពុំ​មាន​ឱកាស​ទទួល​បាន​ការ​អប់រំ​នោះ អាច​ទទួល​បាន​ការ​អប់រំ​ប្រកប​ដោយ​គុណភាព។ ជា​ពិសេស ក៏​ជា​ការ​ចូល​រួម​ធ្វើ​យុទ្ធនាការ​សម្រាប់​ការ​អប់រំ​ទាំង​អស់​គ្នា ដើម្បី​គុណភាព​អប់រំ»

អ្នក​រៀបចំ​ប្រមូល​រូប​គំនូរ​សម្រាប់​ការ​តាំង​ពិព័រណ៍​នេះ គឺ​អ្នក​គ្រូ រស់ ទិត្យម៉ាល័យ។ អ្នក​គ្រូ​មាន​ប្រសាសន៍​ឲ្យ​ដឹង​បន្ថែម​ថា គំនូរ​រូប​ភាព​ទាំង​នោះ ចែក​ចេញ​ជា ២​ប្រភេទ គឺ​ផ្ទាំង​ធំ និង​ផ្ទាំង​តូច ដែល​គូរ​ឡើង​ដោយ​កុមារា​កុមារី ដែល​ជា​សិស្សានុសិស្ស​នៃ​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​៣ ៖ «ផ្ទាំង​ធំ​នោះ​ទាក់​ទង​ការ​អប់រំ និង​កុមារ​តូច ឲ្យ​សិស្ស​វា​ស្រមៃ​ហើយ​គូរ​មើល តើ​ការ​អប់រំ​កុមារ​តូច​យ៉ាង​ម៉េច​ខ្លះ ពី​អាយុ ១​ឆ្នាំ ដល់​៨​ឆ្នាំ។ ដូច​ជា​វា​អាច​គូរ​ម្ដាយ​ងូត​ទឹក​ឲ្យ​កូន អ្នក​គ្រូ​អប់រំ​សិស្ស អ្នក​គ្រូ​ហុច​សៀវភៅ​សិស្ស​ពេល​គាត់​កែ​រួច​ហើយ ការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ ៦​មុខ។ ក្រៅ​ពី​នេះ មាន​រូប​លោក​យាយ​លោក​តា​ប្រៀន​ប្រដៅ​កូន​ចៅ​តូចៗ របស់​គាត់។ គឺ​អាស្រ័យ​ទៅ​តាម​ចំណង់​របស់​ក្មេង ដែល​វា​ចង់​គូរ​រូប​អី​ដែល​ទាក់​ទង​នឹង​ការ​អប់រំ​ថែទាំ​នោះ ឲ្យ​វា​គូរ​រូប​នោះ»

អ្នក​គ្រូ រស់ ទិត្យម៉ាល័យ ដែល​បច្ចុប្បន្ន​បង្រៀន​ថ្នាក់​ទី​៦ នៃ​សាលា​បឋម​សិក្សា​បឹងត្របែក​ខាង​ត្បូង នៅ​ខណ្ឌ​ចំការមន នៅ​ទីក្រុង​ភ្នំពេញ ថ្លែង​បញ្ជាក់​ថា ទំហំ​នៃ​រូប​គំនូរ​ផ្ទាំង​ធំ គឺ​កំណត់​ឲ្យ​មាន​ទទឹង ១​ចង្អាម​កន្លះ និង​បណ្ដោយ ២​ចង្អាម​នៃ​ម្រាម​ដៃ​មនុស្ស​ពេញ​វ័យ។ គំនួរ​ផ្ទាំង​ធំ​គូរ​ឡើង​ដោយ​ខ្មៅ​ដៃ ដែល​លំអ​ពណ៌​ចម្រុះ ដោយ​ប្រើ​ខ្មៅ​ដៃ ឈើ ឬ​ខ្មៅ​ដៃ​ទៀន រួម​មាន​ពណ៌​ក្រហម លឿង​ទុំ និង​ពណ៌​ខៀវ ដែល​សិស្ស​អាច​ប្រើ​លាយ​ពណ៌​ទាំង​បី​មុខ​នេះ ឲ្យ​បាន​ចេញ​ជា​ពណ៌​ផ្សេង​ទៀត។ ចំណែក​ផ្ទាំង​តូច​វិញ គឺ​មាន​ទំហំ​ស្មើ​នឹង​ក្រដាស​រ៉ាម​ធម្មតា ដែល​គេ​តែង​ប្រើ​ប្រាស់​ក្នុង​ការ​បោះពុម្ព ឬ​ថត​ចម្លង ៖ «ផ្ទាំង​តូច​អត់​កំណត់​ប្រធាន​បទ​ទេ គឺ​គូរ​ទៅ​តាម​ការ​ចូល​ចិត្ត​របស់​ក្មេង មាន​លទ្ធភាព​ត្រឹម​ណា អាច​គូរ​អី​បាន។ តែ​ផ្ទាំង​តូច​ហ្នឹង​មាន​លក្ខណៈ​ពិសេស គឺ​មិន​ឲ្យ​ក្មេង​ប្រើ​ខ្មៅ​ដៃ​សម្រាប់​គូរ​ទេ។ យើង​ឲ្យ​ក្មេង​ផ្ដិត​ម្រាម​ដៃ។ ឧទាហរណ៍​យើង​ដាក់​ទឹក​ខ្មៅ​ក្នុង​ចាន​មួយ ហើយ​ឲ្យ​ក្មេង​យក​ម្រាម​មួយ​នៃ​ម្រាម​ទាំង​៥ ម្រាម​១​ណា​ក៏​បាន​ដែរ ជ្រលក់​ទៅ​ក្នុង​ទឹក​ខ្មៅ ហើយ​យក​ទៅ​ចុច​ជា​ចំណុចៗ ឲ្យ​ចេញ​ជា​រូប​ផ្លែ​ល្ហុង ខ្លា ឬ​រូប​ដំរី ដោយ​ចុចៗ ឲ្យ​បាន​ជា​វត្ថុ​ជា​រាង​ផ្លែ​ឈើ និង​សត្វ​អ្វី១»

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​បាន​ឲ្យ​ដឹង​បន្ថែម​ថា សិស្ស​អ្នក​គូរ​ត្រូវ​រើស​ចម្រាញ់​ចេញ​ពី​សាលា​កម្រិត​បឋម​សិក្សា​នៅ​ទីក្រុង​ភ្នំពេញ គឺ​ពី​សាលា​រដ្ឋ​ពីរ​កន្លែង និង​ពី​សាលា​មួយ​ចំនួន​ទៀត​នៃ​អង្គការ​គ្រួសារ​យើង ៖ «យើង​អញ្ជើញ​ភ្ញៀវ​ជាតិ អន្តរ​ជាតិ អង្គ​ទូត និង​អ្នក​សារ​ព័ត៌មាន​ឲ្យ​មក​ទស្សនា​ការ​តាំង​ពិព័រណ៍​គំនូរ​របស់​កុមារ​តូច ដែល​គូរ​លើ​ផ្ទាំង​សំពត់​ស ដោយ​មាន​ដាក់​ជាវ​ក្នុង​តម្លៃ​សម​ល្មម។ ថវិកា​ដែល​លក់​បាន​មិន​ឲ្ស​សមាគម​របស់​លោក​ទេ។ គឺ​ប្រគល់​ឲ្យ​កុមារ និង​គ្រូ ដើម្បី​ទិញ​សម្ភារៈ​ឲ្យ​សិស្ស​រៀន​គូរ​ជា​បន្ត​ទៅ​ទៀត»

សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​គ្រោង​អញ្ជើញ​ភ្ញៀវ​ទាំង​អស់​ចំនួន​ប្រមាណ ១​រយ​នាក់ ដើម្បី​ឲ្យ​មក​ចូល​រួម​ទស្សនា​ការ​តាំង​ពិព័រណ៍​គំនូរ​កុមារ​នៅ​ឯ​សណ្ឋាគារ The Willow Boutique នា​ថ្ងៃ​អង្គារ​ក្រោយ​នេះ។ លោក រ៉ុង ឈុន អះអាង​ថា នៅ​ទូទាំង​កម្ពុជា​មាន​សិស្ស និង​គ្រូ​ជា​ច្រើន​ដែល​ជា​អ្នក​ក្រីក្រ កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ខ្វះ​ខាត​ច្រើន ទាំង​នៅ​កម្រិត​មតេយ្យ និង​បឋម​សិក្សា ពិសេស​នៅ​តាម​តំបន់​ជន​បទ ៖ «បឋមសិក្សា បើ​យើង​និយាយ​ពី​ការ​ប្រឈម​ដោយ​ធ្វើ​ការ​ប្រៀបធៀប​ពី​ក្រុង​ទៅ​នឹង​តំបន់​ជន​បទ ឃើញ​ថា​នៅ​ក្រុង​ប្រសើរ​ជាង​នៅ​ជនបទ។ ទី​១ បញ្ហា​គ្រូ​មិន​បាន​បង្រៀន​ឲ្យ​បាន​ដិត​ដល់ ដោយ​សារ​ជីវភាព​ខ្វះ​ខាត។ ទី​២ កម្រិត​ចំណេះ​ដឹង​របស់​គ្រូ​ជន​បទ​មិន​សមាមាត្រ​នឹង​កម្រិត​ថ្នាក់​នៃ​ការ​បង្រៀន និង​ទី​៣ ខ្វះ​ខាត​ច្រើន​នូវ​សម្ភារៈ​សិក្សា»

បើ​យោង​ទៅ​តាម​ទិន្នន័យ​របស់​ក្រសួង​អប់រំ ចេញ​ផ្សាយ​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១០ បាន​ឲ្យ​ដឹង​ថា កម្ពុជា​មាន​កុមារ​តូចៗ អាយុ​ចន្លោះ​ពី​សូន្យ​ឆ្នាំ ដល់​៨​ឆ្នាំ មាន​ទាំង​អស់​ជិត ១​លាន ៩​សែន​នាក់។ ដើម្បី​លើក​ស្ទួយ​វិស័យ​អប់រំ​នៅ​កម្ពុជា ផ្តើម​ពី​កំរិត​បឋម​សិក្សា​ឡើង​ទៅ គឺ​កន្លង​មក​នេះ ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ដាក់​ចេញ​នូវ​គោល​ការណ៍​សំខាន់ៗ បី​ចំណុច។ ប្រធាន​នាយកដ្ឋាន​បឋម​សិក្សា​នៃ​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក ចាន់ សុភា មាន​ប្រសាសន៍​ថា គោលការណ៍​ធំៗ​ទាំង​បី​ចំណុច​នោះ​គឺ ៖ «នៅ​ក្នុង​ក្រសួង​អប់រំ​សព្វ​ថ្ងៃ យើង​មាន​គោល​នយោបាយ​ធំៗ បី ដើម្បី​សម្រេច​គោល​ដៅ​អប់រំ​ជាតិ​នោះ គឺ​ធ្វើ​យ៉ាង​ម៉េច​ធានា​ឲ្យ​មាន​សមធម៌​នៃ​ការ​ចូល​រៀន​ឲ្យ​កុមារ​ទាំង​អស់​បាន​ចូល​រៀន​គ្រប់ៗ។ ទី​២ ធានា​គុណភាព​នៃ​ការ​អប់រំ​ឲ្យ​បាន​ល្អ និង​មាន​ប្រសិទ្ធភាព។ ទី​៣ គឺ​យើង​ដើម្បី​ជំរុញ​គោល​នយោបាយ​ទាំង​ពីរ​នេះ​បាន​ល្អ ទាល់​តែ​មាន​ការ​អភិវឌ្ឍ​ស្ថាប័ន និង​ការ​កសាង​សមត្ថភាព​មន្ត្រី ដើម្បី​ត្រៀម​ធ្វើ​វិមជ្ឈការ​ការងារ។ យើង​មាន​ប្រព័ន្ធ​អប់រំ​ដែល​និយាយ​ពី​ការ​អប់រំ​កម្រិត​មូលដ្ឋាន សិស្ស​ពី​ថ្នាក់​ទី​១ អាយុ​៦​ឆ្នាំ ដល់​ថ្នាក់​ទី​៩ យ៉ាង​ហោច​យោង​តាម​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា»

អ្នក​គ្រូ រស់ ទិត្យម៉ាល័យ ដែល​បង្រៀន​សិស្ស​កម្រិត​បឋម​សិក្សា​បាន​ជាង ៣០​ឆ្នាំ​មក​នេះ បញ្ជាក់​ថា ការ​បង្រៀន​កុមារ​ឲ្យ​ទទួល​បាន​គុណភាព​នៃ​ការ​អប់រំ​ខ្ពស់ មាន​សារ​សំខាន់​ណាស់ ព្រោះ​ថា ក្មេង​តូចៗ ជិត ២​លាន​នាក់​នោះ​ជា​ទំពាំង​ស្នង​ឫស្សី​នៃ​ប្រទេស​ជាតិ ៖ «ការ​អប់រំ​ក្មេង​តូចៗ​ពី​ថ្នាក់​មតេយ្យ និង​ពី​ថ្នាក់​ទី​១ ឡើង​ទៅ​នេះ មាន​សារ​សំខាន់​បី ដូច​ជា​យើង​សង់​ផ្ទះ​ដាក់​គ្រឹះ​មាំ ទោះ​ខ្យល់​បោក​បក់​យ៉ាង​ណា​ក៏​អត់​រលំ​ដែរ។ កុមារ​តូច​បី​ដូច​ជា​ក្រណាត់​ស​មួយ​ផ្ទាំង បើ​យើង​ជា​មនុស្ស​ចាស់ យើង​ជ្រលក់​ពណ៌​អី​វា​ទៅ​ជា​ពណ៌​នោះ​ហើយ។ ដូច​បច្ចុប្បន្ន បើ​ការ​អប់រំ​ក្មេង​តូច​បាន​ល្អ វា​ទៅ​ថ្នាក់​ធំ​ទៀត វា​បាន​ល្អ តែ​បើ​កុមារ​តូច​របស់​យើង​ខ្វះ​ចន្លោះ​ក្នុង​ការ​អប់រំ ដោយ​ប្រការ​ណា​មួយ​នោះ ការ​អប់រំ​វា​ទៅ​ថ្ងៃ​មុខ​នឹង​មាន​ការ​លំបាក​ណាស់»

លោក រ៉ុង ឈុន បញ្ជាក់​បន្ថែម​ថា គន្លឹះ​ដ៏​សំខាន់​នៃ​ការ​អភិវឌ្ឍ​គុណភាព​នៃ​ការ​អប់រំ​សិស្ស​កម្រិត​បឋម​សិក្សា​ឲ្យ​ប្រសើរ​ឡើង​បាន លុះ​ត្រា​តែ​គ្រូ​បង្រៀន​ទទួល​បាន​ប្រាក់​ខែ​សមរម្យ កុំ​ឲ្យ​ខ្វះ​ខាត​ខ្លាំង​ដូច​សព្វ​ថ្ងៃ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។