WHO​ចេញ​របាយការណ៍​អំពី​ការ​រាល​ដាល​នៃ​ជំងឺ​គ្រុនឈាម

អង្គការ​សុខភាព​ពិភពលោក (WHO) ទើប​នឹង​ចេញ​ផ្សាយ​លទ្ធផល​នៃ​ការ​សិក្សា​ថ្មី​មួយ អំពី​ការ​រីក​រាលដាល​នៃ​ជំងឺ​គ្រុនឈាម។

របាយការណ៍​បាន​ឲ្យ​ដឹង​ថា អ្នក​ស្រាវជ្រាវ​នៅ​ទីក្រុង​ភ្នំពេញ បាន​សិក្សា​អំពី​តំបន់​ដែល​មាន​មូស​ខ្លា និង​កត្តា​ដែល​នាំ​ឲ្យ​មូស​ខ្លា​មាន​ច្រើន​នៅ​តាម​តំបន់​ទាំង​នោះ ក្នុង​ប្រទេស​កម្ពុជា ក្នុង​បំណង​បដិបត្តិ​សកម្មភាព​ការពារ​ទប់​ស្កាត់​ប្រកប​ដោយ​ហេតុ​ផល និង​ដោយ​ផ្អែក​លើ​ភស្តុតាង​ជាក់​លាក់។

យោង​តាម​ការ​សិក្សា​នេះ គេ​រក​ឃើញ​ថា មូស​ខ្លា​ច្រើន​កើត​នៅ​ក្នុង​ពាង​ស៊ីម៉ង់ត៍ គឺ ៦,១% និង​ក្នុង​អាង​ទឹក​ស៊ីម៉ង់ត៍ ១៣,២% ហើយ​ការ​រាត​ត្បាត​នៃ​សត្វ​មូស​ដែល​ជា​តួ​ចម្លង​ជំងឺ​គ្រុនឈាម​នេះ​នៅ​ទី​ជនបទ មាន​អត្រា​ខ្ពស់​ជាង​នៅ​ទីក្រុង​បន្តិច។

ការ​ដែល​គេ​រក​ឃើញ​ថា ដង្កូវ​ទឹក មូស​ខ្លា ច្រើន​កើត​នៅ​ក្នុង​ពាង​ស៊ីម៉ង់ត៍​នេះ ធ្វើ​ឲ្យ​អ្នក​ស្រាវជ្រាវ​មាន​សុទិដ្ឋិនិយម​ថា នឹង​អាច​មាន​វិធី​ទប់ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​គ្រុនឈាម​នៅ​ប្រទេស​កម្ពុជា បាន​យ៉ាង​មាន​ប្រសិទ្ធភាព៕