របាយការណ៍បានឲ្យដឹងថា អ្នកស្រាវជ្រាវនៅទីក្រុងភ្នំពេញ បានសិក្សាអំពីតំបន់ដែលមានមូសខ្លា និងកត្តាដែលនាំឲ្យមូសខ្លាមានច្រើននៅតាមតំបន់ទាំងនោះ ក្នុងប្រទេសកម្ពុជា ក្នុងបំណងបដិបត្តិសកម្មភាពការពារទប់ស្កាត់ប្រកបដោយហេតុផល និងដោយផ្អែកលើភស្តុតាងជាក់លាក់។
យោងតាមការសិក្សានេះ គេរកឃើញថា មូសខ្លាច្រើនកើតនៅក្នុងពាងស៊ីម៉ង់ត៍ គឺ ៦,១% និងក្នុងអាងទឹកស៊ីម៉ង់ត៍ ១៣,២% ហើយការរាតត្បាតនៃសត្វមូសដែលជាតួចម្លងជំងឺគ្រុនឈាមនេះនៅទីជនបទ មានអត្រាខ្ពស់ជាងនៅទីក្រុងបន្តិច។
ការដែលគេរកឃើញថា ដង្កូវទឹក មូសខ្លា ច្រើនកើតនៅក្នុងពាងស៊ីម៉ង់ត៍នេះ ធ្វើឲ្យអ្នកស្រាវជ្រាវមានសុទិដ្ឋិនិយមថា នឹងអាចមានវិធីទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាមនៅប្រទេសកម្ពុជា បានយ៉ាងមានប្រសិទ្ធភាព៕
