កំពង់ផែភ្នំពេញស្វយ័តថ្មីនេះ ត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនចិន ឈ្មោះ សៀងហៃ គ្រុប (Shanghai Group) ក្នុងតម្លៃទឹកប្រាក់ចំនួនជាង ២៨លានដុល្លារអាមេរិក ជាប្រាក់កម្ចីសម្បទានការប្រាក់ទាបរបស់ចិន។
កំពង់ផែភ្នំពេញស្វយ័តថ្មី គឺអាចទទួលនាវាចត ដែលផ្ទុកទំនិញចំនួនជាង ៥ពាន់តោន។ កំពង់ផែថ្មីនេះ មានចម្ងាយចំនួន ៣០គីឡូម៉ែត្រពីរាជធានីភ្នំពេញ នៅតាមបណ្តោយផ្លូវជាតិលេខ១ នៅក្នុងឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ការសាងសង់កំពង់ផែភ្នំពេញស្វយ័តថ្មីនេះ គឺដោយសារតែកំពង់ផែស្វយ័តភ្នំពេញចាស់ នៅរាជធានីភ្នំពេញ អាយុ ៦១ឆ្នាំ មិនអាចបន្តទទួលផ្ទុកទំនិញ និងកុងតឺន័រដ៏ច្រើនលើសចំណុះបានទៀតឡើយ។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានមានប្រសាសន៍ក្នុងពិធីសម្ពោធនោះថា កំពង់ផែថ្មីនេះ គឺជួយសម្រាលបន្ទុករបស់កំពង់ផែចាស់នៅភ្នំពេញ។ លោកបានបន្តថា កម្ពុជា បន្តត្រូវការជំនួយ និងកម្ចីសម្បទានពីប្រទេសចិន ថែមទៀត ដើម្បីសាងសង់ផ្លូវថ្នល់ និងស្ពាន។
លោក ហ៊ុន សែន៖ «ពីមុននេះ គឺថាបើសិនជានាវាចូលទៅខាងក្នុង ហើយកំពុងតែលើកដាក់ទំនិញ គឺបានសេចក្តីថា នាវាដែលមកដល់ គឺស្ថិតនៅរង់ចាំសិន ដើម្បីឲ្យនាវានោះចេញមក ទើបនាវាមួយចូលទៅទៀត។ ប៉ុន្តែឥឡូវនេះ យើងមានកំពង់ផែពីរ ដែលមិននៅឆ្ងាយពីគ្នាប៉ុន្មានទេ។ បើសិនជានៅខាងក្នុងពេញ ហើយមកចូលឯណេះ បើសិនឯណេះពេញហើយ អត់ត្រូវរង់ចាំទៀតទេ»។
ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតចិន នៅកម្ពុជា លោក ផាន ហ្គួងសៀ បានមានប្រសាសន៍ជាភាសាចិន ហើយត្រូវបានប្រែសម្រួលជាភាសាខ្មែរថា ប្រទេសចិន នៅតែបន្តជួយកម្ពុជា ដើម្បីធ្វើឲ្យមានកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរីកចម្រើន៖ «នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រជាពលរដ្ឋកម្ពុជា។ នេះជាគោលនយោបាយរបស់រដ្ឋាភិបាលចិន ដែលមិនងាករេ»។
អ្នកនាំពាក្យគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ និងជាតំណាងរាស្ត្រ បានមានប្រសាសន៍ថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារគម្រោងអភិវឌ្ឍន៍នានាក្រោមប្រាក់កម្ចីសម្បទានពីប្រទេសចិន មិនត្រូវបានលើកយកមកពិភាក្សានៅក្នុងសភាជាតិ ឲ្យមានតម្លាភាពឡើយ។
លោក យឹម សុវណ្ណ៖ «ពីព្រោះបំណុលក៏ដោយ ប្រាក់កម្ចីសម្បទាន គឺជាអ្វី កាតព្វកិច្ចដែលយើងត្រូវសងគេវិញ។ ដូច្នេះ ការចាយវាយត្រូវតែមានការប្រយ័ត្នប្រយែង ធ្វើយ៉ាងម៉េចឲ្យមានតម្លាភាព ហើយនិងឲ្យមានប្រសិទ្ធភាពក្នុងការចាយវាយ ដែលបានប្រាក់កម្ចីពីគេ។ យើងក៏កត់សម្គាល់ឃើញគម្រោងសាងសង់ថ្នល់មួយចំនួន សង់ខាងមុខ ខូចខាងក្រោយ សង់ខាងក្រោយ ខូចខាងមុខ។ អីចឹងហើយ រដ្ឋាភិបាលត្រូវតែពិនិត្យមើល កុំឲ្យមានភាពអសកម្ម»។
របាយការណ៍របស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ត្រាំ អ៊ីវតឹក បានឲ្យដឹងថា ការសាងសង់កំពង់ផែភ្នំពេញស្វយ័តថ្មីនេះ នៅគ្រាដែលកំពង់ផែភ្នំពេញស្វយ័តចាស់ នៅរាជធានីភ្នំពេញនោះ តែងតែទទួលផ្ទុកទំនិញលើសចំណុះរហូតដល់ ៤៧ពាន់តោន កាលពីឆ្នាំ២០០៨ កន្លងទៅ និងបានកើនឡើងដល់ចំនួន ៩៥ពាន់តោន កាលពីឆ្នាំ២០១២ កន្លងទៅនេះ។
គេមានគម្រោងសាងសង់តំបន់សេដ្ឋកិច្ចពិសេសនៅលើផ្ទៃដីទំហំ ២២ហិកតារនៅក្បែរកំពង់ផែភ្នំពេញស្វយ័តថ្មីនេះ។
ការសម្ពោធកំពង់ផែភ្នំពេញស្វយ័តថ្មី គឺក្រោយពីគម្រោងអភិវឌ្ឍន៍ធំៗមួយចំនួន ត្រូវបានចុះហត្ថលេខារវាងក្រុមហ៊ុនចិន ជាមួយរដ្ឋាភិបាលកម្ពុជា កាលពីចុងឆ្នាំ២០១២ កន្លងទៅនេះ ក្នុងនោះមាន ទី១ គម្រោងសាងសង់រោងចក្រចម្រាញ់ប្រេងកាតនៅកម្ពុជា តម្លៃ ២.៣០០លានដុល្លារអាមេរិក និងទី២ គម្រោងសាងសង់រោងចក្រស្លដែកនៅខេត្តព្រះវិហារ និងគម្រោងសាងសង់ផ្លូវដែកពីខេត្តព្រះវិហារ ទៅខេត្តកោះកុង ក្នុងតម្លៃទឹកប្រាក់ចំនួនជាង ៩.៦០០លានដុល្លារអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
