កិច្ចពិភាក្សានោះគឺនៅគ្រាដែលមានការរិះគន់ពីសកម្មជនការពារសិទ្ធិមនុស្សជាតិ និងអន្តរជាតិថា មាត្រាមួយចំនួននៃក្រមព្រហ្មទណ្ឌនោះ កំពុងតែរឹតបន្តឹងសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន ដែលងាយឲ្យអ្នកបញ្ចេញមតិ និងអ្នកកាសែតរងការប្ដឹង និងចាប់ខ្លួនដាក់គុកក្រោមបទបរិហារកេរ្តិ៍ និងជេរប្រមាថ។
មាត្រាចំនួនជាង ៦០ នៃក្រមព្រហ្មទណ្ឌនោះ ត្រូវបានលើកពិភាក្សានៅក្នុងកិច្ចប្រជុំរយៈពេល ២ថ្ងៃនេះ ក្នុងនោះមានមាត្រា ៣០៦ ស្ដីពីបទបរិហារកេរ្តិ៍តាមរយៈកាសែត មាត្រា ៣០៨ ស្ដីពីបទជេរប្រមាថតាមរយៈកាសែត និងមាត្រា ៥២៣ ស្ដីពីបទធ្វើឲ្យបាត់ជំនឿលើសេចក្ដីសម្រេចរបស់តុលាការ។
ក្រមព្រហ្មទណ្ឌថ្មីនោះមានមាត្រាសរុបចំនួន ៦៧២ មាត្រា ត្រូវបានប្រកាសឲ្យអនុវត្តតាំងពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១១ កន្លងមកនេះ។ កិច្ចពិភាក្សាគ្នានេះគឺមិនមានផែនការចង់ឲ្យមានការកែប្រែ ឬធ្វើវិសោធនកម្មលើមាត្រាទាំងនោះទេ ប៉ុន្តែចង់ឲ្យមន្ត្រីតុលាការ និងមន្ត្រីនគរបាល យល់ឲ្យបានច្បាស់លាស់លើមាត្រាទាំងនោះក្នុងការអនុវត្តច្បាប់។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា បានមានប្រសាសន៍ប្រាប់អ្នកកាសែតថា នេះគឺជាកិច្ចពិភាក្សាសំខាន់លើកទី១ ក្រោយពីក្រមព្រហ្មទណ្ឌនោះត្រូវបានប្រកាសឲ្យអនុវត្តកន្លងមក៖ «ពិភាក្សាឲ្យយល់ដឹងឲ្យកាន់តែច្បាស់អំពីការបណ្ដុះបណ្ដាលអំពីមាត្រាមួយចំនួនដែលពាក់ព័ន្ធ ខ្ញុំបានលើកឡើងអម្បាញ់មិញ បទល្មើសទាំងប៉ុន្មានដែលខ្ញុំលើកឡើងនោះណា។ បទល្មើសវាច្រើនជាងហ្នឹងទៀត ប៉ុន្តែប៉ុន្មានហ្នឹងដែលយើងលើកឡើងហ្នឹង យើងធ្វើមួយជំហានសិន លើកក្រោយទៀតដើម្បីអនុវត្ត»។
សុខ សេរី៖ តើដោយសារតែមាត្រាទាំងហ្នឹងមានការស្រពិចស្រពិលនៅឡើយ? អង្គ វង្សវឌ្ឍានា៖ អត់ទេ! វាមិនមែនស្រពិចស្រពិលទេ យើងច្បាស់ហើយ ប៉ុន្តែយើងចង់ធ្វើម៉េចឲ្យអស់លោកខាងចៅក្រម នគរបាល ឲ្យយល់ច្បាស់ស្មារតីអ្នកសរសេរច្បាប់ហ្នឹង គេចង់និយាយអំពីម៉េច?
ចំណែកឯនាយកស្ដីទីនៃការិយាល័យឧត្ដមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក ជេម ហ៊ីណាន (James Heenan) បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា ក្រមព្រហ្មទណ្ឌនោះ គឺជាច្បាប់ថ្មីនៅកម្ពុជា ដែលគ្របដណ្ដប់លើបទល្មើសជាច្រើនដោយគ្មានការពិភាក្សាជាមួយមន្ត្រីអនុវត្តច្បាប់នៃប្រព័ន្ធយុត្តិធម៌កន្លងមក ដូច្នេះវាបានបញ្ចប់ទៅដោយការបកស្រាយច្បាប់ផ្សេងៗគ្នាលើបទល្មើសទាំងនោះ។
លោក ជេម ហ៊ីណាន៖ «វាមានសារសំខាន់ណាស់ដែលត្រូវមានវេទិកានេះដើម្បីពិភាក្សាជាមួយមន្ត្រីនគរបាល និងព្រះរាជអាជ្ញានានា។ អ្វីដែលយើងមកពិភាក្សាគ្នានៅថ្ងៃនេះ ពីព្រោះវាមានទស្សនៈផ្សេងៗគ្នាកន្លងមកលើបទល្មើសដែលជាប់ទាក់ទងជាមួយបទបរិហារកេរ្តិ៍ ប៉ុន្តែបទល្មើសនោះមិនមែនជាបទល្មើសថ្មីទេ។ កិច្ចពិភាក្សានេះ គឺដើម្បីឲ្យស្របតាមបទដ្ឋានច្បាប់កម្ពុជា និងស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ»។
ជាមួយគ្នានេះដែរ ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក មាស ច័ន្ទពិសិទ្ធ បានមានប្រសាសន៍ថា ក្រមព្រហ្មទណ្ឌនេះគ្របដណ្ដប់លើបទល្មើសចំនួនជាង ២០០ប្រភេទ។ លោកចាត់ទុកថា ក្រមព្រហ្មទណ្ឌនេះបានចែងច្បាស់លាស់ជាងក្រមព្រហ្មទណ្ឌសម័យអន្តរកាលអ៊ុនតាក់ (UNTAC) កន្លងមក។
លោក មាស ច័ន្ទពិសិទ្ធ៖ «ខ្ញុំមើលសៀវភៅហ្នឹងច្រើន មើលក្រមព្រហ្មទណ្ឌហ្នឹង មើលច្បាប់ហ្នឹងច្រើន។ ទី២ បើសិនមិនច្បាស់យើងអាចទាក់ទងទៅអ្នកដែលធ្វើក្រមហ្នឹង ដូចជាឯកឧត្ដម កើត រិទ្ធិ ឯកឧត្តម ហ៊ី សុភា ឬក៏ឯកឧត្ដម ប៊ុន ហ៊ុន អី គឺយើងសួរគាត់ដើម្បីសុំការពន្យល់មួយឲ្យបានជាក់លាក់មួយ។ អង្គហេតុដែលកើតឡើងជាក់ស្ដែងហ្នឹង គឺពិបាកក្នុងការកំណត់បទល្មើស អ៊ីចឹងយើងអាចសួរទៅគាត់ថា តើបទល្មើសអីដែលយើងយកទៅចោទប្រកាន់សំរាប់អង្គហេតុហ្នឹង។ សុំការបញ្ជាក់ដែរ ដោយសារតែជាក្រមមួយថ្មី»។
កិច្ចពិភាក្សានេះបានធ្វើឡើងនៅគ្រាដែលរដ្ឋាភិបាលកម្ពុជា កំពុងតែពង្រឹងនីតិរដ្ឋ និងការអនុវត្តតាមក្រមព្រហ្មទណ្ឌនោះ។ រដ្ឋាភិបាលកម្ពុជា មានផែនការដាក់របាយការណ៍ជូនគណៈកម្មាធិការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនៅក្នុងទីក្រុងសឺណែវ (Geneva) ប្រទេសស្វីស (Swiss) ខាងមុខនេះ អំពីការអនុវត្តក្រមព្រហ្មទណ្ឌកន្លងមកនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។