អ្នកភូមិប្រមាណ ២០គ្រួសារក្នុងចំណោម ៩០គ្រួសារ ដែលមកពីកន្លែងផ្សេងៗគ្នា នៅខេត្តកំពត បានមកតាំងទីលំនៅ និងកសាងជីវភាពថ្មីលើទឹកដីសម្បទានសង្គមកិច្ច បាននាំគ្នាសង់ទីស្នាក់ការសហគមន៍ និងទីជម្រកស្នាក់នៅរៀងៗខ្លួន។
ការសាងសង់ទីស្នាក់ការរបស់សហគមន៍ គឺឧបត្ថម្ភដោយអង្គការមិនមែនរដ្ឋាភិបាលមួយ ឈ្មោះ វីជីឡែន( Vigilance) ប៉ុន្តែពួកគាត់កំពុងខ្វាយខ្វល់លើបញ្ហាខ្វះខាតថវិកាទិញឈើសង់ផ្ទះសម្រាប់ផ្ទាល់ខ្លួនឯងម្នាក់ៗ ពីព្រោះពួកគាត់មកនៅទីនេះដោយបាតដៃទទេ មិនទាន់មានជំនួយឧបត្ថម្ភពីរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធផ្សេងៗ ដូចជាអាជ្ញាធរខេត្តជាដើមនោះនៅឡើយ។
បុរសម្នាក់អាយុប្រមាណជាងជិត ៥០ឆ្នាំ ឈ្មោះ ហេង សឿន មានកូន ៤នាក់ក្នុងបន្ទុក។ លោកកំពុងប្រមែប្រមូលកូនឈើតូចៗរៀបចំទីជម្រកស្នាក់នៅបណ្ដោះអាសន្ននៅតំបន់អភិវឌ្ឍន៍ថ្មីនោះ។ លោកបានឲ្យដឹងថា ពីមុនពួកគាត់រស់នៅបែបពនេចរ ដើរស៊ីឈ្នួលគេគ្រប់ច្រកល្ហក ដោយសារពុំមានដីស្រែ និងផ្ទះពិតប្រាកដ។ ឥឡូវនេះរដ្ឋាភិបាលបានផ្ដល់ដីសម្បទានសង្គមកិច្ចដល់ពួកគាត់ក្នុងមួយគ្រួសារប្រមាណជាងមួយហិកតារ ក្នុងនោះមានដីលំនៅឋាន និងដីសម្រាប់ធ្វើកសិកម្ម។ ប៉ុន្តែពេលនេះពួកគាត់នៅតែពុំមានទីជម្រកត្រឹមត្រូវដដែល ដោយសារពុំមានលុយសង់ផ្ទះ។

លោក ហេង សឿន៖ «មកនៅនេះ បញ្ហាផ្ទះយើងមានកូនឈើតូចៗទេធ្វើផ្ទះ ហើយបើសិនយើងដាក់ស្បូវទៅខែនេះវាអាចមានប៉ះពាល់ដល់ភ្លើងឆេះ បើអ៊ីចឹងយើងមិនអាចដាក់ស្បូវបានទេ មានតែស័ង្កសី។ ឆេះពីណាមកដុតឆេះព្រៃឈើវាអត់ទៀងទេ ខែប្រាំង វាឆេះអ៊ីចឹងតែម្ដង»។
លោកបន្តថា ដីបង្កបង្កើនផលដែលទទួលបាននោះ មិនអាចដាំដំណាំអ្វីបានភ្លាមៗទេ ដោយសារដីទាំងនោះមានសុទ្ធតែគល់ឈើធំៗ ត្រូវការចំណាយពេលយូរដើម្បីគាស់រំលើងសម្អាតដីនោះ។
ស្ត្រីឈ្មោះ ទែន យាន អាយុ ៥០ឆ្នាំម្នាក់ទៀត មកពីភូមិកំពង់ចិន ឃុំស្ទឹងកែវ បានថ្លែងពីការលំបាក ប្រហាក់ប្រហែលគ្នានេះដែរ។
លោកស្រីបានឲ្យដឹងថា គាត់បានសង់ផ្ទះតូចមួយសម្រាប់ស្នាក់នៅបណ្ដោះអាសន្ន ប៉ុន្តែមិនទាន់មានជញ្ជាំងបាំងបិទនៅឡើយ៖ «ពិបាកច្រើនពេក ខ្វះខាតសព្វគ្រប់ តែទឹកសឹងតែគ្មានហូបផងឥឡូវ អត់មានទឹកអត់មានអីទាំងអស់។ ផ្ទះសម្បែង អង្ករ ទឹកត្រីអី គ្មានកាំបិត ពូថៅ អត់អីទាំងអស់ ខ្ញុំមក មកទាំងខ្វះខាត ពុះពារគ្រប់កន្លែង នឹកឃើញថា នៅនោះក៏ដីគេ គ្មានដីដដែល មកនេះព្រៃហ័តព្រៃហោង ម្នាក់ឯងក៏ពុះពារមកដែរ គាស់លើងរាល់ថ្ងៃ»។
តំបន់អភិវឌ្ឍន៍ភូមិថ្មី សម្រាប់ប្រជាពលរដ្ឋក្រីក្រនេះពុំទាន់មានហេដ្ឋារចនាសម្ព័ន្ធអ្វីទាំងអស់ ដូចជាផ្លូវថ្នល់ សាលារៀន អណ្ដូងទឹក មណ្ឌលសុខភាពជាដើម គឺមានតែវាលរហោឋាន ជាប់នឹងជើងភ្នំ ក្រោយពីព្រៃឈើនៅតំបន់នោះត្រូវគេកាប់យកអស់ បន្សល់ទុកតែគល់ឈើ និងព្រៃល្បោះ។

លោក ទេស រឹម អាយុ ៦០ឆ្នាំ អតីតអ្នកភូមិដូនតី ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។ លោកបានបង្ហាញពីក្ដីកង្វល់ និងផលលំបាកសម្រាប់រូបគាត់ និងអ្នកភូមិជិតខាងថា ពួកគាត់កំពុងប្រឈមមុខនឹងការខ្វះខាតសព្វបែបយ៉ាងទាំងអស់សម្រាប់ការកសាងជីវភាពថ្មី នៅតំបន់អភិវឌ្ឍន៍នោះ ជាពិសេសបញ្ហាស្បៀងអាហារប្រចាំថ្ងៃ និងទឹកប្រើប្រាស់។
លោកបន្តថា៖ «មានអីទេឥឡូវហ្នឹង ប្រជាពលរដ្ឋខ្លះអត់មានអង្ករផងខែហ្នឹង ដើរទៅរកគេពីរបីកំប៉ុងក្នុងមួយពេលយកមកហូប រកក្ដាមរកត្រី បាចត្រីបាចអីយកមកដូរគេហូប។ អត់មានអីសោះ ហើយខ្វះនោះខ្វះពេក អ្នកដែលអត់ អត់តែម្ដង ខ្លះក៏អង្គុយយំហូរទឹកភ្នែក ពេញទឹកពេញដី។ គ្មានទេ គ្មានអីដែលទីពឹងសោះ»។
អនុប្រធានសហគមន៍តំបន់អភិវឌ្ឍន៍ដំរីផុង លោក បៀង សំបូរ មានប្រសាសន៍ថា ក្នុងចំណោមប្រជាពលរដ្ឋ ៩០គ្រួសារដែលបានចាប់ឆ្នោតទទួលយកប្លង់ដីនៅតំបន់នេះរួចហើយ កាលពីខែតុលា កន្លងមកនោះ មិនទាន់បានមករស់នៅគ្រប់គ្នានៅឡើយ។
លោកបានពន្យល់ពីបញ្ហានេះថា បណ្ដាលមកពីពួកគាត់នៅជំពាក់បំណុលគេសងមិនទាន់អស់ ខ្លះជំពាក់ដៃច្រូត ម្យ៉ាងនៅកន្លែងថ្មីមិនទាន់មានមុខរបរអ្វីដែលអាចរកប្រាក់កម្រៃចិញ្ចឹមជីវិត ពុំទាន់មានលទ្ធភាពសង់ទីជម្រកស្នាក់នៅ ដូច្នេះពួកគាត់រស់នៅកន្លែងចាស់សិន រហូតផុតរដូវច្រូតកាត់ឆ្នាំនេះ៖ «គាត់អើ ដូចថា ក្រុមគ្រួសារ គាត់ចែករំលែកគ្នាទៅរកស៊ី ធ្វើខ្ញុំគេខ្លះទៅ។ បានអង្ករដូចជា លុយកាក់ គាត់ទិញហូប ស៊ីឈ្នួលគេអីខ្លះទៅ ស៊ីឈ្នួលដូចជា ខែនេះ ដូចច្រូតកាត់ ដើម្បីយកស្រូវហូបអ៊ីចឹងទៅ»។
អ្នកស្រី ឈឹម សង្វាត មន្រ្តីអង្គការ វីជីឡែន( Vigilance) ប្រចាំខេត្តកំពត។ អ្នកស្រីមានប្រសាសន៍ថា ក្រុមសង្គមស៊ីវិល អាជ្ញាធរស្ថាប័នពាក់ព័ន្ធដទៃទៀត បានជំរុញទៅរដ្ឋាភិបាលកាត់ដីមួយចំណែកទំហំ ២១៩ហិកតារ នៅតំបន់ដំរីផុង ជាដីសម្បទានសង្គមកិច្ចសម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រ ដែលពុំមានដីធ្លី និងទីជម្រកស្នាក់នៅពិតប្រាកដ។ ប៉ុន្តែពួកគាត់ត្រូវប្រឈមមុខច្រើនក្នុងការរស់នៅកន្លែងថ្មីនោះ ដោយសារអាជ្ញាធរបានតម្រូវឲ្យពួកគាត់ទៅនៅមុន មានការរៀបចំឲ្យមានរចនាសម្ព័ន្ធជាភូមិករត្រឹមត្រូវ ដូចជាសាលារៀន មន្ទីរពេទ្យ ប្រព័ន្ធទឹកស្រោចស្រព និងទឹកស្អាតសម្រាប់ប្រើប្រាស់ជាដើម។
អ្នកស្រី ឈឹម សង្វាត៖ «ប្រជាពលរដ្ឋគាត់ទៅនៅទីនោះ ហាក់ដូចជាកូនកើតមុនឪអ៊ីចឹង។ មូលហេតុអ្វី? ដោយសារអត់មានអ្វីទាំងអស់ សាលារៀនក៏គ្មាន វត្តអារាមក៏គ្មាន មណ្ឌលសុខភាពក៏អត់មានដែរ ហើយបញ្ហាទឹក អត់មានទឹកប្រើប្រាស់ទេ អ៊ីចឹងគាត់ជួបការលំបាក ជម្រកក៏គាត់អត់មានដែរ ដោយសារបាតដៃទទេសុទ្ធ គាត់អត់មានអីទេ»។
ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាប្រឈមទាំងនេះ អភិបាលខេត្តកំពត លោក ខូយ ឃុនហួរ មានប្រសាសន៍ថា បញ្ហាជាអធិកភាព អាជ្ញាធរខេត្តត្រូវរៀបចំរចនាសម្ព័ន្ធរដ្ឋបាលមាន ក្រុម ភូមិ មានសហគមន៍នៅតំបន់ទើបនឹងអភិវឌ្ឍន៍នោះជាមុនសិន៖ «បាទ!ឥឡូវកំពុងរៀបចំភូមិអី គាត់ត្រូវភូមិខាងមុខអត់អីទេ គេមានអាជ្ញាធរភូមិគេច្បាស់លាស់ បើអ៊ីចឹងគេនឹងមានគម្រោងអភិវឌ្ឍន៍តាមឃុំ តាមភូមិគេ ដូចឃុំដទៃដែរដូចគ្នា គេត្រូវធ្វើតាមជំហានរបស់គេ»។
លោកបន្តថា អាជ្ញាធរបានរៀបចំផែនការកសាងហេដ្ឋារចនាសម្ព័ន្ធនៅទីនោះហើយ ទៅតាមលទ្ធភាពជាក់ស្ដែង ហើយអាជ្ញាធរក៏កំពុងដោះស្រាយបញ្ហាប្រឈមនៅតំបន់នោះជាបណ្តើរៗហើយដែរ។
អនុប្រធានសហគមន៍ លោក បៀង សំបូរ បានឲ្យដឹងថា នៅប៉ុន្មានខែខាងមុខទៀត ក្នុងរដូវប្រាំងឆ្នាំនេះ ពួកគាត់នឹងខ្វះទឹកប្រើប្រាស់ ព្រោះទឹកអូរ និងត្រពាំងខ្លះបានរីងជិតអស់ហើយ។ ក្រៅពីនេះទៀតពួកគាត់នឹងប្រឈមមុខនឹងជំងឺគ្រុនចាញ់ និងជំងឺផ្សេងៗថែមទៀត ដោយសារតំបន់នោះជាតំបន់ព្រៃភ្នំ ដេកពុំមានមុងការពារមូសខាំ បរិភោគទឹកអូរ ត្រពាំង ពុំមានអនាម័យ បរិភោគចំណីអាហារមិនគ្រប់គ្រាន់ និងពុំមានថ្នាំសង្កូវព្យាបាល ដែលបញ្ហាទាំងនេះអ្នកភូមិលោកសុំឲ្យអាជ្ញាធរ និងអង្គការក្រៅរដ្ឋាភិបាល ជួយដោះស្រាយ ដើម្បីបញ្ចៀសនូវបញ្ហាប្រឈមទាំងនេះ៕
