ថ្លែងនៅក្នុងពិធីសម្ពោធ នៅថ្ងៃទី១ ឧសភា នៅខេត្តព្រះសីហនុ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទាក់ទាញអ្នកវិនិយោគបរទេស ជាពិសេសអ្នកវិនិយោគជប៉ុន មកវិនិយោគនៅដំបន់សេដ្ឋកិច្ចនេះ ដែលលោកអះអាងថា ជាតំបន់សេដ្ឋកិច្ចពិសេសគ្រប់គ្រងដោយរដ្ឋាភិបាលផ្ទាល់។
លោក ហ៊ុន សែន៖ «ខ្ញុំសុំយកឱកាសនេះអំពាវនាវចំពោះអ្នកវិនិយោគិនជប៉ុនទាំងឡាយដែលមានចំណាប់អារម្មណ៍ ដើម្បីចូលរួមវិនិយោគនៅក្នុងវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយដែលក្នុងនោះមានតំបន់សេដ្ឋកិច្ចពិសេសនេះ ជាមួយនឹងការកែលម្អរនូវបរិស្ថានវិនិយោគដទៃទៀតដើម្បីជំរុញដំណើរការអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា»។
សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុន ឲ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ មានផ្ទៃដីជិត ៧០ហិកតារ សាងសង់ឡើងក្រោមប្រាក់កម្ចីសម្បទានរបស់ប្រទេសជប៉ុន ចំនួនប្រហែល ៣.៦០០លានយ៉េន ស្មើប្រហែល ៣៣លានដុល្លារ។ ចាប់ផ្ដើមសាងសង់នៅឆ្នាំ២០០៩។
ទោះយ៉ាងណា កំពង់ផែថ្មីនេះ នៅមិនទាន់ទទួលនាវាផ្ទុកទំនិញធំៗដែលមានទំហំ ៥ម៉ឺនតោន ដូចប្រទេសអភិវឌ្ឍន៍នានាបានទេ។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា រដ្ឋាភិបាលកំពុងអភិវឌ្ឍកំពង់ផែនេះដើម្បីឲ្យនាវាធំៗចូលបាន រួមទាំងសង់កំពង់ផែសម្រាប់ដឹកជញ្ជូនប្រេងដែលផលិតនៅក្នុងសមុទ្រខ្មែរផង៖ «យើងនឹងបន្តពង្រីកជម្រៅទឹករបស់យើង។ ២០១២ ដល់ ២០១៥ កំពង់ផែពហុបំណងប្រវែង ២៦០ម៉ែត្រ ជម្រៅទឹក១៣ម៉ែត្រកន្លះ នឹងផែផ្គត់ផ្គង់ការខួងប្រេងប្រវែង ២០០ម៉ែត្រ»។
របាយការណ៍កំពង់ផែព្រះសីហនុបង្ហាញថា បច្ចុប្បន្នកំពង់ផែនេះអាចទទួលនាវាដឹកទំនិញមានទម្ងន់ត្រឹមតែ ២ម៉ឺនតោន។ ចំពោះនាវាធន់ធ្ងន់ជាងនេះ មិនអាចចូលចតបាន ព្រោះជម្រៅទឹករាក់។ រីឯនាវាដឹកទំនិញធ្ងន់ចង់ចូលមកកម្ពុជា ត្រូវបង្ខំចូលចតនៅកំពង់ផែប្រទេសជិតខាង ហើយត្រូវរំលែកទំនិញដឹកតាមនាវាតូចៗចូលមកកំពង់ផែនៅកម្ពុជា។
ទាក់ទងទៅនឹងសេចក្ដីអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី សុំឲ្យអ្នកវិនិយោគទុនជប៉ុន មកវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ ដែលទើបបើកថ្មីនេះ ស្ថានទូតជប៉ុន ប្រចាំប្រទេសកម្ពុជា បានប្រកាសនៅថ្ងៃទី៣០ មេសា ថា មកទល់ពេលនេះ មានក្រុមហ៊ុនបរទេសពីរហើយបានមកវិនិយោគ គឺក្រុមហ៊ុនផលិតក្រដាសរបស់ជប៉ុនមួយ បានដាក់ទុនប្រហែល ១៥លានដុល្លារ និងក្រុមហ៊ុន ហ្វ័ដ (FORD) ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិក គ្រោងជួលដីក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ទំហំ ១ហិកតារកន្លះ ដើម្បីដំឡើងរថយន្តនាំចេញ និងលក់ក្នុងស្រុក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
