សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ

អង្គការ​ឃ្លាំ​មើល​សេរីភាព​សារព័ត៌មាន​អន្តរជាតិ​ឈ្មោះ "អ្នក​យក​ព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Borders)" បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​សម្រាប់​ឆ្នាំ​២០១៣ ទាក់​ទង​ជាមួយ​ស្ថានភាព​សេរីភាព​សារព័ត៌មាន​របស់​ប្រទេស​ចំនួន​១៧៩ នៅ​លើ​ពិភពលោក។

0:00 / 0:00

ប្រទេស​កម្ពុជា ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១៤៣ ក្នុង​ចំណោម​ប្រទេស​១៧៩ គឺ​ស្ថិត​នៅ​ក្នុង​លំដាប់​ថ្នាក់​សេរីភាព​សារព័ត៌មាន​មាន​ការ​លំបាក។ នេះ​មិន​មែន​ជា​ពិន្ទុ​ល្អ​ទេ​ចំពោះ​ប្រទេស​កម្ពុជា ប៉ុន្តែ​មាន​ប្រទេស​ជាច្រើន​ដែល​នៅ​ជិត​ខាង​ប្រទេស​កម្ពុជា មាន​ពិន្ទុ​អាក្រក់​ជាង​ប្រទេស​កម្ពុជា ទៅ​ទៀត។

អង្គការ​អ្នក​យក​ព័ត៌មាន​គ្មាន​ព្រំដែន បាន​ចាត់​ថ្នាក់​សេរីភាព​សារព័ត៌មាន​ប្រទេស​កម្ពុជា បាន​លេខ​១៤៣ ក្នុង​ចំណោម​ប្រទេស​១៧៩ សម្រាប់​ឆ្នាំ​២០១៣ គឺ​មាន​ការ​ធ្លាក់​ចុះ​ពី​លេខ​១១៧ កាល​ពី​ឆ្នាំ​២០១២។ ប៉ុន្តែ ចំណាត់​ថ្នាក់​របស់​ប្រទេស​កម្ពុជា នេះ នៅ​គ្រាន់​បើ​ជាង​ប្រទេស​វៀតណាម ឡាវ ចិន ភូមា (មីយ៉ាន់ម៉ា) និង​កូរ៉េខាងជើង។

ប្រទេស​ជិត​ខាង​កម្ពុជា និង​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក (Asia Pacific) ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​ទាប​ជាង​ប្រទេស​កម្ពុជា មាន​ប្រទេស​ភូមា បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​១៥១ ប្រទេស​ឡាវ បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​១៦៨ ប្រទេស​វៀតណាម បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​១៧២ ប្រទេស​ចិន បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​១៧៣ និង​ប្រទេស​កូរ៉េខាងជើង បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​១៧៨ ចំណែក​ប្រទេស​ថៃ បាន​ទទួល​ចំណាត់​ថ្នាក់​ល្អ​ជាង​ប្រទេស​កម្ពុជា គឺ​បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​១៣៥។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា មាន​ប្រសាសន៍​ថា ចំពោះ​ប្រទេស​កម្ពុជា ការ​ធ្លាក់​ចុះ​នេះ​ដោយ​សារ​មាន​ការ​ចាប់​លោក ម៉ម សូណង់ដូ ហើយ​កាត់​ទោស​ដាក់​ពន្ធនាគារ និង​ការ​ស្លាប់​របស់​អ្នក​កាសែត​នៅ​ខេត្ត​រតនគិរី ដែល​បាន​សរសេរ​អំពី​ការ​រក​ស៊ី​ឈើ​ខុស​ច្បាប់​ជាដើម។ ចំពោះ​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់ ហើយ​នៅ​ជិត​ខាង​កម្ពុជា នោះ លោក​មិន​មាន​ការ​ភ្ញាក់​ផ្អើល​ឡើយ ពីព្រោះ​ប្រទេស​ទាំង​នោះ​កាន់​របប​កុម្មុយនីស្ត​ផ្តាច់​ការ។

លោក អ៊ូ វីរៈ៖ «អត់​មាន​អី​ភ្ញាក់​ផ្អើល​ទេ។ ប្រទេស​វៀតណាម យើង​ដឹង​ថា​ជា​ប្រទេស​កុម្មុយនីស្ត​ផ្តាច់​ការ ហើយ​មិន​មាន​សេរីភាព​សារព័ត៌មាន​ទាល់​តែ​សោះ។ ខ្ញុំ​អត់​មាន​អី​ភ្ញាក់​ផ្អើល​ទេ​អំពី​ប្រទេស​ចិន។ ហើយ​ចំពោះ​ប្រទេស​កម្ពុជា ឆ្នាំ​២០១២ នេះ យើង​មាន​បញ្ហា​មួយ​ចំនួន ហើយ​បញ្ហា​ធំ​បំផុត​នោះ គឺ​រឿង​លោក ម៉ម សូណង់ដូ ដែល​ធ្វើ​ឲ្យ​អ្នក​សារព័ត៌មាន​មាន​ការ​ភ័យ​ខ្លាច។ ហើយ​នៅ​ឆ្នាំ​២០១២ នេះ ក្រសួង​ព័ត៌មាន​មាន​ការ​រឹត​បន្តឹង​លើ​បញ្ហា​លីសង់​មែន​ទែន»

របាយការណ៍​របស់​អង្គការ​អ្នក​យក​ព័ត៌មាន​គ្មាន​ព្រំដែន បាន​វាយ​តម្លៃ​ថា ចំពោះ​ប្រទេស​ចិន វៀតណាម ឡាវ និង​កូរ៉េខាងជើង នោះ គឺ​មិន​មាន​ការ​កែប្រែ​អ្វី​ឡើយ ទាក់​ទង​ជាមួយ​សេរីភាព​សារព័ត៌មាន ពីព្រោះ​ប្រទេស​ទាំង​នោះ​គ្រប់គ្រង​ដោយ​គណបក្ស​កាន់​អំណាច​ផ្តាច់​ការ ហើយ​បាន​បដិសេធ​មិន​ឲ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន​មាន​សេរីភាព​ក្នុង​ការ​ទទួល​ព័ត៌មាន​ដោយ​សេរី​ឡើយ។ រដ្ឋាភិបាល​នៅ​បណ្ដា​ប្រទេស​ទាំង​នោះ បាន​គ្រប់គ្រង និង​ត្រួត​ពិនិត្យ​យ៉ាង​តឹងរ៉ឹង​រាល់​ព័ត៌មាន​ទាំង​អស់ ពីព្រោះ​ពួក​គេ​ខ្លាច​ការ​បើក​ចំហ​នោះ​នាំ​ឲ្យ​មាន​ការ​រិះគន់​ចំពោះ​របប​គ្រប់គ្រង​របស់​គេ។

នៅ​ប្រទេស​វៀតណាម និង​ចិន អាជ្ញាធរ​បាន​ដាក់​ការ​គាប​សង្កត់​យ៉ាង​ខ្លាំង​ចំពោះ​ប្រជាពលរដ្ឋ​ណា​ដែល​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត និង​បង្កើត​ប្លុក។ នៅ​ប្រទេស​វៀតណាម ក្នុង​រយៈពេល​មិន​ដល់​មួយ​ឆ្នាំ​ផង តុលាការ​បាន​កាត់​ទោស​អ្នក​បង្កើត​ប្លុក​អ៊ីនធឺណិត​ចំនួន ១២​នាក់ រហូត​ដល់​ទៅ ១៣​ឆ្នាំ។

ចំពោះ​ប្រទេស​ភូមា គឺ​មាន​ការ​ប្រែប្រួល​ជាច្រើន​គួរ​កត់​សម្គាល់​នៅ​ក្នុង​ឆ្នាំ​២០១២ កន្លង​មក​នេះ។ ពិត​មែន​តែ​ប្រទេស​ភូមា បាន​ទទួល​ចំណាត់​លេខ​១៥១ ទាប​ជាង​ប្រទេស​កម្ពុជា តែ​ប្រទេស​នេះ​មាន​រីក​ចម្រើន​ខាង​សេរីភាព​សារព័ត៌មាន ឈាន​ឡើង​ពី​ចំណាត់​ថ្នាក់​លេខ​១៦៩ មក​លេខ​១៥១។

នៅ​ប្រទេស​ភូមា គ្មាន​អ្នក​កាសែត​ប្រឆាំង​ដែល​បន្សល់​ពី​របប​យោធា​និយម​ជាប់​ពន្ធនាគារ​ទៀត​ទេ។ ភូមា កំពុង​តែ​កែប្រែ​ច្បាប់​សារព័ត៌មាន ដើម្បី​ឲ្យ​អង្គការ​កាសែត បំពេញ​ការងារ​បាន​សេរី ដូច​ជា​ការ​លុប​ចោល​ការ​ត្រួត​ពិនិត្យ​មុន​ពេល​បោះ​ពុម្ព​ផ្សាយ និង​ការ​អនុញ្ញាត​ឲ្យ​អង្គការ​កាសែត ដែល​និរទេស​ខ្លួន វិល​ចូល​មក​តាំង​ទី​ក្នុង​ប្រទេស​វិញ​ជាដើម។

លោក ចាន់ សុវ៉េត អនុប្រធាន​ក្រុម​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) មាន​ប្រសាសន៍​ថា លើ​បញ្ហា​សេរីភាព​សារព័ត៌មាន​នេះ គេ​មិន​ត្រូវ​ប្រៀបធៀប​ប្រទេស​កម្ពុជា ជាមួយ​ប្រទេស​កាន់​លទ្ធិ​កុម្មុយនីស្ត​ឡើយ។ បើ​ចង់​ប្រៀបធៀប មាន​តែ​ផ្គូផ្គង​ជាមួយ​ប្រទេស​ដែល​កាន់​របប​ប្រជាធិបតេយ្យ​ដូច​គ្នា​ប៉ុណ្ណោះ។

លោក ចាន់ សុវ៉េត៖ «យើង​ខាង​សង្គម​ស៊ីវិល មាន​ការ​វាយ​តម្លៃ​ថា អ្វី​ដែល​អង្គការ​អន្តរជាតិ​ធ្វើ​ការ​វាយ​តម្លៃ និង​ស៊ើប​អង្កេត​ផ្សេងៗ​នោះ គឺ​មិន​អាច​ធ្វើ​លេងៗ​បាន​ទេ និយាយ​រួម​ទៅ គឺ​គេ​មាន​ជំនាញ​តែ​ម្តង។ យើង​មិន​អាច​យក​ប្រទេស​យើង​ទៅ​ប្រៀបធៀប​ជាមួយ​ប្រទេស​ចិន ឡាវ វៀតណាម ឬ​កូរ៉េខាងជើង បាន​ទេ ពីព្រោះ​ប្រទេស​នោះ​ជា​ប្រទេស​កុម្មុយនីស្ត ដូច​នេះ​ប្រទេស​កុម្មុយនីស្ត​វា​មិន​អាច​មាន​សារព័ត៌មាន​សេរី​បាន​ទេ»

អង្គការ​អ្នក​យក​ព័ត៌មាន​គ្មាន​ព្រំដែន បាន​ចាត់​ថ្នាក់​សេរីភាព​ប្រទេស​និមួយៗ​ដោយ​ផ្អែក​លើ​កត្តា​គោល​ចំនួន​៦ គឺ​គណនា​កម្រិត​នៃ​ការ​បញ្ចេញ​មតិ​នៅ​ក្នុង​ប្រព័ន្ធ​ឃោសនា ការ​បំពេញ​ការងារ​ដោយ​ឯករាជ​របស់​ប្រព័ន្ធ​ឃោសនា ពិនិត្យ និង​វិភាគ​អំពី​ស្ថានភាព​ធ្វើ​ការងារ​របស់​អ្នក​កាសែត ពិនិត្យ​វិភាគ​អំពី​ច្បាប់ និង​ប្រសិទ្ធភាព​របស់​វា ពិនិត្យ និង​វិភាគ​អំពី​តម្លាភាព​នៃ​ស្ថាប័ន និង​បែប​បទ​ការងារ​ដែល​មាន​ឥទ្ធិពល​ទៅ​លើ​ការ​ផលិត​ដំណឹង និង​ព័ត៌មាន និង​ពិនិត្យ​អំពី​គុណភាព​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​គាំទ្រ​ដល់​ការ​ផលិត​ដំណឹង និង​ព័ត៌មាន។ របាយការណ៍​របស់​អង្គការ​អ្នក​យក​ព័ត៌មាន​គ្មាន​ព្រំដែន គឺ​មាន​ចេញ​ផ្សាយ​មួយ​ឆ្នាំ​ម្តង​ជា​រៀង​រាល់​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។