ចៅហ្វាយ​ខែត្រ​កំពង់ស្ពឺ​បដិសេធ​ថា​គ្មាន​មនុស្ស​ស្លាប់​ដោយ​អត់​អាហារ​ទទួល​ទាន

ក្រសួង​មហាផ្ទៃ​នៃ​ប្រទេស​កម្ពុជា​បាន​ថ្លែង​នៅ​ក្នុង​របាយការណ៍​មួយ​នា​ថ្ងៃ​ច័ន្ទ​នេះ​បដិសេធ​ថា គ្មាន​អ្នក​ស្លាប់​ដោយ​ជំងឺ​ខ្វះ​ជីវជាតិ​ឬ​អត់​អាហារ​ទទួល​ទាន​ឡើយ​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​កន្លង​មក​នេះ។

សេចក្តី​បដិសេធ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​វិទ្យុ​អាស៊ីសេរី​បាន​ផ្សាយ​កាលពី​ខែ​ឧសភា​កន្លង​មក​នេះ​ថា មាន​បុរស​ម្នាក់​នៅ​ក្នុង​ភូមិ​ត្រពាំងកក់ ឃុំ​ពោធិ៍អង្គ្រង ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ បាន​ស្លាប់​ដោយ​ការខ្វះ​ជីវជាតិ​ឬ​ខ្វះ​អាហារ​ទទួល​ទាន​ដោយសារ​ក្រុម​គ្រួសារ​នោះ​ក្រីក្រ​ខ្លាំង​ពេក។

លិខិត​ស្រាយ​បំភ្លឺ​ដដែល​ដោយ​មាន​ចុះ​ហត្ថលេខា​របស់​លោក កង ហ៊ាង អភិបាល​ខេត្ត​កំពង់ស្ពឺ ភ្ជាប់​ដោយ​របាយការណ៍​ស្រាវជ្រាវ​លម្អិត​បាន​បញ្ជាក់​ថា បុរស​នោះ​បាន​ស្លាប់​ដោយសារ​ជំងឺ​ទាចទឹក​រ៉ាំរ៉ៃ​ដែល​បាន​កើត​ចំនួន​២​ឆ្នាំ​មក​ហើយ។

របាយការណ៍​ស្រាវជ្រាវ​របស់​មន្ត្រី​រដ្ឋាភិបាល​ដដែល​នេះ​បាន​បញ្ជាក់​ទៀត​ថា ក្រុម​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដឹកនាំ​យក​អង្ករ​ទៅ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​និង​ទៅ​ដល់​ក្រុម​គ្រួសារ​នោះ ហើយ​សរសេរ​បញ្ជាក់​ទទួល​ស្គាល់​ថា​ក្រុម​គ្រួសារ​នោះ​ក្រីក្រ​មែន។

គួរ​ជម្រាប​ជូន​ថា វិទ្យុ​អាស៊ីសេរី​ដែល​បាន​ចុះ​សម្ភាសន៍​ផ្ទាល់​និង​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​១២ ឧសភា​កន្លង​មក បាន​ដកស្រង់​សម្ដី​របស់​ភរិយា​បុរស​ម្នាក់​ឈ្មោះ មាន គា ដែល​បាន​ស្លាប់ បាន​ថ្លែង​អះអាង​ថា ក្រុម​គ្រួសារ​របស់​អ្នក​ស្រី​ក្រីក្រ​ណាស់ ជួនកាល​មិន​មាន​អាហារ​បរិភោគ​គ្រប់គ្រាន់​ឲ្យ​គ្រប់​ជីវជាតិ​នោះ​ទេ និង​គ្មាន​ថ្នាំ​ព្យាបាល​ឡើយ​នៅ​ពេល​មាន​ជំងឺ។ កសិករ​រូប​នេះ​បាន​បញ្ជាក់​ថា កត្តា​ទាំង​នោះ​ដែល​នាំ​ឲ្យ​ប្តី​អ្នក​ស្រី​ស្លាប់៕