គ្រោះថ្នាក់​ចរាចរណ៍​កើន​ឡើង​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ

គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ត្រូវ​បាន​សមត្ថកិច្ច និង​មន្ត្រី​អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​អះអាង​ថា មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ឆ្នាំ​២០១២​នេះ។

0:00 / 0:00

កម្លាំង​នគរបាល​ចរាចរ​ផ្លូវ​គោក​បាន​អះអាង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ គឺ​មាន​ការ​កើន​ឡើង​ជាង​ឆ្នាំ​មុន​ប្រៀបធៀប​រយៈពេល​ដូចគ្នា។

ប្រធាន​ផ្នែក​វាស់វែង​គ្រោះថ្នាក់​ចរាចរណ៍​រាជធានី​ភ្នំពេញ លោក សេង ចាន់ថន មាន​ប្រសាសន៍​នៅ ថ្ងៃ​ទី​១៤ មេសា ថា នៅ​ក្នុង​ថ្ងៃ​ទី​១​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ចំ​ថ្ងៃ​ទី ១៣​មេសា នោះ សម្រាប់​ទីក្រុង​ភ្នំពេញ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​៤​ករណី។ លោក​ថា ករណី​នេះ បាន​បង្ក​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ ៧​នាក់​របួស​ធ្ងន់​និង​ម្នាក់​របួស​ស្រាល ៖ "យើង​ពិនិត្យ​ទៅ​ឃើញ​ថា​ឆ្នាំ​មុន បើ​យើង​ប្រៀបធៀប​រហូត​បី​ថ្ងៃ មាន​ករណី​គ្រោះថ្នាក់​តែ​៦​លើក​ទេ នេះ​មួយ​ថ្ងៃ​រហូត​៤​លើក​ហើយ អ៊ីចឹង​គ្រោះថ្នាក់​នេះ​វា​កើន​ឡើង ជាង​ឆ្នាំ​ទៅ។ ប៉ូលិស​ក៏​បាន ចល័ត​សម្រួល​ចរាចរណ៍​នៅ​ក្នុង​គោលដៅ​ផង និង​ចល័ត​មើល​ចំណុច​សំខាន់ៗ ដែល​មាន​ការ​កកស្ទះ ហើយ​ចុះ​សម្រួល​ចរាចរណ៍​ហើយ​ឲ្យ​គាត់​ធ្វើ​ដំណើរ​ទៅ​ឲ្យ​បាន​សុវត្ថិភាព។ ការ​ដាក់​សំពីង​សំពោង​មនុស្ស​នៅ លើ​ដំបូល​អី​យើង​ណែនាំ​គាត់​ឲ្យ​ចុះ​អង្គុយ​មាន​សណ្ដាប់ធ្នាប់"

ចំណែក​មន្ត្រី​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​ធ្វើការ​ឃ្លាំមើល​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឱកាស​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ បាន​រក​ឃើញ​ថា សម្រាប់​ថ្ងៃ​ទី១​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ មាន​ ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​៦០​ករណី បាន​កើត​ឡើង​នៅ​ទី​កន្លែង​ខុសៗ​គ្នា នៅ​ទូទាំង​ប្រទេស។

ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ជាតិ និង​សីលធម៌​សង្គម លោក ប៉ូ សំណាង ថ្លែង​ថា ពី​ចំណុច​ផ្លូវជាតិ​លេខ​១​ដល់​ផ្លូវជាតិ​លេខ​៦ មាន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​៦០​ករណី​ដែល​ក្រុម​ការងារ​របស់​លោក​បាន​ទទួល​ទូរស័ព្ទ​ហៅ​ចូល​​ឲ្យ​ជួយ​អន្តរាគមន៍​ពី​ប្រជាពលរដ្ឋ នឹង​អ្នក​ដែល​បាន​រងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តាម​ដង​ផ្លូវ ៖ "នេះ​ជា​កម្មវិធី​ថ្មី​ដែល​យើង​ចាំ​ស្រង់​ស្ថិតិ​និង​របាយការណ៍​ពី​បងប្អូន​ជន​រងគ្រោះ​ដែល​មាន​បញ្ហា​កើត​ឡើង​នៅ​តាម​ដង​ផ្លូវ​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ទៅ​អង្គភាព​ដែល​នៅ​បៀតៗ​នោះ​ឲ្យ​ជួយ​សង្គ្រោះ។ នៅ ​ភ្នំពេញ ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន អាជ្ញាធរ​មាន​សមត្ថកិច្ច​គាត់​សហការ​នៅ​ពេល​ដែល​ឡាន​ស្ទះ​ឬ​ក៏ នៅ ពេល​កន្លែង​ណា​ដែល​មាន​ឧប្បត្តិហេតុ​អ្វី​កើត​ឡើង​យើង​តែងតែ​ស្នើ​សុំ​គាត់។ បន្ត​ទៅ​ខាង​អគ្គស្នងការ​នគរបាល​ជាតិ ទៅ​មន្ទីរពេទ្យ និង​អាជ្ញាធរ​ផ្ទាល់"

គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក ក៏​បាន​ចេញ​សេចក្ដី​អំពាវនាវ​មួយ ក្នុង​គោលដៅ​ដាស់​តឿន​អ្នក​ធ្វើ​ដំណើរ ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ពេល​បើកបរ ត្រូវ​គោរព​ច្បាប់​ចរាចរ និង​ចេះ​យោគ​យល់​អធ្យាស្រ័យ​ក្នុង​ពេល​ធ្វើ​ដំណើរ​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ដែរ។

សេចក្ដី​អំពាវនាវ​ដែល​មាន​១០​ចំណុច បាន​រក​ឃើញ​ថា គ្រោះថ្នាក់​ចរាចរណ៍​តែងតែ​កើតមាន​ឡើង គឺ​ដោយសារ​តែ​អ្នកបញ្ជា​យានយន្ត​បើកបរ​ក្នុង​ល្បឿន​ហួសកំណត់។ បើកបរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង ធ្វេសប្រហែស មិន​គោរព​ច្បាប់​ចរាចរណ៍ អ្នក​ជិះ​ម៉ូតូ​មិន​ពាក់​មួក​សុវត្ថិភាព មិន​ប្រកាន់ខ្ជាប់​តាម​គន្លង​ផ្លូវ ឬ​ចំណែក​ផ្លូវ ដែល​តម្រូវ​សម្រាប់​យាន​របស់​ខ្លួន​ជា​ដើម​។ រីឯ​អ្នក​ថ្មើរជើង​ក៏​មាន​ការ​ធ្វេសប្រហែស មិន​បាន​ដើរ​អែប​ចិញ្ចើមថ្នល់ និង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ឆ្លងកាត់​ថ្នល់។

នៅ​ក្នុង​រយៈពេល៥​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ឆ្នាំ​២០១១​កន្លង​ទៅ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន ២១១​ករណី បាន​បណ្ដាល​ឲ្យ​មនុស្ស​៥៨​នាក់​ស្លាប់ របួសធ្ងន់​ចំនួន​២៧៩​នាក់ របួសស្រាល​២០៥​នាក់។ សរុប​ទៅ គិត​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​គឺ​មាន​មនុស្ស​ជាង​១១នាក់​បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍។

ដោយឡែក​នៅ​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​នេះ​ដែរ មាន​ដំណឹង​ថា មាន​ករណី​អគ្គិភ័យ​នៅ​រាជធានី​ភ្នំពេញ​កើត​ឡើង​មួយ​ដែរ។

ប្រធាន​ការិយាល័យ​នគរបាល​បង្ការ និង​ពន្លត់​អគ្គីភ័យ​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក​វរសេនីយ៍ នេត វន្ថា ឲ្យ​ដឹង​ថា មាន​ករណី​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្នុង​សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ​រាជធានី​ភ្នំពេញ។ ប៉ុន្តែ​គេ​នៅ​ពុំ​ទាន់​ដឹង​ថា បាន​ខូចខាត​ទ្រព្យ​សម្បត្តិ​និង​ប៉ះពាល់​មនុស្ស​ឬ​យ៉ាង​ណា​នោះ​ទេ ហើយ​ចំពោះ​មូលហេតុ​បណ្ដាល​ឲ្យ​មាន​អគ្គីភ័យ​នោះ​ក៏​មិន​ទាន់​បាន​ដឹង​ដែរ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។