ក្រុមអង្គការសមាគមមិនមែនរដ្ឋាភិបាល បានដាក់ពាក្យប្ដឹងមន្ត្រីអង្គការស្រាវជ្រាវ ទប់ស្កាត់គ្រឿងញៀន និងជំងឺអេដស៍ ដែលមានមូលដ្ឋានក្នុងឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទៅក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធ។ ការប្ដឹងនេះ គឺដើម្បីបង្ហាញអំពីអ្វីដែលជាអំពើខុសឆ្គងនៅក្នុងអង្គការនោះទៅលើការរំលោភសិទ្ធិមនុស្ស និងកំពុងប្រើប្រាស់ដីសម្បទានសង្គមកិច្ចក្នុងទម្រង់ខុសច្បាប់ ដែលធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់អង្គការដទៃទៀត។
លោក នី ចរិយា ប្រធានកម្មវិធីសិទ្ធិដីធ្លីនៃសមាគមអាដហុក បានឲ្យដឹងថា ក្រុមអង្គការសង្គមស៊ីវិលបានរួមគ្នាដាក់ពាក្យប្ដឹងអ្នកគ្រប់គ្រងអង្គការស្រាវជ្រាវទប់ស្កាត់គ្រឿងញៀន និងជំងឺអេដស៍ គឺលោក ប៉ែន លឹម ឫ ស ឈួនលឹម ជាទីប្រឹក្សាសម្តេច ជា ស៊ីម និងជាអគ្គនាយកក្រុមហ៊ុន ប៉ែន លឹម អ៊ីមផត-អិចផត រួមទាំងមន្ត្រីរបស់លោកក្នុងអង្គការនេះ។
លោកបានបន្តថា កម្មវត្ថុនៃការដាក់ពាក្យបណ្ដឹងកាលពីថ្ងៃទី៣ ខែកញ្ញា គឺមិនបានទាមទារឲ្យមានការបិទអង្គការនេះ ឬយ៉ាងណានោះទេ អាស្រ័យទៅលើក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតជាអ្នកត្រួតពិនិត្យ។
លោក នី ចរិយា មានប្រសាសន៍ដូច្នេះ ៖ «នៅពេលដែលប្រជាជនលោកមានបញ្ហានៅក្នុងតំបន់ គឺអង្គការបានដើរតួជំនួសអាជ្ញាធរមូលដ្ឋាន ជាពិសេសបានយករឿងព្រហ្មទណ្ឌជាច្រើនមកដោះស្រាយដោយខ្លួនឯង សម្រេចដោយខ្លួនឯង ដែលជាការរំលោភលើដែនសមត្ថកិច្ចរបស់អាជ្ញាធរដែនដី»។
ការថ្លែងបែបនេះ បានកើតមាននៅក្នុងសន្និសីទសារព័ត៌មានមួយរបស់គណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា ក្នុងរាជធានីភ្នំពេញ ស្ដីអំពីការរំលោភសិទ្ធិមនុស្សនៅក្នុងដែនដីនៃការគ្រប់គ្រងរបស់អង្គការស្រាវជ្រាវ ទប់ស្កាត់គ្រឿងញៀន និងជំងឺអេដស៍។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មិនអាចបំភ្លឺចំពោះបញ្ហានេះបានទេ ដោយលោកជាប់រវល់ប្រជុំ។
តំណាងប្រជាពលរដ្ឋ ៤៣៩គ្រួសារ ក្នុងឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានថ្លែងថា កាលពីឆ្នាំ២០០៧ អង្គការស្រាវជ្រាវ ទប់ស្កាត់គ្រឿងញៀន និងជំងឺអេដស៍ បានទទួលដីសម្បទានសង្គមកិច្ចទំហំ ៥៥៦ហិកតា ជាគោលការណ៍របស់រដ្ឋាភិបាលកម្ពុជា ដើម្បីផ្ដល់ឲ្យប្រជាពលរដ្ឋក្រីក្រ។ ក៏ប៉ុន្តែអង្គការនេះបានយកដីសម្បទានសង្គមកិច្ចទាំងនោះទៅលក់ដូរវិញ។
លោកថា អង្គការនេះបានវាតយកដីលើសពីចំនួនដែលរដ្ឋាភិបាលផ្ដល់ឲ្យ បានធ្វើឲ្យប៉ះពាល់ដីប្រជាពលរដ្ឋកំពុងរស់នៅចំនួន ៥៧គ្រួសារ។ ដីតំបន់សម្បទានសង្គមកិច្ចនេះ ត្រូវបានគ្រប់គ្រងផ្ទាល់ដោយប្រធានអង្គការ គ្មានកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានឡើយ ហើយពួកគាត់ពុំមានដីស្រែចម្ការ និងជួបប្រទះនឹងការខ្វះខាតស្បៀងអាហារ បញ្ហាសុខភាព រួមទាំងមនុស្សចាស់ និងកូនក្មេងកំពុងមានជំងឺគ្មានថ្នាំសង្កូវ។
ឆ្លើយតបទៅនឹងការចោទប្រកាន់នេះ លោក ប៉ែន លឹម ឬ ស ឈួនលឹម ជាទីប្រឹក្សាសម្តេច ជា ស៊ីម និងជាប្រធានអង្គការស្រាវជ្រាវ ទប់ស្កាត់គ្រឿងញៀន និងជំងឺអេដស៍ ខេត្តព្រះវិហារ បានច្រានចោលចំពោះការលើកឡើងនេះ។
លោក ប៉ែន លឹម បដិសេធដូច្នេះ ៖ «ប្រជាជនដែលថា ខ្ញុំរំលោភសិទ្ធិមនុស្សហ្នឹងទី១ ទី២រំលោភក្មេងស្រី ទី៣ បិទសិទ្ធិសេរីភាពប្រជាពលរដ្ឋ...។ សម័យនេះទៅហើយគ្មាននរណាគេទៅធ្វើអ៊ីចឹងកើតទេ»។
នៅថ្ងៃទី៦ ខែកញ្ញា គណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា ក៏បានចេញសេចក្ដីថ្លែងការណ៍មួយ ថ្កោលទោសចំពោះអំពើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលអង្គការនេះកំពុងរំលោភច្បាប់ជាធរមាន ម្យ៉ាងទៀតជុំវិញភាពមិនប្រក្រតីក្នុងការចែកដី និងការបន្លំយកដីសម្បទានសង្គមកិច្ចទៅធ្វើអាជីវកម្មផ្ទាល់ខ្លួន ដែលចាត់ទុកជាអំពើរំលោភសេចក្ដីទុកចិត្ត និងឆបោករដ្ឋាភិបាល។
ក្រុមអ្នកភូមិបានអះអាងថា មានប្រជាពលរដ្ឋចំនួន ៣នាក់ ដែលមានឈ្មោះក្នុងដីការបស់តុលាការខេត្តព្រះវិហារ ឲ្យចូលខ្លួនដើម្បីធ្វើការសាកសួរនៅថ្ងៃទី៩ ខែកញ្ញា ខាងមុខនេះ ពីបទញុះញង់ឲ្យប្រព្រឹត្តបទល្មើសឧក្រិដ្ឋជនមជ្ឈឹម ដោយពុំបានសម្រេចផល និងផ្សាយព័ត៌មានមិនពិត៕
