អនុប្រធាននាយកដ្ឋានកិច្ចការនយោបាយក្រសួងមហាផ្ទៃ លោក ម៊ី ណារ៉ាត់ មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះ ៖ «លោកអនុញ្ញាតជាគោលការណ៍ហើយ។ ខ្ញុំបានធ្វើដាក់ឡើងទៅជូនគាត់ស៊ីញ៉េហើយ ប៉ុន្តែមិនទាន់ធ្លាក់មកវិញ»។
សមាគមការពារសិទ្ធិមនុស្សអាដហុកខេត្តរតនគិរី កាលពីខែធ្នូ ឆ្នាំ២០០៧ និងខែឧសភា ឆ្នាំ២០០៨ ធ្លាប់បានស្នើសុំអាជ្ញាធរខេត្តដើម្បីធ្វើយុទ្ធនាការហែក្បួនទាមទារឲ្យមានការទប់ស្កាត់សកម្មភាពកាប់រានព្រៃឈើយកដីជាសម្បត្តិឯកជន សកម្មភាពធ្វើអាជីវកម្មឈើប្រណីតខុសច្បាប់ និងការទន្ទ្រានទិញលក់ដីធ្លីទ្រព្យសម្បត្តិរដ្ឋដែលគ្រប់គ្រងដោយសហគមន៍ជនជាតិដើម ក៏ប៉ុន្តែត្រូវបានបង្រ្កាបដោយកងកម្លាំងប្រដាប់អាវុធនិងរថយន្តបាញ់ទឹកក្រោមហេតុផលថាគ្មានការអនុញ្ញត។
មន្ត្រីសម្របសម្រួលសមាគមអាដហុកខេត្តរតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ថាការទាមទារហែក្បួនធ្វើឡើងដោយសារតែពាក្យបណ្តឹងរាប់រយករណីរបស់អ្នកភូមិទាក់ទិនបញ្ហាខាងលើមិនត្រូវបានអាជ្ញាធរដោះស្រាយ។
លោក ប៉ែន ប៊ុណ្ណារ៍ បានបញ្ជាក់ថា ៖ «យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលមិនត្រូវបានសមត្ថកិច្ចអាជ្ញាធរធ្វើការអនុវត្តឲ្យមានប្រសិទ្ធភាពទេ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការអធិប្បាយពីអភិបាលនិងអភិបាលរងខេត្តរតនគិរីបានទេនៅថ្ងៃសុក្រទាក់ទិនការអនុញ្ញាតជាគោលការណ៍របស់ក្រសួងមហាផ្ទៃនោះ។
ក៏ប៉ុន្តែអភិបាលខេត្ត លោក មួង ប៉យ កាលពីខែកញ្ញា ឆ្នាំ២០០៨ បានធ្វើលិខិតជម្រាបជូនក្រសួងមហាផ្ទៃថា ខេត្តមិនអនុញ្ញាតឲ្យហែក្បួនលើកទីបីទេ គឺអនុញ្ញាតឲ្យបើកសិក្ខាសាលានៅនឹងកន្លែង និងសុំឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃផ្តល់អនុសាសន៍នៅក្នុងបញ្ហានេះ។
ប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក លោក នី ចរិយា មានប្រសាសន៍ថាសមាគមលោកមិនទាន់បានទទួលលិខិតផ្លូវការទាក់ទិនទៅនឹងសេចក្តីអនុញ្ញាតឲ្យហែក្បួននោះទេ។ យ៉ាងនេះក្តីលោកស្វាគមន៍ចំពោះព័ត៌មានខាងលើ។
លោក នី ចរិយា បានមានប្រសាសន៍ថា ៖ «នេះជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវជាចំណុចមួយដែលបង្ហាញពីសហប្រតិបត្តិការរវាងរដ្ឋាភិបាលជាមួយនិងអង្គការសង្គមស៊ីវិល។ ពីមុនមកតែងតែមានការចោទប្រកាន់ថា យើងជាអ្នកនៅពីក្រោយខ្នង»។
ចំណែកប្រជាសហគមន៍ជនជាតិដើមនៅខេត្តរតនគិរីបានហៅឆន្ទៈរបស់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជាថាជាជំហានជំរុញឲ្យមានកិច្ចការពារសិទ្ធិជនជាតិដើមនិងកិច្ចអភិរក្សធនធានធម្មជាតិដីធ្លីទ្រពសម្បត្តិជាតិឲ្យបានគង់វង្ស ៖ «ខ្ញុំអបអរសាទរ រំភើបក្នុងចិត្ត។ ខ្ញុំសូមឲ្យ ព្រៃ ដីធ្លី ឈើ បានគង់វង្សទៅមុខ»។
តាមការគ្រោងទុកសមាគមអាដហុកនិងធ្វើការសម្របសម្រួលយុទ្ធនាការហែក្បួនដែលមានមនុស្សចូលរួម១០០០នាក់ជាជនជាតិដើម មន្រ្តីរាជការ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំង៩ស្រុកនៅក្នុងខេត្តជួបជុំគ្នានៅថ្ងៃ២៨ តុលា ឆ្នាំ២០០៨ នៅទីរួមខេត្តដើម្បីប្រារព្ធពិធី៕
