លោក មឿន ឈានណាឫទ្ធិ បានបញ្ជាក់ថា ៖ «ចៀសវាងកុំសរសេរឲ្យមានការញុះញង់ យើងត្រូវថ្លឹងថ្លែងថា ការពិតដែលយើងថាអ៊ីចឹង តើវាអាចធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍សង្គម ក៏ដូចជាទំនាក់ទំនងល្អរវាងប្រទេសកម្ពុជានិងប្រទេសថៃដែរឬអត់ ព្រោះអីយើងធ្លាប់មានបទពិសោធន៍រួចមកហើយកាលពីខែមករា ឆ្នាំ២០០៣ យើងមានការដុតបំផ្លាញស្ថានទូតថៃ និងទីតាំងពាណិជ្ជកម្មរបស់ថៃជាច្រើន ដោយសារតែការផ្សាយព័ត៌មាន ពាក្យចចាមអារ៉ាម ទាក់ទងនឹងសិល្បការិនីថៃម្នាក់ដែលអះអាងថា អង្គរវត្តជារបស់ថៃនោះ ហើយជាពិសេសនៅពេលដែលមានការផ្សព្វផ្សាយទាក់ទងនឹងការសម្លាប់ខ្មែរយើងដោយទាហានថៃនៅព្រំដែនហ្នឹង»។
អ្នកគ្រូ ទូច វ៉ារីន មន្ត្រីកម្មវិធីនិងជាគ្រូបណ្តុះបណ្តាលខាងផ្នែកការងារកសាងសន្តិភាពនៃវិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍ថា ៖ «ដើម្បីឲ្យស្រុកទេសយើងឬក៏បញ្ហាព្រំប្រទល់យើង អ្នកកាសែតសុំថា រក្សាសីលធម៌ក្នុងការប្រើពាក្យ សុំឲ្យមានព័ត៌មានពិត។ ពាក្យខ្លះធ្វើឲ្យមនុស្សមានជម្លោះទាស់ទែងគ្នា។ ក្នុងនាមជាមនុស្សជាតិយើងត្រូវការសន្តិភាព សន្តិសុខទាំងអស់គ្នា និងរក្សានូវតម្លៃឲ្យគ្នាទៅវិញទៅមកអ៊ីចឹង ទោះបីភាគីណាក៏ដូចភាគីណាក៏ដោយ»។
លោក សាយ មុនី អ្នកឆ្លងឆ្លើយព័ត៌មានឲ្យវិទ្យុអូស្ត្រាលី ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ដើម្បីចៀសវាងបានបញ្ហាដែលកើតមានបន្តិចបន្តួចឲ្យក្លាយទៅជាធំដុំបាន អ្នកសារព័ត៌មានទាំងអស់គួរបំពេញការងាររបស់ខ្លួនទៅតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដោយមិនត្រូវធ្វើអត្ថាធិប្បាយបញ្ចេញបញ្ជូលទៅតាមការយល់ឃើញរបស់ខ្លួន។
លោក សាយ មុនី បានមានប្រសាសន៍ថា ៖ «យើងជាអ្នកកាសែត យើងមានតួនាទីបន្ធូរបន្ថយស្ថានភាពទំនាស់ហ្នឹងតាមរយៈការមិនព្យាយាមយកអារម្មណ៍ជាតិនិយមមកដាក់មុខក្នុងការសរសេរឬផ្សព្វផ្សាយព័ត៌មាន គឺយើងធ្វើយ៉ាងណាសរសេរព័ត៌មានពិតមិនក្នុងលក្ខណៈញុះញង់ ដែលអាចបង្កឲ្យភាគីទំនាស់ទាំងពីរហ្នឹងឈានទៅដល់ហិង្សារវាងគ្នា»។
លោក ចន ចនសាន់ (John Johnson) មន្ត្រីអ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិក មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងថា នៅក្នុងអំឡុងពេលដែលប្រទេសកម្ពុជានិងថៃកំពុងមានវិវាទព្រំដែនជាមួយគ្នានេះ អ្នកសារព័ត៌មានត្រូវតែប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈជាអ្នកកាសែតឲ្យបានត្រឹមត្រូវ និងមានសីលធម៌ខ្ពស់បំផុតក្នុងការសរសេរព័ត៌មានរបស់ខ្លួនយកមកចុះផ្សាយ ព្រោះបើមិនដូច្នេះទេ វានឹងបន្ថែមបញ្ហានិងជម្លោះរវាងប្រទេសទាំងពីរឲ្យមានគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរថែមទៀត៕
