លោកបណ្ឌិត យ៉ង សាំងកុមារ បានលើកឡើងដូច្នេះគឺនៅក្នុងវេទិកាសមាជសហព័ន្ធស្រូវសរីរាង្គថ្នាក់ជាតិលើកទី៥ នៅឯស្នាក់ការកណ្តាលអង្គការ សេដាក (CEDAC) ដែលមានតំណាងកសិករជិត១០០នាក់មកពីសហគមន៍ខេត្តចំនួន៧ មេឃុំ និងក្រុមប្រឹក្សាឃុំចូលរួមផងដែរ។
លោកបណ្ឌិត យ៉ង សាំងកុមារ បានបញ្ជាក់ដូច្នេះ ៖ «អឺរ៉ុបខាងលិចត្រូវការហូបអង្ករប្រហែល១លានតោនជាងអីដែរ អ៊ីចឹងគឺជាទីផ្សារធំ ក៏ប៉ុន្តែទីផ្សារហ្នឹងមិនមែនថា អង្ករអីក៏គេហូបៗទេ គេមានស្តង់ដារ។ ស្ដង់ដារគេគឺទាក់ទងនឹងការបាក់ គឺថាវារលូន គឺបាក់ខ្ពស់បំផុត៥%។ កម្ពុជាឮថា ដំណឹងល្អណាស់ សហគមន៍អឺរ៉ុបបើកទីផ្សារហើយអត់យកពន្ធនាំចូល យើងសប្បាយណាស់ ជាឱកាសហើយ យើងអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង ដូចថៃអ៊ីចឹង ក៏ប៉ុន្តែបើសិនជាគុណភាពយើងមិនកើត ស្រូវគេអត់យកពន្ធ១លានតោន បើគេអត់ឲ្យចូលធ្វើម៉េច?»។
ទីប្រឹក្សាផ្នែកទីផ្សារនៃអង្គការ សេដាក លោក វីនហ្វ្រ៊ីដ (Winfried) បានឲ្យដឹងថា ក្រោយពីពិធីបុណ្យអុំទូកខាងមុខ លោកនឹងនាំអង្ករចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកលើកដំបូងគឺចំនួន៣៦តោន ដែលចំណាយថវិកាក្នុង១តោនអស់១.២០០ដុល្លារ គិតរួមទាំងអស់ដូចជាតម្លៃអង្ករ តម្លៃវេចខ្ចប់ និងការដឹកជញ្ជូនដល់កំពង់ផែខែត្រកំពង់សោមជាដើម។ លោកបានបញ្ជាក់ថា ការនាំចេញអង្ករកម្ពុជាទៅលក់នៅក្រៅប្រទេសគឺសំខាន់គិតលើគុណភាពអង្ករ។
លោក វីនហ្វ្រ៊ីដ បានមានប្រសាសន៍ថា ៖ "ឥឡូវយើងបានផ្ញើនូវសំណាកអង្ករសម្រូបទៅខាងគេហើយ"។
ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក ម៉ាក សឿន បានបញ្ជាក់ថា សហគមន៍កសិករនៅប្រទេសកម្ពុជាមានជាង១៤.០០០ក្រុម ប៉ុន្តែបានចុះបញ្ជីជាផ្លូវការនៅក្រសួងកសិកម្មមានតែចំនួន១១៥ក្រុមតែប៉ុណ្ណោះ។
លោកបានបន្តថា ការចុះបញ្ជីសហគមន៍នៅក្រសួងគឺងាយស្រួលក្នុងការជួយកសិករលើផ្នែកបច្ចេកទេស ការប្រើប្រាស់ពូជស្រូវ ដើម្បីឲ្យមានគុណភាព ប៉ុន្តែលោកក៏បានឲ្យដឹងដែរថា ក្រសួងពុំមានថវិកាជាឥណទានឲ្យកសិករខ្ចីនោះទេ។
លោក ម៉ាក សឿន បានបញ្ជាក់ថា ៖ «សារសំខាន់នៃការចុះបញ្ជីនេះគឺងាយស្រួលក្នុងការគាំទ្រពីរាជរដ្ឋាភិបាល ក៏ដូចជាអង្គការនានាតាមរយៈផ្លូវច្បាប់»។
យោងតាមព្រឹត្តិបត្រអង្គការ សេដាក ដដែល បានបង្ហាញថា នៅប្រទេសកម្ពុជាប្រជាពលរដ្ឋប្រមាណ១,៨លានគ្រួសារពឹងផ្អែកលើកសិកម្មស្រូវ ដែលប្រើប្រាស់ផ្ទៃដីប្រមាណ៨០%នៃផ្ទៃដីកសិកម្មទាំងមូល។
លោក ម៉ាក សឿន បានឲ្យដឹងទៀតថា ក្នុងឆ្នាំ២០០៨-២០០៩នេះ បរិមាណស្រូវសល់ជិត៤លានតោន ហើយអង្ករសល់ជាង២លានតោនផងដែរ៕
