សង្គ​មស៊ីវិល​អំពាវនាវ​ឲ្យ​កសិករ​ដាំ​ស្រូវ​ដោយ​ប្រើ​ប្រាស់​ជី​ធម្មជាតិ

ប្រធាន​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា (CEDAC) នៅ​ថ្ងៃ​២៦ តុលា បាន​អំពាវនាវ​ដល់​កសិករ​ឲ្យ​ឈប់​ប្រើប្រាស់​ជី​គីមី ដោយ​ងាក​មក​ដាំ​ស្រូវ​ដោយ​ប្រើប្រាស់​ជី​ធម្មជាតិ​វិញ​នៅ​ក្នុង​ការ​ជំរុញ​ឲ្យ​ផលិតផល​ស្រូវ​នៅ​កម្ពុជា​មាន​គុណភាព​ខ្ពស់​សម្រាប់​ការ​នាំ​ចេញ។

0:00 / 0:00

លោក​បណ្ឌិត យ៉ង សាំងកុមារ បាន​លើក​ឡើង​ដូច្នេះ​គឺ​នៅ​ក្នុង​វេទិកា​សមាជ​សហព័ន្ធ​ស្រូវ​សរីរាង្គ​ថ្នាក់​ជាតិ​លើក​ទី​៥ នៅ​ឯ​ស្នាក់ការ​កណ្តាល​អង្គការ សេដាក (CEDAC) ដែល​មាន​តំណាង​កសិករ​ជិត​១០០​នាក់​មក​ពី​សហគមន៍​ខេត្ត​ចំនួន​៧ មេ​ឃុំ និង​ក្រុមប្រឹក្សា​ឃុំ​ចូលរួម​ផងដែរ។

លោក​បណ្ឌិត យ៉ង សាំងកុមារ បាន​បញ្ជាក់​ដូច្នេះ ៖ «អឺរ៉ុប​ខាង​លិច​ត្រូវការ​ហូប​អង្ករ​ប្រហែល​១​លាន​តោន​ជាង​អី​ដែរ អ៊ីចឹង​គឺ​ជា​ទីផ្សារ​ធំ ក៏​ប៉ុន្តែ​ទីផ្សារ​ហ្នឹង​មិន​មែន​ថា អង្ករ​អី​ក៏​គេ​ហូបៗ​ទេ គេ​មាន​ស្តង់ដារ។ ស្ដង់ដារ​គេ​គឺ​ទាក់ទង​នឹង​ការ​បាក់ គឺ​ថា​វា​រលូន គឺ​បាក់​ខ្ពស់​បំផុត​៥%។ កម្ពុជា​ឮ​ថា ដំណឹង​ល្អ​ណាស់ សហគមន៍​អឺរ៉ុប​បើក​ទីផ្សារ​ហើយ​អត់​យក​ពន្ធ​នាំ​ចូល យើង​សប្បាយ​ណាស់ ជា​ឱកាស​ហើយ យើង​អាច​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ជិត​ខាង ដូច​ថៃ​អ៊ីចឹង ក៏​ប៉ុន្តែ​បើ​សិន​ជា​គុណភាព​យើង​មិន​កើត ស្រូវ​គេ​អត់​យក​ពន្ធ​១​លាន​តោន បើ​គេ​អត់​ឲ្យ​ចូល​ធ្វើ​ម៉េច?»

ទីប្រឹក្សា​ផ្នែក​ទីផ្សារ​នៃ​អង្គការ សេដាក លោក វីនហ្វ្រ៊ីដ (Winfried) បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ពិធី​បុណ្យ​​អុំទូក​ខាង​មុខ លោក​នឹង​នាំ​អង្ករ​ចេញ​ទៅ​កាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក​លើក​ដំបូង​គឺ​ចំនួន​៣៦​តោន ដែល​ចំណាយ​ថវិកា​ក្នុង​១​តោន​អស់​១.២០០​ដុល្លារ គិត​រួម​ទាំង​អស់​ដូច​ជា​តម្លៃ​អង្ករ តម្លៃ​វេច​ខ្ចប់ និង​ការ​ដឹក​ជញ្ជូន​ដល់​កំពង់​ផែ​ខែត្រ​កំពង់សោម​ជា​ដើម។ លោក​បាន​បញ្ជាក់​ថា ការ​នាំ​ចេញ​អង្ករ​កម្ពុជា​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​គឺ​សំខាន់​គិត​លើ​គុណភាព​អង្ករ។

លោក វីនហ្វ្រ៊ីដ បាន​មាន​ប្រសាសន៍​ថា ៖ "ឥឡូវ​យើង​បាន​ផ្ញើ​នូវ​សំណាក​អង្ករ​សម្រូប​ទៅ​ខាង​គេ​ហើយ"។

ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​កសិកម្ម​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ លោក ម៉ាក សឿន បាន​បញ្ជាក់​ថា សហគមន៍​កសិករ​នៅ​ប្រទេស​កម្ពុជា​មាន​ជាង​១៤.០០០​ក្រុម ប៉ុន្តែ​បាន​ចុះ​បញ្ជី​ជា​ផ្លូវការ​នៅ​ក្រសួង​កសិកម្ម​មាន​តែ​ចំនួន​១១៥​ក្រុម​តែ​ប៉ុណ្ណោះ។

លោក​បាន​បន្ត​ថា ការ​ចុះ​បញ្ជី​សហគមន៍​នៅ​ក្រសួង​គឺ​ងាយ​ស្រួល​ក្នុង​ការ​ជួយ​កសិករ​លើ​ផ្នែក​បច្ចេកទេស ការ​ប្រើប្រាស់​ពូជ​ស្រូវ ដើម្បី​ឲ្យ​មាន​គុណភាព ប៉ុន្តែ​លោក​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ក្រសួង​ពុំ​មាន​ថវិកា​ជា​ឥណទាន​ឲ្យ​កសិករ​ខ្ចី​នោះ​ទេ។

លោក ម៉ាក សឿន បាន​បញ្ជាក់​ថា ៖ «សារសំខាន់​នៃ​ការ​ចុះ​បញ្ជី​នេះ​គឺ​ងាយ​ស្រួល​ក្នុង​ការ​គាំទ្រ​ពី​រាជ​រដ្ឋាភិបាល ក៏​ដូច​ជា​អង្គការ​នានា​តាមរយៈ​ផ្លូវ​ច្បាប់»

យោង​តាម​ព្រឹត្តិបត្រ​អង្គការ សេដាក ដដែល បាន​បង្ហាញ​ថា នៅ​ប្រទេស​កម្ពុជា​ប្រជាពលរដ្ឋ​ប្រមាណ​១,៨​លាន​គ្រួសារ​ពឹង​ផ្អែក​លើ​កសិកម្ម​ស្រូវ ដែល​ប្រើប្រាស់​ផ្ទៃ​ដី​ប្រមាណ​៨០%​នៃ​ផ្ទៃ​ដី​កសិកម្ម​ទាំង​មូល។

លោក ម៉ាក សឿន បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ឆ្នាំ​២០០៨​-​២០០៩​នេះ បរិមាណ​ស្រូវ​សល់​ជិត​៤​លាន​តោន ហើយ​អង្ករ​សល់​ជាង​២​លាន​តោន​ផងដែរ៕