សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជន​ពិការ

អង្គការ​តំណាង​ឲ្យ​ជន​ពិការ​នៅ​កម្ពុជា បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជន​ពិការ​ឲ្យ​បាន​ច្រើន​ថែម​ទៀត និង​ចៀស​វាង​ការ​រើស​អើង​ជន​ពិការ បើ​ទោះ​បី​ជា​ប្រទេស​កម្ពុជា​មាន​ច្បាប់​ការពារ​សិទ្ធិ​ជន​ពិការ​ហើយ​ក៏ដោយ។

0:00 / 0:00

លោក ងិន សៅរ័ត្ន នាយក​ប្រតិបត្តិ​អង្គការ​ជន​ពិការ​កម្ពុជា ហើយ​ដែល​រូប​លោក​ជា​ជន​ពិការ​ផង​នោះ មាន​ប្រសាសន៍​ថា គេ​សង្គេត​ឃើញ​ថា ជន​ពិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​មាន​ការ​រើស​​អ៊ើង ជា​ពិសេស​សិទ្ធិ​ជន​ពិការ​ដែល​ការពារ​ដោយ​ច្បាប់ ហាក់​នៅ​មាន​ការ​ខ្វះ​ចន្លោះ​នៅ​ឡើយ។

លោក​បញ្ជាក់​ថា នៅ​ក្នុង​សង្គម​កម្ពុជា​សព្វថ្ងៃ​នេះ ជន​ពិការ​នៅ​មិន​ទាន់​ត្រូវ​បាន​គេ​ទទួល​ស្គាល់​នៅ​ឡើយ ដូចជា​ការ​រក​ការងារ​ធ្វើ ការ​ទទួល​បាន​ផ្នែក​ថែទាំ​សុខភាព​និង​ការ​សិក្សា​ជាដើម គឺ​នៅ​មាន​កម្រិត។

លោក ងិន សៅរ័ត្ន មាន​ប្រសាសន៍​ដូច្នេះ ៖ «សាធារណជន​ក៏ដោយ ក៏​មិន​ទាន់​បាន​ផ្ដល់​តម្លៃ​ដល់​បង​ប្អូន​ជន​ពិការ​ទេ ច្រើន​និយាយ​ថា ជន​ពិការ​មក​ពី​បាបកម្ម ជន​ពិការ​មិន​អាច​ធ្វើ​អ្វី​កើត​ទេ»

លី ញ៉ ជា​ជន​ពិការ​ជើង​តាំង​ពី​អាយុ​៦​ឆ្នាំ មាន​ប្រសាសន៍​ថា ជន​ពិការ​នៅ​កម្ពុជា​នៅ​មាន​ការ​រើស​អ៊ើង ៖ «ជន​ពិការ​យើង​ចាំបាច់​បំផុត​នៅ​ពេល​នេះ បញ្ហា​សុខភាព​ជា​ចម្បង ការ​ទទួល​បាន ដូច​ជា​អប់រំ ឬ​ក៏​ការងារ»

លោក វន សម្ផស្ស នាយក​រង​ក្រុម​ប្រឹក្សា​សកម្មភាព​ជន​ពិការ បាន​កត់​សម្គាល់​ឃើញ​ថា ជន​ពិការ​នៅ​កម្ពុជា​បច្ចុប្បន្ន​ត្រូវ​បាន​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​គួរ​ឲ្យ​កត់​សម្គាល់។

លោក វន សម្ផស្ស មាន​ប្រសាសន៍​ថា ៖ «ឱកាស​ការងារ​និង​ការ​អប់រំ យើង​ឃើញ​ថា ក្រសួង​គាត់​ធ្វើ​ច្រើន​ហើយ ឥឡូវ​ហ្នឹង​គាត់​មាន​គោល​នយោបាយ​អប់រំ​កុមារ​ពិការ»

លោក ចាប តូនី អនុ​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន​និង​យុវនីតិ​សម្បទា មាន​ប្រសាសន៍​ថា នៅ​ក្នុង​ឆ្នាំ​២០០៩​នេះ សិទ្ធិ​ជន​ពិការ​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​បំផុត។ លោក​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​ជន​ពិការ​មាន​ច្បាប់​ការពារ ដូច្នេះ​ប្រសិន​បើ​ជន​ពិការ​ទទួល​ការ​មើលងាយ ជន​ពិការ​អាច​ធ្វើការ​ប្តឹងផ្តល់​ដើម្បី​សង​ជំងឺ​ចិត្ត។

លោក ចាប តូនី មាន​ប្រសាសន៍​ដូច្នេះ ៖ «ឥឡូវ​ច្បាប់​មាន​ហើយ ជន​ពិការ​មាន​សិទ្ធិ​នឹង​ប្ដឹង​ទៅ​សមត្ថកិច្ច ហើយ​អាច​ដាក់​ផាក​ពិន័យ​អី​ទៀត»

លោកស្រី មីហ្សែល ឡាប៊ូ (Michelle Labeeu) ប្រធាន​ប្រតិបត្តិការ​នៃ​ប្រតិភូ​គណៈកម្មការ​អ៊ឺរ៉ុប ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​ថា នៅ​លើ​ពិភពលោក​បច្ចុប្បន្ន​នេះ មាន​ជន​ពិការ​ចំនួន​៦៥០​លាន​នាក់ ដែល​ភាគ​ច្រើន​មក​ពី​សហគមន៍​ក្រីក្រ។ លោកស្រី​បញ្ជាក់​ថា ជន​ពិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ ត្រូវ​បាន​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ច្រើន ដោយ​បាន​ចុះ​ហត្ថលេខា​លើ​អនុ​សញ្ញា​អន្តរជាតិ ជាមួយ​អង្គការ​សហប្រជាជាតិ ស្តីពី​សិទ្ធិ​ជន​ពិការ​ក្នុង​ឆ្នាំ​២០០៧។ ជាមួយ​គ្នា​នេះ​ដែរ រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​អនុម័ត​ច្បាប់​ស្តីពី​ការ​លើក​កម្ពស់ និង​ការ​ការពារ​សិទ្ធិ​ជន​ពិការ​នៅ​ក្នុង​ឆ្នាំ​២០០៩។

បើ​យោង​តាម​ស្ថិតិ​របស់​ក្រសួង​ផែនការ​ឆ្នាំ​២០០៩​នេះ បាន​ឲ្យ​ដឹង​ថា ជន​ពិការ​នៅ​កម្ពុជា គឺ​មាន​ចំនួន​៤% ក្នុង​ចំណោម​ប្រជាពលរដ្ឋ​១៤​លាន​នាក់​នៅ​ទូទាំង​ប្រទេស៕