សេចក្តីថ្លែងការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចពិចារណាជាថ្មីឡើងវិញនូវផែនការបណ្តេញពលរដ្ឋទាំងនោះឲ្យចេញទៅតាំងលំនៅថ្មីនៅឯតំបន់ដំណាក់ត្រយឹង ជាយក្រុងភ្នំពេញ ព្រោះថា តំបន់ដែលត្រូវទៅនៅនោះគ្មានទីជម្រកសមរម្យ គ្មានប្រព័ន្ធទឹក ភ្លើង បង្គន់ លូទឹក គ្មានមណ្ឌលសុខភាព និងគ្មានលទ្ធភាពអាចឲ្យពលរដ្ឋមានកិច្ចការងារធ្វើ។
អង្គការលើកលែងទោសអន្តរជាតិក៏ស្នើឲ្យមានការពិគ្រោះយោបល់ឲ្យបានច្បាស់លាស់ មិនបន្លំចំពោះគម្រោងផែនការអភិវឌ្ឍន៍លើដីដែលមានទំហំ១៣៣ហិកតារនោះ និងសូមឲ្យអាជ្ញាធរខ្មែរបញ្ជាក់នូវពេលវេលាឲ្យបានច្បាស់លាស់ ដែលកំណត់ឲ្យពលរដ្ឋរើលំនៅឋានចេញពីភូមិទាំងពីរ និងត្រូវធានាឲ្យបានប្រាកដនូវសិទ្ធិរបស់ពលរដ្ឋដែលត្រូវបានដីតាំងលំនៅលើតំបន់បឹងកក់នោះវិញ បន្ទាប់ពីបញ្ចប់ការចាកចេញបណ្តោះអាសន្ននោះ។
អង្គការលើកលែងទោសអន្តរជាតិក៏ទទូចស្នើឲ្យរដ្ឋាភិបាលកម្ពុជាគោរពនូវកាតព្វកិច្ចរបស់ខ្លួនក្រោមសន្ធិសញ្ញាអន្តរជាតិការពារសិទ្ធិមនុស្ស ដែលមិនអនុញ្ញាតឲ្យបណ្តេញមនុស្សទាំងបង្ខំ ប៉ះពាល់ដល់ការរំលោភសិទ្ធិមនុស្ស។
សេចក្តីថ្លែងការណ៍របស់អង្គការលើកលែងទោសអន្តរជាតិគិតគូរដល់ទុក្ខវេទនារបស់ពលរដ្ឋខ្មែរជាង១០០គ្រួសារនោះ គឺធ្វើឡើងនៅបន្ទាប់ពីពលរដ្ឋទទួលបានសេចក្តីព្រមាននិងលិខិតពីលោកអភិបាលខណ្ឌដូនពេញ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៩ ដែលតម្រូវឲ្យពលរដ្ឋទាំងនោះចាកចេញពីដីភូមិ២និងភូមិ៤ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០០៩ ជាកំហិត បើមិនដូច្នោះទេ សមត្ថកិច្ចខណ្ឌនិងក្រុមហ៊ុនស៊ូកាគូដែលមានលោក ឡៅ ម៉េងឃិន ជាម្ចាស់និងជាសមាជិកព្រឹទ្ធសភាផង គេនឹងប្រើកម្លាំងចម្រុះចុះរុះរើផ្ទះពលរដ្ឋទាំងនោះដោយមិនទទួលខុសត្រូវចំពោះការខូចខាតទេ។
សូមរំឭកជូនថា គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនស៊ូកាគូលើបឹងកក់និងដីតំបន់បឹងកក់កន្លងមកនេះបានបូមទឹកបឹង ចាក់ដី បង្កឲ្យទឹកលិចផ្ទះសម្បែងពលរដ្ឋ ប៉ះពាល់ខ្លាំងដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋទាំងនោះ។ មកដល់ពេលនេះ មួយភាគបីនៃបឹងកក់ត្រូវបានចាក់ដីបំពេញ។
អង្គការលើកលែងទោសអន្តរជាតិបញ្ជាក់ថា កម្មវិធីអភិវឌ្ឍន៍នោះអាចនឹងមានពលរដ្ឋចំនួនដល់៤២០០គ្រួសារនឹងត្រូវរងការបណ្តេញចេញ៕
