របាយការណ៍ស្រាវជ្រាវប្រចាំឆ្នាំរបស់អង្គការនេះដែលធ្វើឡើងក្នុងបណ្តាប្រទេសចំនួន១៨០ប្រទេស ចេញផ្សាយកាលពីថ្ងៃអង្គារ ទី១៧កន្លងទៅ បានដាក់កម្ពុជានៅក្នុងលេខរៀងទី១៥៨ ដោយផ្តល់ពិន្ទុឲ្យកម្ពុជាបានតែ២ពិន្ទុប៉ុណ្ណោះក្នុងចំណោមពិន្ទុចំនួន១០ ដែលគេត្រូវឲ្យដោយធ្វើការវាយតម្លៃទៅលើអំពើពុករលួយចំនួន៨យ៉ាងខុសគ្នា។
មន្រ្តីអង្គការប្រឆាំងនឹងអំពើពុករលួយអ្នកស្រី ហួត រតនៈ ថ្លែងថា អ្នកស្រីមានមោទនភាពបន្តិចចំពោះរឿងនេះដោយសារតែវាប្រសើរជាងឆ្នាំ២០០៨កន្លងមក ដែលកម្ពុជាជាប់លេខដល់ទៅ១៦៦។
អ្នកស្រី ហួត រតនៈ បានមានប្រសាសន៍ថា ៖ «មានន័យថា ករណីអំពើពុករលួយវានៅតែមានច្រើន ដែលទាមទារឲ្យយើងបន្តធ្វើការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយហ្នឹងតទៅទៀត»។
ក្នុងចំណោមប្រទេស១៨០ប្រទេសដែលគេវាយតម្លៃនោះ ប្រទេសកម្ពុជា ប្រទេសលាវ ប្រទេសតាហ្សីគីស្ថាន និងសាធារណៈរដ្ឋអាហ្រ្វិកកណ្តាល សុទ្ធតែជាប្រទេសដែលជាប់លេខរៀងនៃអំពើពុករលួយទី១៥៨។ ដោយឡែកប្រទេសកម្ពុជាបានគ្រាន់ប្រើជាងគេតែមួយប្រទេសប៉ុណ្ណោះនៃប្រទេសអាស៊ី គឺប្រទេសភូមាដែលជាប់លេខរៀងដល់ទៅទី១៧៨។
មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង លោក សុន ឆ័យ និយាយថា ថ្វីបើការវាយតម្លៃឆ្នាំនេះវាហាក់ដូចជាប្រសើរជាងឆ្នំាមុន ប៉ុន្តែវាអាក្រក់ជាងឆ្នាំ២០០៥ទៅវិញ។
លោក សុន ឆ័យ បានបន្ទោសថា ភាពយឺតយ៉ាវនៃការលុបបំបាត់អំពើពុករលួយនៅកម្ពុជាបណ្តាលមកពីការព្រងើយកន្តើយរបស់រដ្ឋាភិបាល។
លោក សុន ឆ័យ បានបញ្ជាក់ថា ៖ «តើអ្នកដឹកនាំយើងមានឆន្ទៈនឹងដោះស្រាយបញ្ហាពុករលួយឬអត់? ពីមុនមានការសន្យាថា រង់ចាំក្រមព្រហ្មទណ្ឌ ហើយក្រមព្រហ្មទណ្ឌត្រូវបានសភាអនុម័តហើយ មិនដឹងថាតើខាងរដ្ឋាភិបាលរង់ចាំអីទៀតទេ!»។
ការរិះគន់នេះនាំឲ្យមន្ត្រីអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មិនទទួលយកទេ ដោយលោកអះអាងថា រដ្ឋាភិបាលកំពុងធ្វើកំណែទម្រង់យ៉ាងច្រើន ដូចជាកំណែទម្រង់ប្រព័ន្ធតុលាការ គណនេយ្យ និងកំពុងតែធ្វើសេចក្តីព្រាងច្បាប់ប្រឆាំងនឹងអំពើពុករលួយដែលបច្ចុប្បន្នគេនៅរង់ចាំការចូលជាធរមាននៃក្រមព្រហ្មទណ្ឌអន្តរកាលមួយប៉ុណ្ណោះ។
គួរជម្រាបជូនថា សេចក្តីព្រាងច្បាប់ប្រឆាំងនឹងអំពើពុករលួយត្រូវបានគេលើកឡើងតាំងពីឆ្នាំ១៩៩៤ ប៉ុន្តែមកដល់ពេលនេះគេមិនទាន់ដឹងថា សេចក្តីព្រាងនៃច្បាប់នេះទើរនៅត្រឹមណានៅឡើយទេ។
ក្រុមមន្ត្រីបក្សប្រឆាំង អង្គការសង្គមស៊ីវិលនិងម្ចាស់ជំនួយ ដែលធ្លាប់តែទទូចច្រើនដងឲ្យរដ្ឋាភិបាលធ្វើរឿងនេះកំពុងរង់ចាំមើលច្បាប់នេះដោយអន្ទះសា៕
