លោកបន្តថា ឆ្នាំ២០០៩ យ៉ាងហោចណាស់មានអ្នកនយោបាយ តំណាងអង្គការសង្គមស៊ីវិលចំនួន ២២ករណី និងអ្នកកាសែតចំនួន ២៥ករណីទៀត ត្រូវបានមន្ត្រីរដ្ឋាភិបាលប្តឹងទៅតុលាការ និងមានអ្នកកាសែតមួយចំនួនកំពុងជាប់ក្នុងពន្ធនាគារ។
លោក ធន សារាយ បានឲ្យដឹងថា ៖ «បើប្រៀបទៅនឹងឆ្នាំ២០០៨ គឺថា ២០០៩នេះគឺមានសភាពធ្លាក់ចុះជាងឆ្នាំ២០០៨ និយាយជារួម»។
ក្នុងរបាយការណ៍ចំនួន ៥៣ទំព័រប្រចាំឆ្នាំ២០០៩ ដែលសមាគមអាដហុកចេញផ្សាយឲ្យដឹងនៅថ្ងៃទី៤ ខែកុម្ភៈ នៅទីស្នាក់ការសមាគមអាដហុក ទីក្រុងភ្នំពេញ ត្រូវបានលោក ធន សារាយ ប្រដូចការធ្លាក់ចុះនៃសិទ្ធិមនុស្ស ឆ្នាំ២០០៩ ទៅនឹងការធ្លាក់ចុះបញ្ហាសិទ្ធិមនុស្សកាលពីឆ្នាំ២០០៥ ដែលប្រទេសកម្ពុជាមានការរំលោភសិទ្ធិមនុស្សគួរឲ្យព្រួយបារម្ភ។
សិទ្ធិមនុស្សដែលធ្លាក់ចុះនៅឆ្នាំ២០០៩ ត្រូវបានលោកស្រី ខារ៉ល រ៉តលី (Carol Rodley) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា សម្តែងការព្រួយបារម្ភនិងបានស្នើឲ្យប្រទេសកម្ពុជាធ្វើការកែសម្រួលផងដែរ។
លោកស្រី រ៉តលី កាលពីពេលថ្មីៗនេះបានមានប្រសាសន៍ថា ការគោរពសិទ្ធិមនុស្សនៅកម្ពុជានៅមានកម្រិតនៅឡើយ ជាពិសេសទាក់ទងទៅនឹងសិទ្ធិសម្តែងមតិនិងលទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែទោះជាបែបនេះក្តី លោកស្រី រ៉តលី បានទទួលស្គាល់ថា រដ្ឋាភិបាលបានយកចិត្តទុកដាក់ និងខំពង្រឹងឲ្យមានការគោរពសិទ្ធិមនុស្សនៅកម្ពុជានេះដែរ បើទោះជាមិនទាន់ឆ្លើយតបតាមបទដ្ឋានស្តង់ដារអន្តរជាតិបែបណាក្តី។
ក្រៅពីការធ្លាក់ចុះនូវការគោរពសិទ្ធិមនុស្ស សមាគមអាដហុកបានរកឃើញថា ឆ្នាំ២០០៩នេះយ៉ាងហោចណាស់មានសកម្មជនសិទ្ធិមនុស្ស ឬតំណាងសហគមន៍ការពារដីធ្លី ចំនួន២៣៥នាក់ត្រូវបានប្តឹងផ្តល់ទៅកាន់តុលាការ ក្នុងនោះមាន ១៤៧នាក់ត្រូវបានចាប់ខ្លួន ហើយ ៥៨នាក់ត្រូវបានចាប់ដាក់ក្នុងពន្ធនាគារ និង ៨៨នាក់ផ្សេងទៀតកំពុងរត់គេចខ្លួនពីដីកាតុលាការ។
លោក ឱម យ៉ិនទៀង ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល ធ្លាប់មានប្រសាសន៍ថា ប្រទេសកម្ពុជាមិនមែនជាឋាននរក ហើយកម្ពុជាក៏មិនទាន់ក្លាយជាឋានសួគ៌មួយនៃសិទ្ធិមនុស្សនោះដែរ។ លោកបន្តថា សិទ្ធិមនុស្សនៅកម្ពុជា រដ្ឋាភិបាលកំពុងបំពេញនូវចំណុចខ្វះខាតដើម្បីធ្វើឲ្យប្រសើរឡើងនូវការអនុវត្តសិទ្ធិទាំងនេះនៅថ្ងៃអនាគត។
សមាគមអាដហុកបានទទួលស្គាល់ថា នៅឆ្នាំ២០០៩នេះ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងអនុម័តច្បាប់ថ្មីៗដែលចាំបាច់មួយចំនួន ប៉ុន្តែបញ្ញត្តិខ្លះក្នុងច្បាប់ថ្មីៗទាំងនេះនៅតែបង្កនូវការព្រួយបារម្ភយ៉ាងខ្លាំងនៅក្នុងសង្គមស៊ីវិល។ ជាការពិតក្រមព្រហ្មទណ្ឌនិងច្បាប់បាតុកម្មថ្មី បានត្រូវគេមើលឃើញថា ជាការធ្លាក់ចុះនៃសេរីភាពបញ្ចេញមតិ និងសេរីភាពជួបប្រជុំធ្វើកូដកម្ម និងបាតុកម្ម៕
