អង្គការ​បង្រៀន​អ្នក​ស្រុក​កំពង់​ឆ្នាំង​ឲ្យ​ចេះ​ដាំ​ស្រូវ​ចិញ្ចឹម​សត្វ​ចិញ្ចឹម​ជីវិត​ខ្លួន​ឯង

ប្រជា​ពល​រដ្ឋ ១៦ភូមិ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​សប្បាយ​រីករាយ​ដោយ​ទទួល​បាន​នូវ​ការ​បង្រៀន​ឲ្យ​ចេះ​ធ្វើស្រែ​បែប​ប្រពល​វប្បកម្ម ការ​ចិញ្ចឹម​សត្វ និង​ការ​អប់​រំផ្សេងៗ​ទៀត​ក្នុង​ជីវភាព​នៅ​ជនបទ​ដោយ​ផ្តល់ទាំង​បទ​ពិសោធន៍ និង​ជួយ​ជា​ថវិកា​ពីអង្គការ​ក្រៅ​រដ្ឋាភិបាល សូហ្វដិក (SOFDEC)។

0:00 / 0:00

កសិករ ១៥០​នាក់​នៃ​ភូមិ​គោល​ដៅ​ចំនួន ១៦​ដែល​អង្គការ​ សូហ្វដិក ​បាន​បង្រៀន និង​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​លើ​គម្រោង​សន្តិសុខ​ស្បៀង និង​ការ​លើក​កម្ពស់​សិទ្ធិ​អំណាច​សហគមន៍​បាន​មក​ជួប​ជុំ​ដើម្បី​ចែកចាយ និង​ផ្តល់​បទ​ពិសោធន៍​ឲ្យ​គ្នា​នៅ​ក្នុង​អង្គ​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​អង្គការ​នេះ​នៅ​ខេត្ត​កំពង់ឆ្នាំង។

ជួប​សម្ភាស​ជា​មួយ​អ្នក​យកព័ត៌​មាន​វិទ្យុ​អាស៊ីសេរី​នៅ​ព្រឹក​ថ្ងៃ​២២ ធ្នូ ក្នុង​ពេល​សម្រាក​ទទួល​ទាន​អាហារ​សម្រន់ ប្រធាន​អង្គការ​សូហ្វដិក បណ្ឌិត ឃុន លាងហាក់ មាន​ប្រសាសន៍​ថា បេសកកម្ម​របស់​អង្គការសូហ្វដិក គឺ​ធ្វើ​ការ​ជា​ដៃ​គូ​ជា​មួយ​សហគមន៍​​​មូលដ្ឋាន​​ភូមិ​និង​​ស្ថាប័ន​​ពាក់ព័ន្ធ​​តាម​រយៈ​ការ​អភិវឌ្ឍ​សហគមន៍​​ចម្រុះ​ ​ការ​សិក្សា​ស្រាវជ្រាវ​ ការ​អភិវឌ្ឍ​​ធនធាន​​មនុស្ស​និង​​សេដ្ឋកិច្ច​គ្រួសារ ​សំដៅ​​លើក​​កម្ពស់​ជីវភាព​រស់នៅ​របស់​​ប្រជាពលរដ្ឋ​​នៅ​​តំបន់​​គោល​ដៅ។

លោក ឃុត លាងហាក់ មាន​ប្រសាសន៍​ថា ៖ «អង្គការ​សូហ្វដិក​គឺ​សំខាន់​បំផុត​យើង​ធ្វើ​ការងារ​លើក​សិទ្ធ​អំណាច​ដល់​សហគមន៍ ហើយ​ពង្រឹង​សន្តិសុខ​ស្បៀង​ក្នុង​ការ​ពង្រឹង​សន្តិ​សុខ​ស្បៀង​យើង​ផ្តោត​សំខាន់​លើ​វិស័យ​កសិកម្ម ក្នុង​នោះ​យើង​ផ្តោត​លើ​ការ​ដាំស្រូវ​ បង្កើន​ទិន្នផល​ស្រូវ ទិន្នផល​បន្លែ និង​ចិញ្ចឹម​សត្វ។ ហើយ​យើង​បាន​បញ្ចូល​ប្រព័ន្ធ​កសិកម្ម​ចម្រុះ​ដើម្បី​លើក​កម្ពស់​ជីវភាព​ប្រជាជន​​យើង»

អង្គការ​សូហ្វដិក គឺ​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​បាន​បង្កើត​​ឡើង​នៅ​ឆ្នាំ​២០០៦ ​អង្គការ​នេះ​​ទទួល​ជំនួយ​ដោយ​ផ្ទាល់​ពី​អង្គការ​ហេក្ស (HEKS) នៃ​ប្រទេស​ស្វីស​ក្នុង​មួយ​ឆ្នាំ​ប្រមាណ ១០ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​គោល​ដៅ​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​នៅ​តំបន់​ជន​បទ​តាម​រយៈ​ការ​​បង្កើន​ប្រាក់​ចំណូល​លើ​វិស័យ​កសិកម្ម​មីក្រូហិរញ្ញវត្ថុ​ សុខ​មាលភាព អភិវឌ្ឍន៍​ធនធាន​មនុស្ស និង​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​និរន្តរភាព​ដោយ​ផ្តល់​ទាំង​ជំនួយ​ជា​ថវិកា​រួម​ទាំង​ការ​បង្រៀន​ចំណេះ​ដឹង​លើ​វិស័យ​កសិកម្ម និង​ការ​ចិញ្ចឹម​សត្វ​​។

ប្រជា​ពលរដ្ឋ​ឈ្មោះ ទាំ ហ៊ីម នៅ​ភូមិ​អូរលយ ឃុំ​ជើង​គ្រាវ ស្រុក​រលាប្អៀរ​ ដែល​បាន​ចូល​រួម​ក្នុង​អង្គ​សន្និបាត សម្តែង​ពី​ទឹក​ចិត្ត​រីករាយ​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​ចូល​រួម​នេះ​ផ្តល់​ប្រយោជន៍​យ៉ាង​ធំធេង​សម្រាប់​គ្រួសារ​លោក ក៏ដូច​ជា​អ្នក​ភូមិ​ទាំង​អស់​ក្នុង​ខេត្ត​ផង​ដែរ។

ទាំ ហ៊ីម អះអាងថា ៖ «បន្ទាប់ពីអង្គការ​សូហ្វដិក បាន​ផ្តល់​បទពិសោធន៍​និង​បច្ចេក​ទេស​កន្លង​មក​​ នៅ​ភូមិ​ខ្ញុំ​មាន​ការ​រីក​ចម្រើន​ជាក់ស្តែង​លើ​ពូជ កម្មវិធីស្រូវ​ ប.វ.ស»

អ្នក​ស្រី ប្លុង សំអាត អ្នក​ភូមិ​ត្រពាំង​អំពិល ឃុំ​ប្រស្និប ស្រុក​រលាប្អៀរ បន្ថែម ៖ «ការ​ទទួល​ពី​គាត់​ហ្នឹង​គឺ​ព័ត៌​មាន​ល្អៗ​ជា​ពិសេស​បទ​ពិសោធន៍​ការងារ​តែ​ម្តង ជា​ពិសេស​ដាំ​ស្រូវ ប.វ.ស តែ​ម្តង​ យើង​ធ្វើ​តាំង​ពី​បាន​ផល​តិច​រហូត​ដល់​បាន​ផល​ច្រើន​»

ក្នុង​ឱកាស​បើក​អង្គ​សន្និបាត​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង​លោក ង៉ាន ណានី ថ្លែង​​ថា ខេត្ត​កំពង់​ឆ្នាំង​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ច្រើន​ដែល​បាន​មក​ជួយ​ធ្វើការ​អភិវឌ្ឍន៍​លើ​វិស័យ​កសិកម្ម​នៅ​ជន​បទ តែសូហ្វដិក គឺ​ជា​អង្គការ​ដៃ​គូ​ដ៏​ល្អ​មួយ​សម្រាប់​ខេត្ត​នេះ៕