តំណាងក្រុមអង្គការសង្គមស៊ីវិលធំៗ បានបញ្ជាក់ថា កិច្ចប្រជុំនេះ គឺជាឱកាសអោយអង្គការមិនមែនរដ្ឋាភិបាលដែលកំពុងបំពេញការងារក្នុងប្រទេសកម្ពុជា បានរួមគ្នាលើកជាសំណើទៅរដ្ឋាភិបាលពីកង្វល់របស់ពួកគេពាក់ព័ន្ធនឹងប្រសិទ្ធភាពនៃការអភិវឌ្ឍ។
តំណាងអង្គការមិនមែនរដ្ឋាភិបាល នឹងដាក់ការព្រមព្រៀង ដែលជាសំណើ និងជាសេចក្ដីអំពាវនាវរបស់ពួកគេទៅរដ្ឋាភិបាល និងសហគមន៍ម្ចាស់ជំនួយ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែសីហា ដោយរំពឹងទុកថា សកម្មភាពនេះនឹងជួយអោយពួកគេបានបំពេញតួនាទីអោយបានពេញលេញក្នុងភាពជាដៃគូសម្រាប់ការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព។
សកម្មភាពរបស់ក្រុមអង្គការមិនមែនរដ្ឋាភិបាលទាំងនេះ បានកើតឡើងដោយហេតុថា រដ្ឋាភិបាលកម្ពុជាបានពន្យារពេលនៃកិច្ចប្រជុំរវាងរដ្ឋាភិបាល ម្ចាស់ជំនួយ និងអង្គការមិនមែនរដ្ឋាភិបាល និងបានងាកមកប្រើប្រាស់យុទ្ធសាស្ត្រថ្មីមួយ គឺការសម្របសម្រួលដោយផ្ទាល់ជាមួយប្រទេសម្ចាស់ជំនួយ នៅខណៈដែលវិបត្តិហិរញ្ញវត្ថុ និងបំណុលបន្តប៉ះពាល់ប្រទេសម្ចាស់ជំនួយធំៗមួយចំនួន។
លោក ឈិត សំអាត នាយកប្រតិបត្តិវេទិកាអង្គការមិនមែនរដ្ឋាភិបាល ស្ដីពីកម្ពុជា (NGO Forums=អិន.ជី.អូ ហ្វ័រ៉ម) លោកមានប្រសាសន៍ថា ភាគីទាំងអស់ដែលពាក់ព័ន្ធដល់ការអភិវឌ្ឍ គឺត្រូវយល់ពីគ្នាទៅវិញទៅមក អំពីភាពជាម្ចាស់នៃការអភិវឌ្ឍ ដោយមានការទទួលខុសត្រូវ និងដោយសុចរិត។ លោក សំអាត បន្តថា តាមរយៈកិច្ចការនេះ អ្នកបង្កើតគម្រោងអភិវឌ្ឍន៍ និងពលរដ្ឋ ឬអ្នកទទួលផលពីការអភិវឌ្ឍ នឹងអាចជៀសផុតពីផលប៉ះពាល់ ឬរងគ្រោះពីការអភិវឌ្ឍ។
លោក ឈិត សំអាត បន្តថា ដើម្បីធ្វើអោយមានសំឡេងតែមួយក្នុងការទៅជជែកជាមួយរដ្ឋាភិបាល ម្ចាស់ជំនួយ ឬភាគីពាក់ព័ន្ធ ទៅថ្ងៃអនាគត អិន.ជី.អូ ហ្វ័រ៉ម គ្រោងនឹងបង្កើតអោយបាននូវឯកសារគោលជំហររួមរបស់អង្គការមិនមែនរដ្ឋាភិបាល សម្រាប់ដាក់ជូនរដ្ឋាភិបាល ក៏ដូចជាម្ចាស់ជំនួយ។
នាយកប្រតិបត្តិនៃគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC=ស៊ី.ស៊ី.ស៊ី) លោក លន់ បូរិទ្ធី លោកមានប្រសាសន៍ថា ក្នុងពេលដែលសង្គមស៊ីវិលចង់ចូលរួមអោយបានពេញលេញទៅក្នុងការអភិវឌ្ឍ គឺទាមទារអោយស្ថាប័ននីមួយៗបង្ហាញពីអភិបាលកិច្ច គណនេយ្យភាព ឬការទទួលខុសត្រូវ។ លោក លន់ បូរិទ្ធី បញ្ជាក់ថា សំណើមួយសំខាន់ក្នុងចំណោមនោះ គឺការទទួលស្គាល់ក្រុមអង្គការមិនមែនរដ្ឋាភិបាល ដែលបានអនុវត្តន៍តាមគោលការណ៍អ៊ីស្តាន់ប៊ុល និងគោលការណ៍ចាំបាច់ផ្សេងៗទៀត ស្ដីពីប្រសិទ្ធភាពនៃជំនួយ គឺជាដៃគូរបស់រដ្ឋាភិបាល ក៏ដូចជាម្ចាស់ជំនួយ។
កាលពីឆ្នាំ២០០៥ ប្រទេសនានាក្នុងពិភពលោក បានគាំទ្រសេចក្ដីប្រកាសក្រុងប៉ារីស ស្ដីពីប្រសិទ្ធភាពជំនួយ ក្នុងគោលដៅអោយម្ចាស់ជំនួយ និងប្រទេសអភិវឌ្ឍន៍ធ្វើការរួមគ្នាក្នុងភាពជាដៃគូ។ ក្រោយមកទៀត គឺក្នុងឆ្នាំ២០០៨ វេទិកាជាន់ខ្ពស់នៅទីក្រុងអាក្រា (AGRA) បានទទួលស្គាល់ថា អង្គការមិនមែនរដ្ឋាភិបាល គឺជាតួអង្គនៃការអភិវឌ្ឍន។ ចំណែកគោលការណ៍មួយទៀត ស្ដីពីការអភិវឌ្ឍប្រទេស ដែលក្នុងនោះសង្គមស៊ីវិល ប្រទេសម្ចាស់ជំនួយ រដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចរួមគ្នារួចមកហើយនៅទីក្រុងប៊ូសាន (Busan) នៃប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំ២០១១។ ស្របគ្នានេះ ក៏មានគោលការណ៍ក្រុងអ៊ីស្តាន់ប៊ុល ដែលជាមូលដ្ឋានសម្រាប់កែលំអប្រសិទ្ធភាពការអភិវឌ្ឍ។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី ធ្លាប់មានប្រសាសន៍ថា រដ្ឋាភិបាលបានកំណត់ក្នុងគោលនយោបាយរបស់ខ្លួនរួចមកហើយ គឺរាល់ការអភិវឌ្ឍចាំបាច់ត្រូវមានការចូលរួមពីប្រទេសម្ចាស់ជំនួយ និងអង្គការមិនមែនរដ្ឋាភិបាលចូលរួមសហការគ្នា។
លោកបន្តថា ភាគីពាក់ព័ន្ធនឹងកិច្ចការអភិវឌ្ឍនេះ ចាំបាច់ត្រូវមានការគោរពគ្នាទៅវិញទៅមក ទើបការអភិវឌ្ឍនោះបានទទួលជោគជ័យទាំងអស់គ្នា។ លោកថា កន្លងមកទំនាក់ទំនងរវាងរដ្ឋាភិបាលជាមួយសង្គមស៊ីវិល ប្រទេសម្ចាស់ជំនួយ លើការងារអភិវឌ្ឍភាគច្រើនមានភាពល្អប្រសើរ។
ដោយឡែក ប្រធានសហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា លោក ថៅ វាសនា ដែលជាញឹកញយតែងថ្លែងការគាំទ្រសកម្មភាពរដ្ឋាភិបាល មានប្រសាសន៍ដោយគាំទ្រថា ការបង្ហាញពីការទទួលខុសត្រូវ និងតម្លាភាព ក្នុងការប្រើប្រាស់ជំនួយ គឺចំណុចសំខាន់ដែលជំរុញអោយអង្គការមិនមែនរដ្ឋាភិបាល បានចូលរួមប្រកបដោយនិរន្តរភាពក្នុងការអភិវឌ្ឍ។
នាយិកាអង្គការសីលកា អ្នកស្រី ធីតា ឃិះ មានប្រសាសន៍ដែរថា តាមការរំពឹងទុក ការអនុវត្តតាមគោលការណ៍ដែលមានស្រាប់ ស្ដីពីប្រសិទ្ធភាពជំនួយនោះហើយ ដែលនឹងនាំសង្គមស៊ីវិលអោយមានលក្ខណៈពេញលេញទៅជាដៃគូអភិវឌ្ឍ។
បើទោះជាយ៉ាងណា នៅក្នុងការវិភាគមួយរបស់គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា បានរកឃើញថា ភាគច្រើននៃអង្គការមិនមែនរដ្ឋាភិបាលនៅកម្ពុជា បានអនុវត្តន៍រួចហើយនូវចំណុចជាច្រើននៃគោលនយោបាយ ស្ដីពីការអភិវឌ្ឍដោយប្រសិទ្ធភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
