អាជ្ញាធរ​ខេត្ត​កំពង់ចាម​រារាំង​អង្គការ​មិន​ឲ្យ​ចែក​អំណោយ​ដល់​កុមារ​កំព្រា

អង្គការ​មនុស្ស​ធម៌​មួយ​នៅ​ក្នុង​ខេត្ត​កំពង់ចាម បាន​នាំ​យក​អំណោយ​ជា​អង្ករ និង​ស្បៀង​អាហារ​មួយ​ចំនួន ដើម្បី​ទៅ​ចែក​ជូន​កុមារ​កំព្រា​នៅ​ក្នុង​ឃុំ​មួយ​ចំនួន​ក្នុង​ស្រុក​ក្រូច​ឆ្មារ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​ខ្មែរ។ ប៉ុន្តែ​សកម្មភាព​មនុស្ស​ធម៌​នោះ ត្រូវ​អាជ្ញាធរ​មូលដ្ឋាន​ហាម​ឃាត់​ដោយ​ទាមទារ​រក​លិខិត​អនុញ្ញាត​ពី​ថ្នាក់​ស្រុក។

0:00 / 0:00

អង្គការ​ក្នុង​ស្រុក​មួយ​ធ្វើ​ការងារ​ផ្នែក​មនុស្ស​ធម៌ កំពុង​ជួប​ការ​លំបាក​នៅ​ពេល​ដែល​អង្ករ និង​ស្បៀង​អាហារ​មួយ​ចំនួន​របស់​អង្គការ​នេះ ដែល​បាន​ដឹក​ទៅ​ដល់​មូលដ្ឋាន​ហើយ​នោះ ត្រូវ​ហាម​ឃាត់​មិន​អោយ​ចែក​ជូន​កុមារ​កំព្រា ក្នុង​ឃុំ​មួយ​ចំនួន​ក្នុង​ស្រុក​ក្រូច​ឆ្មារ។

ប្រធាន​អង្គការ​អប់រំ និង​បណ្ដុះ​បណ្ដាល​យុវជន លោក សាឡេះ សឡះ មាន​ប្រសាសន៍​ថា អង្ករ និង​ស្បៀង​អាហារ​របស់​អង្គការ​លោក​បាន​ដឹក​ទៅ​ដល់​ឃុំ​ស្វាយឃ្លាំង ស្រុក​ក្រូចឆ្មារ ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​១១ ខែ​មេសា ដើម្បី​ចែក​ជូន​កុមារ​កំព្រា​ក្នុង​ឃុំ​ក្បែរៗ​នោះ ក៏​ប៉ុន្តែ​ត្រូវ​ហាម​ឃាត់។

នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា នេះ អង្គការ​ដដែល​នេះ​បាន​ជូន​ដំណឹង​ពី​ការ​ចុះ​ចែក​អំណោយ​ទៅ​ឃុំ​ទ្រា ដែល​ស្ថិត​ក្នុង​ស្រុក​ក្រូចឆ្មារ នោះ​ដែរ ហើយ​ក៏​ត្រូវ​ហាម​ឃាត់​ទៀត។ លោក សាឡេះ សឡះ បន្ត​ថា លោក​ងឿង​ឆ្ងល់ ដ្បិត​អង្គការ​របស់​លោក​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហា​ផ្ទៃ​ត្រឹម​ត្រូវ ហើយ​មិន​ឃើញ​ផ្នែក​ច្បាប់​ណា​មួយ​បញ្ជាក់​ថា ត្រូវ​តែ​សុំ​ការ​អនុញ្ញាត​មុន​នឹង​ធ្វើ​សកម្មភាព​នៅ​តាម​មូលដ្ឋាន​ដែរ។

លោក សាឡេះ សាឡះ បញ្ជាក់​ទៀត​ថា អង្គការ​របស់​លោក​ពុំ​មែន​ជា​អង្គការ​សាសនា ឬ​ធ្វើ​ការងារ​ពាក់​ព័ន្ធ​នឹង​នយោបាយ​ទេ ជា​អង្គការ​មនុស្ស​ធម៌​ជួយ​ពលរដ្ឋ​ក្រី​ក្រ ជា​ពិសេស​កុមារ​កំព្រា ហើយ​អង្គការ​នេះ​មាន​គោល​ដៅ​ធ្វើ​ការ​ក្នុង​ស្រុក​ក្រូចឆ្មារ ទាំង​មូល។

មេ​ឃុំ​ស្ដីទី​ឃុំ​ទ្រា លោក ហ៊ីម ហារូម មាន​ប្រសាសន៍​ថា ឃុំ​ពុំ​បាន​រារាំង​សកម្មភាព​សប្បុរសធម៌​ទេ គឺ​គ្រាន់​តែ​អនុវត្ត​តាម​បទ​បញ្ជា​ដែល​ស្រុក​បាន​ដាក់​អោយ។

អភិបាល​ស្រុក​ក្រូចឆ្មារ លោក ស្រេង លី អះអាង​ថា រាល់​សកម្មភាព​ផ្សេងៗ​ក្នុង​មូលដ្ឋាន ទាមទារ​អោយ​មាន​ទំនាក់​ទំនង​ទៅ​ស្រុក ដើម្បី​ស្រុក​ជួយ​ចាត់​ចែង​រៀបចំ។ លោក ស្រេង លី បញ្ជាក់​ថា ពុំ​មាន​ការ​ទំនាក់​ទំនង​ទៅ​ស្រុក គឺ​មិន​អាច​ធ្វើ​សកម្មភាព​បាន​ទេ បើ​ទោះ​ជា​ការងារ​សប្បុរសធម៌​ក៏​ដោយ។

ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ។ លោក​ហៅ​ការ​ហាម​ឃាត់​សកម្មភាព​មនុស្ស​ធម៌​នៅ​ក្នុង​ស្រុក​ក្រូច​ឆ្មារ​នេះ​ថា ផ្ទុយ​ពី​ច្បាប់។ លោក​បន្ត​ថា ការ​ហាម​ឃាត់​បែប​នេះ គឺ​កើត​ចេញ​ពី​គំនិត​កេង​ចំណេញ និង​ការ​រើសអើង​ផ្នែក​នយោបាយ​ពី​សំណាក់​គណបក្ស​ដែល​កំពុង​កាន់​អំណាច។

ការ​ហាម​ឃាត់​សកម្មភាព​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​សកម្មភាព​ក្នុង​មូលដ្ឋាន​បែប​នេះ បាន​កើត​មាន​ជា​រឿយៗ។ អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា ការ​នេះ​ធ្វើ​អោយ​ប៉ះពាល់​សិទ្ធិ និង​ខាត​បង់​ប្រយោជន៍​របស់​ពលរដ្ឋ ដែល​ចាំ​បាច់​ត្រូវ​មាន​ការ​ផ្លាស់​ប្ដូរ។ ដើម្បី​ផ្លាស់​ប្ដូរ​ចាំ​បាច់​ណាស់​ដែល​ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ការ​គិតគូរ​ពី​ផល​ប្រយោជន៍​ពលរដ្ឋ និង​កាត់​បន្ថយ​ការ​គិត​ប្រយោជន៍​បុគ្គល ឬ​ក្រុម​ណា​មួយ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។