ក្រុមអង្គការមិនមែនរដ្ឋាភិបាលបានប្រតិកម្មចំពោះការបិទអង្គការខាងលើនេះ ដោយបានលើកឡើងថា ការបិទមិនឲ្យអង្គការនេះបន្តសកម្មភាពការងារទៀតនោះ គឺមានភាពមិនប្រក្រតីជាច្រើន។
ក្រុមអង្គការមិនមែនរដ្ឋាភិបាលគ្រោងនឹងបង្ហាញឯកសារនានាមួយចំនួន ពាក់ព័ន្ធនឹងការបិទអង្គការមូលនិធិកុមារកំព្រាកម្ពុជា នៅខេត្តសៀមរាប ជាសាធារណៈដែលគេអះអាងថា ការបិទអង្គការនេះគឺជារឿងមិនសមហេតុសមផល។
លោក សន ជ័យ អ្នកសម្របសម្រួលកម្ពុជានៃបណ្ដាញរួបរួមដើម្បីគណនេយ្យភាពសង្គម នៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានឲ្យដឹងនៅថ្ងៃទី១០ ខែកញ្ញា ថា ការសម្រេចបិទអង្គការនេះ ក្រសួងមហាផ្ទៃពុំមានការវិភាគ ឬមានមូលដ្ឋានអ្វីច្បាស់លាស់ក្រៅពីលិខិតចេញពីរបស់ស្ថានទូតអេស្ប៉ាញ និងលិខិតរបស់សាលាខេត្តនោះទេ។ លោកថា តាមការវិភាគគឺមានភាពមិនប្រក្រតីជាច្រើនចំពោះហេតុផលនៃការបិទអង្គការនេះ។
នៅក្នុងលិខិតជូនដំណឹងរបស់ក្រសួងមហាផ្ទៃបានផ្អាកសកម្មភាពអង្គការមូលនិធិកុមារកំព្រាកម្ពុជា កាលពីថ្ងៃ៣០ មិថុនា ឆ្នាំ២០១១។
យ៉ាងណាក៏ដោយ លោក សន ជ័យ បានបញ្ជាក់ថា អង្គការសង្គមស៊ីវិលគ្រោងនឹងធ្វើសន្និសីទកាសែតមួយនៅថ្ងៃច័ន្ទ ទី១២ ខែកញ្ញា ដើម្បីបង្ហាញពីឯកសារមិនប្រក្រតីនៃការបិទមណ្ឌលចំនួន ៥ឆ្នាំរបស់អង្គការមូលនិធិកុមារកំព្រាកម្ពុជា នៅខេត្តសៀមរាប ហើយនិងឯកសារទី២ គឺបង្ហាញពីខ្លឹមសារនៅក្នុងលិខិតរបស់អភិបាលខេត្តសៀមរាប និងលិខិតអន្តរាគមន៍របស់ស្ថានទូតអេស្ប៉ាញ ដែលសុំឲ្យក្រសួងមហាផ្ទៃឲ្យបិទអង្គការនេះ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឆ្លើយតបថា ក្រសួងមិនអាចទុកអង្គការដែលមានរឿងអាស្រូវប្រព្រឹត្តអំពើអនាចារលើកុមារស្រេចតែនឹងចិត្តនោះទេ លោកថា ក្រសួងមានមូលហេតុច្បាស់លាស់ណាស់ក្នុងការបិទអង្គការនេះ។
លោកបន្តថា ៖ «និយាយរួមគាត់មកចិញ្ចឹមកុមារ ហើយវាប៉ះពាល់បៀតបៀនកូនក្មួយរបស់យើង យើងទទួលបានទេ? ប្រហែលជាគ្មាននរណាទទួលបានទេ ទាំងអស់គ្នាត្រូវតែបិទហើយ ហើយបញ្ជូនទៅច្បាប់ទៅទៀត។ ខ្ញុំសួរទៅវិញ ចុះអង្គការវានេះ ទុកអង្គការហ្នឹងច្រើនធ្វើអីទៀត បើវាអសោចយ៉ាងហ្នឹង វាបៀតបៀនផ្លូវភេទរបស់កូនក្មួយរបស់យើងហើយ តើការពារអង្គការ ឬក៏ការពារក្មួយៗយើង?»។
នាយកអង្គការមូលនិធិកុមារកំព្រាកម្ពុជា លោក ចាន់ រស្មី បានថ្លែងថា ក្រសួងមហាផ្ទៃបានសម្រេចបិទអង្គការរបស់លោកគឺជារឿងអយុត្តិធម៌ណាស់។ លោកថា កាលពីឆ្នាំ២០១០ ក្រុមប្រឹក្សាភិបាលរបស់លោកឈ្មោះ នីកូឡាស ផាទ្រិក គ្រិហ្វិន (Nicholas Patrickgriffin) ជនជាតិអង់គ្លេសកំពុងជាប់ពន្ធនាគារខេត្តសៀមរាប ពីបទប្រព្រឹត្តអំពើអាសលើកុមារឆ្នាំ២០០៧ ហើយរូបលោកផ្ទាល់ក៏បានជាប់ឃុំពីបទចោទយកអនីតិជនជាអាទិចេញដោយមិនស្របច្បាប់ចំនួនពីរខែដែរ កាលពីឆ្នាំ២០១០ ប៉ុន្តែតុលាការបានដោះលែងមកវិញបន្ទាប់ពីរកមិនឃើញកំហុស។
លោក ចាន់ រស្មី បញ្ជាក់ថា ជនជាតិអេស្ប៉ាញម្នាក់ដែលជាសប្បុរសជនរបស់មូលនិធិលោក ឈ្មោះ លីឌៀ លាញគីនេតា (Lidia lindgineata) បានធ្វើសកម្មភាពគ្រប់យ៉ាងក្នុងបំណងគ្រប់គ្រងអង្គការ និងបានយកទ្រព្យសម្បត្តិ និងក្មេងៗមណ្ឌលទៅបង្កើតអង្គការថ្មី ៖ «ខ្ញុំយោងទៅតាមឯកសារដែលតុលាការគេបានសម្រេច ទី១ នីកូឡាស នេះគាត់បានប្រព្រឹត្តអំពើនេះនៅឆ្នាំ២០០៧ ហើយអង្គការដែលខ្ញុំបង្កើតនេះ បង្កើតឡើងនៅឆ្នាំ២០០៩។ ព្រឹត្តិការណ៍នេះបានកើតមុន ដែលអង្គការខ្ញុំបានដំណើរការ។ ភាពអយុត្តិធម៌ចំពោះរូបខ្ញុំ ទី២ ក្មេងដែលប្រព្រឹត្តវារំលោភសេពសន្ថវៈលើប្រុសៗគ្នាវាហ្នឹង គឺវាបានកើតឡើងក្នុងពេលដែលខ្ញុំនៅពន្ធនាគារ គេបានចោទថា ក្មេងទាំងអស់នេះបានប្រព្រឹត្តឡើងនៅពេលដែលខ្ញុំកំពុងតែគ្រប់គ្រង»។
ប្រភពដដែលបានឲ្យដឹងថា អង្គការមូលនិធិកុមារកំព្រាកម្ពុជា បានចាប់ដំណើរការនិងសុំច្បាប់ពីក្រសួងមហាផ្ទៃតាំងពី២១ ខែកក្កដា ឆ្នាំ២០០៩ ហើយអង្គការនេះ បានជួយក្មេងកំព្រា និងក្មេងមានក្រីក្រចំនួន ៥៩នាក់ មានអាយុចាប់ពី ៣ខែ រហូតដល់ ១៧ឆ្នាំ ឲ្យបានទទួលការថែទាំ ផ្ដល់អាហារហូបចុក កន្លែងស្នាក់នៅ បញ្ជូនឲ្យទៅរៀននៅសាលារដ្ឋ និងសាលាឯកជន៕