សង្គម​ស៊ីវិល​ចោទ ហ៊ុន សែន ថា​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​ចោទ​ប្រកាន់ ចាន់ សុវ៉េត

អង្គការ សង្គម​ស៊ីវិល​ប្រមាណ​២០​អង្គការ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ សីហា បាន​ចោទ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​ចោទ​ប្រកាន់​មន្ត្រី​ជាន់​ខ្ពស់​សមាគម​អាដហុក លោក ចាន់ សុវ៉េត។

0:00 / 0:00

ការ​អះអាង​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​កោះ​ហៅ​លោក ចាន់ សុវ៉េត ទៅ​សាក​សួរ​នៅ​ថ្ងៃ​ទី​២៤ សីហា ជុំវិញ​បទ​ចោទ​សង្ស័យ​ថា លោក​បាន​ល្មើស​នឹង​មាត្រា​ទី​៥៤៤ នៃ​ក្រម​ព្រហ្មទណ្ឌ។

អង្គការ សង្គម​ស៊ីវិល​ការពារ​សិទ្ធិ​មនុស្ស បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ទៅ​លើ​មន្ត្រី​ជាន់​ខ្ពស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក លោក ចាន់ សុវ៉េត។ ក្តី​បារម្ភ​របស់​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ឡើង​ក្រោយ​ពេល​ចៅក្រម​ស៊ើប​អង្កេត​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​កោះ​ហៅ​លោក ចាន់ សុវ៉េត ឲ្យ​ចូល​ខ្លួន​ដើម្បី​សាក​សួរ​នៅ​ថ្ងៃ​ទី​២៤ សីហា។ សេចក្តី​ថ្លែងការណ៍​អង្គការ​សង្គម​ស៊ីវិល ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​បញ្ជាក់​ថា ចៅក្រម​ស៊ើបសួរ​ចោទ​លោក ចាន់ សុវ៉េត ក្នុង​បទ​សង្ស័យ​ល្មើស​នឹង​មាត្រា​៥៤៤ នៃ​ក្រម​ព្រហ្មទណ្ឌ។

សេចក្តី​ថ្លែងការណ៍​បន្ថែម​ថា បទ​ចោទ​នេះ​ធ្វើ​ឡើង​ដោយ​ចៅក្រម​សំអាង​តាម​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​ថា លោក ចាន់ សុវ៉េត បាន​ផ្តល់​ជំនួយ​មិន​ជាក់លាក់​ដល់​អ្នក​ភូមិ​ម្នាក់ នៅ​ខេត្ត​ក្រចេះ ដែល​រដ្ឋាភិបាល​ចោទ​ថា​ជា​សមាជិក​នៃ​ក្រុម​បង្កើត​តំបន់​អបគមន៍។ ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា លោក ចាន់ សុវ៉េត មាន​ទោស​ដូច​ការ​ចោទ​ប្រកាន់​នោះ លោក​អាច​ប្រឈម​នឹង​ជាប់​ពន្ធនាគារ​រយៈពេល​ពី​មួយ​ឆ្នាំ​ទៅ​បី​ឆ្នាំ។

អង្គការ​សង្គម​ស៊ីវិល បាន​ហៅ​ការ​ចោទ​ប្រកាន់​លើ​លោក ចាន់ សុវ៉េត ថា​ជា​ការ​ចោទ​ប្រកាន់​បែប​នយោបាយ ដែល​កើត​ឡើង​ក្រោយ​ពេល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ឲ្យ​មន្រ្តី​សិទ្ធិ​មនុស្ស​ម្នាក់ ដោយ​មិន​បញ្ចេញ​ឈ្មោះ ចេញ​មក​សារភាព។ អង្គការ​សិទ្ធិ​មនុស្ស​បន្ថែម​ទៀត​ថា លោក ហ៊ុន សែន ចោទ​ថា បុគ្គលិក​សិទ្ធិ​មនុស្ស​រូប​នោះ​បាន​ផ្តល់​ជំនួយ​ដល់​ក្រុម​ចលនា​អបគមន៍។

អង្គការ​សិទ្ធិ​មនុស្ស​បាន​ចាត់​ទុក​ថា ការ​ចោទ​ប្រកាន់​នេះ​បាន​បង្ហាញ​ពី​ការ​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​នេះ។

ការ​ចោទ​ប្រកាន់​មក​លើ​លោក ចាន់ សុវ៉េត ធ្វើ​ឡើង​ក្រោយ​ពេល​នាយក​វិទ្យុ​សំបុក​ឃ្មុំ (FM 105) និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ ត្រូវ​បាន​ចាប់​ខ្លួន ដោយ​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ព្រហ្មទណ្ឌ ទាក់​ទង​នឹង​ចលនា​អបគមន៍។ លោក ម៉ម សូណង់ដូ អាច​នឹង​ប្រឈម​ជាប់​ពន្ធនាគារ​រយៈពេល​៣០​ឆ្នាំ ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា លោក​មាន​ទោស​ដូច​ការ​ចោទ​ប្រកាន់​នោះ។ ការ​ចោទ​ប្រកាន់​នេះ ក៏​ធ្វើ​ឡើង​ក្រោយ​ពេល​លោក ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ផង​ដែរ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល បាន​អះអាង​ថា ការ​ចោទ​ប្រកាន់​ទៅ​លើ​លោក ម៉ម សូណង់ដូ មាន​ភាព​អយុត្តិធម៌។ មន្ត្រី​ទាំង​នោះ​បន្ត​ថា រដ្ឋាភិបាល​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ដោយ​សារ​តែ​វិទ្យុ​របស់​លោក​ផ្តល់​ព័ត៌មាន​ពិត។

នាយិកា​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ អ្នកស្រី ណាលី ពីឡូក មាន​ប្រសាសន៍​ថា ឆ្នាំ​២០១២ នេះ ជា​ឆ្នាំ​ដ៏​អាក្រក់​បំផុត​សម្រាប់​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នៅ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​មក​នេះ។ អ្នកស្រី​បន្ថែម​ទៀត​ថា មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​បាន​សង្កេត​ឃើញ​ថា នៅ​ឆ្នាំ​នេះ មាន​ការ​កើន​ឡើង​នៃ​ការ​ប្រើ​ហិង្សា​ដោយ​ការ​ប្រើប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធ ការ​គំរាមកំហែង​តាម​ប្រព័ន្ធ​តុលាការ និង​ចុង​ក្រោយ​នេះ ការ​ព្យាយាម​ប្រើប្រាស់​បទ​ល្មើស​ព្រហ្មទណ្ឌ​មក​លើ​មន្ត្រី​សិទ្ធិ​មនុស្ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។