សកម្មភាព​អង្គការ​ការពារ​សត្វ​ព្រៃ​នៅ​ខេត្ត​ព្រះវិហារ

ខេត្ត​ព្រះវិហារ ជា​ខេត្ត​ដែល​មាន​ព្រៃ​ក្រាស់ ជាប់​ព្រំដែន​ប្រទេស​ថៃ និង​ឡាវ ហើយ​សម្បូរណ៍​ដើម​ឈើ​ធំៗ។

0:00 / 0:00

ព្រៃ​ឈើ​ទាំង​នេះ​បាន បង្ក​លក្ខណៈ​ងាយ​ស្រួល​ឲ្យ​សត្វ​ស្លាប ថនិកសត្វ និង​ល្មូន កម្រ​ជា​ច្រើន​ប្រភេទ​អាច​រស់​នៅ​បាន ដើម្បី​កាច់​សម្បុក​ធ្វើ​ជម្រក និង​បន្ត​ពូជ កើត​កូន​កើត​ចៅ​បាន។ ប៉ុន្តែ​ដើម្បី​ការពារ​សត្វព្រៃ​ទាំង​នោះ​បាន ទាល់តែ​មាន​ការ​ចូល​រួម​ការពារ​ថែរក្សា​ពី​មនុស្ស​រស់​នៅ​តំបន់​ព្រៃ​ខេត្ត​ព្រះវិហារ ផង​ដែរ។

សត្វ​ព្រៃ​ដែល​រស់​នៅ​ក្នុង​ព្រៃ​ខេត្ត​ព្រះវិហារ មាន​ការ​ការពារ​យ៉ាង​ប្រុង​ប្រយ័ត្ន និង​មាន​សត្វ​ស្លាប​ខ្លះ​មាន​ការ​កើន​ចំនួន ពី ៤% ទៅ ៥% ក្នុង​មួយ​ឆ្នាំ​ទៀត​ផង។ នេះ​ជា​ការ​អះអាង​របស់​លោក តាន់ សេដ្ឋា ជា​ប្រធាន​គំរោង​តំបន់​ព្រៃ​ការពារ​ព្រះវិហារ របស់​អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ​កម្ពុជា ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា ដាប់ប៊ែលយូ.ស៊ី.អេស (WCS) ។

តាម​ទិន្នន័យ​ថ្មី​បំផុត​របស់​អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ​កម្ពុជា នៅ​ក្នុង​ព្រៃ​ការពារ​របស់​ខេត្ត​ព្រះវិហារ មាន​ប្រភេទ​សត្វ​កម្រ​រស់​នៅ​ដូច​ត​ទៅ ទី​១ សត្វ​ស្លាប​មាន​ចំនួន ២៨៤​ប្រភេទ ក្នុង​ចំណោម​សត្វ​ស្លាប​កម្រ​ដែល​មាន ៥៤១ ទូទាំង​ប្រទេស។ ទី​២ ថនិកសត្វ ឬ​សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹក​ដោះ​មាន​ចំនួន ៥៦​ប្រភេទ ក្នុង​ចំណោម​ថនិកសត្វ ៨៦​ប្រភេទ​នៅ​ទូទាំង​ប្រទេស និង​ទី​៣ សត្វ​ល្មូន មាន ៥៨​ប្រភេទ​ក្នុង​ចំណោម​សត្វ​ល្មូន​ដែល​មាន ៩១​ប្រភេទ​ក្នុង​ទូទាំង​ប្រទេស។

លោក តាន់ សេដ្ឋា បាន​មាន​ប្រសាសន៍​ថា ការ​កើន​ចំនួន​សត្វ​នៅ​ក្នុង​ព្រៃ​ការពារ​នៅ​ខេត្ត​ព្រះវិហារ​នេះ មិន​ដូច​គ្នា​ទេ៖ «យើង​សង្កេត​ឃើញ​ថា ចំពោះ​សត្វ​ស្លាប​ធំៗ ដូចជា ក្រៀល ត្រដក់ ត្រដក់​តូច ត្រយង ត្រយង​ចង្កោម ក ស អី​ហ្នឹង គឺ​យើង​សង្កេត​ឃើញ​ថា ពួក​អស់​ហ្នឹង​គឺ​កើន​ឡើង​ពី ៤ ទៅ ៥% ក្នុង​មួយ​ឆ្នាំ។ ដោយ​ឡែក​ចំពោះ​ពួក​ថនិកសត្វ យើង​បែង​ចែក​វា​ជា ២​ប្រភេទ គឺ​ពពួក​ឈ្លូស ជ្រូក​ព្រៃ អា​ហ្នឹង​វា​អាច​កើន​ឡើង ប៉ុន្តែ​កើន​ឡើង​ប្រហែល ២% អី​ហ្នឹង​ក្នុង​មួយ​ឆ្នាំ។ ប៉ុន្តែ​ដោយ​ឡែក បើ​យើង​ពិនិត្យ​មើល​ទៅ​លើ​ថនិកសត្វ​ធំៗ ដូចជា ខ្ទីង ទន្សោង​វិញ ចំនួន​នេះ​យើង​ឃើញ​ថា វា​នៅ​ថេរ​នៅ​ឡើយ»

សត្វ​ស្លាប​ដែល​មាន​រស់​នៅ​ក្នុង​ព្រៃ​ការពារ​របស់​ខេត្ត​ព្រះវិហារ មាន​សត្វ​កម្រ​មួយ​ចំនួន ដូចជា​ត្មាត ត្រយង​យក្ស ក្រៀល ត្រដក់ ។ល។ ចំណែក​ប្រភេទ​ថនិកសត្វ​វិញ មាន ខ្លា ដំរី ខ្ទីង ទន្សោង ប្រើស រមាំង ជ្រូកព្រៃ ឈ្លូស ជាដើម។ ចំពោះ​សត្វ​ល្មូន​វិញ មាន ត្រកួត ពង្រូល ។ល។

នៅ​ខេត្ត​ព្រះវិហារ តំបន់​ព្រៃ​ការពារ​សត្វ​មាន​ផ្ទៃ​ដី​ចំនួន​ជាង ១៩០.០០០​ហិកតារ ហើយ​មាន​ប៉ុស្តិ៍​ការពារ​ចំនួន ៧​កន្លែង គឺ​នៅ​ចំណុច​ត្រពាំង​ព្រីង ការខឹក ការជុញ ណាមសាម អូរកាប៉ុក អូរឈើទាល និង​ត្បែងមានជ័យ។

ទោះ​បី​ជា​មាន​ការ​ការពារ​ដោយ​ច្បាប់​ក៏ដោយ ក៏​សត្វ​កម្រ​មួយ​ចំនួន​នៅ​តែ​មាន​មនុស្ស​ចូល​ទៅ​ក្នុង​ព្រៃ​បរបាញ់ និង​ចាប់ ដើម្បី​យក​មក​បរិភោគ និង​លក់​ដូរ​ដែរ។

លោក តាន់ សេដ្ឋា បាន​ឲ្យ​ដឹង​ថា ដើម្បី​ការពារ​សត្វ​ព្រៃ​ទាំង​នោះ អង្គការ​សមាគម​ការពារ​សត្វ​ព្រៃ​កម្ពុជា បាន​រៀបចំ​ឲ្យ​មាន​ក្រុម​ឃ្លាំមើល​ការពារ​សត្វ​ព្រៃ ដោយ​មាន​ការ​ចូល​រួម​ពី​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ និង​ការ​ចូល​រួម​ពី​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្បែរ​ព្រៃ​ជម្រក​សត្វ។

ដើម្បី​ការពារ​សត្វ​ព្រៃ​នៅ​ក្នុង​តំបន់​ព្រៃ​ការពារ​ខេត្ត​ព្រះវិហារ អង្គការ​សមាគម​ការពារ​សត្វព្រៃ​កម្ពុជា បាន​ចំណាយ​ប្រាក់​ជា​ច្រើន​ជួល​ប្រជាពលរដ្ឋ និង​អប់រំ​ឲ្យ​ប្រជាពលរដ្ឋ​ឲ្យ​ចូល​រួម​ក្នុង​ការ​ការពារ​ថែរក្សា​សត្វព្រៃ។

ក្រៅ​ពី​វិធានការ​អប់រំ និង​ឧបត្ថម្ភ​ប្រាក់​ខ្លះ​ដើម្បី​ការពារ​សត្វ​ព្រៃ អង្គការ​សមាគម​ការពារ​សត្វព្រៃ​កម្ពុជា ដោយ​មាន​ការ​សហការ​ពី​សំណាក់​អាជ្ញាធរ បាន​ចាត់​វិធានការ​បង្ក្រាប​បទល្មើស និង​ផ្ដន្ទាទោស​ចំពោះ​ជនល្មើស​ផង​ដែរ។

នៅ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១២ នេះ អង្គការ​សមាគម​ការពារ​សត្វព្រៃ​កម្ពុជា បាន​សហការ​ជាមួយ​អាជ្ញាធរ​ជំនាញ បាន​ចាប់ និង​បំផ្លាញ​ឧបករណ៍​សម្លាប់​សត្វព្រៃ​បាន​ដូច​តទៅ គឺ​ចាប់​បាន​រណារ​យន្ត ១៩ ស្នាកេះ ១១ ព្រួញ​ស្នាកេះ ២ ឈើ​ប្រណិត​ចំនួន​ជាង ៧​ម៉ែត្រ​គូប ធ្វើ​កិច្ច​សន្យា​បញ្ឈប់​បទល្មើស​ចំនួន ១១​ករណី និង​មាន​រក​ឃើញ​សត្វព្រៃ​រស់ និង​ងាប់ ជា​ច្រើន​រយ​ក្បាល។

តំបន់​ការពារ​សត្វ​ព្រៃ​ខេត្ត​ព្រះវិហារ មាន​ភ្ញៀវ​ទេសចរ​បរទេស​មួយ​ចំនួន​ចាប់​អារម្មណ៍​មក​ទស្សនា​ផង​ដែរ។

នៅ​ដើម​ឆ្នាំ​២០១២ នេះ មាន​ភ្ញៀវ​ទេសចរ​ជាង ៣០​នាក់​មក​ទស្សនា ទោះ​បី​ជា​តម្លៃ​ក្នុង​ការ​ចូល​ទៅ​ទស្សនា​មាន​តម្លៃ​ខ្ពស់​បន្តិច​ក្ដី។

ភ្ញៀវ​ទេសចរ​អាច​ទៅ​ទស្សនា​តំបន់​ការពារ​សត្វ​ព្រៃ​ខេត្ត​ព្រះវិហារ បាន​តែ​ក្នុង​ខែ​ប្រាំង​ប៉ុណ្ណោះ គឺ​ចាប់​ពី​ខែ​មករា ទៅ​ដល់​ខែ​មេសា។ នៅ​ក្នុង​ខែ​វស្សា គេ​មិន​អាច​ចូល​ទៅ​ដល់​តំបន់​ជម្រក​សត្វ​កម្រ​បាន​ទេ ពីព្រោះ​ផ្លូវ​ធ្វើ​ដំណើរ​មាន​ការ​លំបាក។

លោក តាន់ សេដ្ឋា មាន​ប្រសាសន៍​ថា ភ្ញៀវ​ទេសចរ​ចាប់​អារម្មណ៍​តែ​ចំពោះ​សត្វ​កម្រ​តែប៉ុណ្ណោះ៖ «ភ្ញៀវ​ដែល​មក​មើល​សត្វ​នៅ​តំបន់​យើង​នេះ គេ​ផ្ដោត​ទៅ​លើ​សត្វ​កម្រ និង​ជិត​ផុត​ពូជ។ អ៊ីចឹង​យើង​កត់​សម្គាល់​ឃើញ​ថា ភ្ញៀវ​ដែល​មក​មើល​សត្វ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ គូលែន​ព្រហ្មទេព គេ​មក​មើល​ប្រភេទ​ទា​ព្រៃ​ស្លាប​ស ត្រយង​ចង្កោម ក ស ត្រយង​យក្ស និង​ត្មាត​ជាដើម»

តំបន់​ការពារ​សត្វ​ព្រៃ​ខេត្ត​ព្រះវិហារ ដែល​មាន​ភ្ញៀវ​ទេសចរ​ឧស្សាហ៍​ទៅ​ទស្សនា គឺ​មាន​តំបន់​អូរ​គគីរ ដងផ្លិត និង​ត្មាតប៉ើយ។

លោក តាន់ សេដ្ឋា បាន​លើក​ឡើង​ថា ទោះ​បី​មាន​ការ​ការពារ​យ៉ាង​ណា​ក៏ដោយ ក៏​សត្វ​ព្រៃ​នៅ​តែ​មា​ ការ​បរ​បាញ់​ដោយ​មនុស្ស​មួយ​ចំនួន។

លោក​បាន​រៀប​រាប់​អំពី​ការ​លំបាក​មួយ​ចំនួន​ក្នុង​ការ​ការពារ​សត្វ​ព្រៃ គឺ​មាន​ទាំង​ថវិកា និង​សម្ភារៈ៖ «ចំពោះ​ការ​លំបាក​ក្នុង​ការ​ការពារ​សត្វ​ព្រៃ គឺ​ទី​១ ថវិកា​ក្នុង​ការ​អភិរក្ស គឺ​វា​មាន​ចំនួន​កំណត់ ហើយ​មន្ត្រី​ដែល​ធ្វើ​ការ​វា​មាន​ចំនួន​តិច។ ទី​២ ការ​បរ​បាញ់​សត្វ​ព្រៃ​វា​នៅ​តែ​កើត​មាន​ពី​សំណាក់​ជនល្មើស បើ​ទោះ​បី​ជា​យើង​បាន​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​យ៉ាង​ណា​ក៏ដោយ គឺ​ជនល្មើស​វា​នៅ​តែ​លួច​បរ​បាញ់។ មួយ​វិញ​ទៀត តំបន់​ដែល​យើង​ធ្វើ​ការ​នេះ គឺ​ជា​តំបន់​លិច​ទឹក។ មាន​ន័យ​ថា ខែ​វស្សា​យើង​លំបាក​ចុះ​ទៅ​ធ្វើ​ការ ដោយសារ​មធ្យោបាយ​ធ្វើ​ការងារ​យើង​វា​មិន​គ្រប់គ្រាន់។ អ៊ីចឹង​មន្ត្រី​របស់​យើង​ពុះពារ​ខ្លាំង​ណាស់​ក្នុង​ការ​ធ្វើ​ការងារ​ក្នុង​រដូវ​វស្សា​នោះ»

លោក ផាត់ ប៊ុនធី អនុ​ប្រធាន​សហគមន៍​ការពារ​សត្វ​ព្រៃ​នៅ​ភូមិ​ដងផ្លិត នៅ​ក្នុង​ឃុំ​ឆែប២ ស្រុក​ឆែប ខេត្ត​ព្រះវិហារ មាន​ប្រសាសន៍​ថា ភ្ញៀវ​ទេសចរ​ភាគ​ច្រើន​ចូល​ចិត្ត​ទៅ​ទស្សនា​សត្វ​កម្រ​ចាប់​ពី​ខែ​វិច្ឆិកា ទៅ​ដល់​ខែ​មករា។

លោក​មាន​ប្រសាសន៍​ថា ការ​បរ​បាញ់ និង​ចាប់​សត្វ​កម្រ ភាគ​ច្រើន​ជា​មនុស្ស​មក​ពី​ទី​ឆ្ងាយ​ចូល​លុក​ក្នុង​ព្រៃ​ការពារ៖ «ការពារ​សត្វ​ព្រៃ​កម្រ គឺ​មាន​ការ​លំបាក​ណាស់។ គឺ​ទី​១ អ្នក​មិន​គោរព​ច្បាប់​គាត់​បាន​ចាប់​សត្វ​ព្រៃ ជា​ពិសេស​គឺ​អ្នក​ធ្វើ​ដំណើរ​ឆ្លង​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ទៀត​មក​រក»

លោក​បាន​អំពាវនាវ​ឲ្យ​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​ពង្រីក​សកម្មភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​តំបន់​ការពារ​សត្វ​ព្រៃ​ខេត្ត​ព្រះវិហារ ឲ្យ​បាន​ច្រើន ពីព្រោះ​កាល​ណា​មាន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ច្រើន សហគមន៍​ទេសចរណ៍​ធម្មជាតិ និង​ប្រជាពលរដ្ឋ​រស់​នៅ​ក្បែរ​ព្រៃ​ជម្រក​សត្វ​ក៏​បាន​ទទួល​ប្រាក់​ចំណូល​ពី​ការ​នាំ​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​សត្វ​ស្លាប និង​សត្វ​ព្រៃ​នានា ដែល​រស់​នៅ​ក្នុង​ព្រៃ​ការពារ​ផង​ដែរ៖ «បាទ! ចង់​ឲ្យ​ភ្ញៀវ​មក​ច្រើន។ បើ​សិន​ជា​ភ្ញៀវ​មក​ច្រើន ទី​១ យើង​បាន​ថវិកា​កសាង​ស្រុក​ភូមិ ទី​២ ប្រជាជន​គាត់​បាន​លក់​អង្ករ លក់​មាន់​អី​តិចតួច​ដែរ»

អង្គការ​សមាគម​ការពារ​សត្វព្រៃ​កម្ពុជា នៅ​ខេត្ត​ព្រះវិហារ ជា​អង្គការ​ដែល​មាន​លក្ខណៈ​ពាក់​កណ្ដាល​រដ្ឋ និង​ពាក់​កណ្ដាល​ជា​ឯកជន ពីព្រោះ​អង្គការ​នេះ​មាន​អ្នក​ទទួល​ខុស​ត្រូវ​ជា​មន្ត្រី​ដែល​តែងតាំង​ដោយ​រដ្ឋបាល​ព្រៃ​ឈើ ចំណុះ​ឲ្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ទទួល​ថវិកា​មួយ​ចំនួន​ពី​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ធ្វើ​សកម្មភាព។ អង្គការ​សមាគម​ការពារ​សត្វ​ព្រៃ​កម្ពុជា​នេះ មាន​មុខ​ងារ​ជា​អ្នក​ការពារ និង​អភិរក្ស​សត្វ​ព្រៃ​ផង និង​មាន​មុខ​ងារ​ជា​អ្នក​បង្ក្រាប​បទល្មើស​ប៉ះពាល់​ដល់​សត្វ​ព្រៃ​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។