ប្រធានអង្គការអប់រំសុខភាព និងបរិស្ថាន លោកស្រី សេក ដានី មានប្រសាសន៍នៅថ្ងៃទី៥ ខែកញ្ញា ថា កាលពីថ្ងៃទី៣០ ខែសីហា សាលាខែត្របានកោះហៅលោកស្រីទៅសាកសួរ ដោយយោងលើរបាយការណ៍របស់ស្នងការខែត្ររាយការណ៍ថា មជ្ឈមណ្ឌលសិទ្ធិមនុស្ស និងអង្គការការពារធនធានធម្មជាតិធ្វើការប្រឆាំងនឹងរដ្ឋាភិបាល ហើយចោទរដ្ឋាភិបាលថា លក់ដីឲ្យវៀតណាម។
លោកស្រី សេក ដានី បានបញ្ជាក់ថា លោកស្រីមិនបានឮអំពីករណីនេះទេ ប៉ុន្តែលោកស្រីគ្រាន់តែដឹងថា អង្គការទាំងពីរបានចុះទៅបណ្ដុះបណ្ដាលអ្នកភូមិស្រុកសណ្ដាន់ អំពីច្បាប់ភូមិបាល និងការពារព្រៃឈើទេ។ លោកស្រីបញ្ជាក់ថា សាលាខែត្របានហាមអង្គការលោកស្រីមិនឲ្យធ្វើការសហការជាមួយអង្គការទាំងពីរនេះទេ បើមិនដូច្នោះទេ គេនឹងធ្វើរបាយការណ៍ទៅក្រសួងមហាផ្ទៃដើម្បីបិទ។
មន្ត្រីជាន់ខ្ពស់នៃសាលាខែត្រកំពង់ធំ សុំមិនបញ្ចេញឈ្មោះបានបំភ្លឺថា សាលាខែត្របានកោះហៅលោកស្រី សេក ដានី ទៅសាកសួរនោះទៅតាមរបាយការណ៍របស់ស្នងការខែត្រក្នុងនាមជាសាក្សី ពីព្រោះថា របាយការណ៍នោះបានសរសេរថា អង្គការទាំងនោះទៅធ្វើការនៅស្រុកសណ្ដាន់ មាននិន្នាការទៅគណបក្សប្រឆាំង ប៉ុន្តែនៅពេលសួរទៅអង្គការទាំងពីរនេះមិនមានទីស្នាក់ការនៅខែត្រទេ។
មន្ត្រីសម្របសម្រួលគម្រោងវេទិកាសាធារណៈ និងបណ្ដុះបណ្ដាលនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក ឈឹម សាវុធ បានបដិសេធថា សកម្មភាពរបស់លោកមិនមាននិន្នាការទៅលើគណបក្សណាមួយនោះទេ លោកគ្រាន់តែចុះទៅបណ្ដុះបណ្ដាលប្រជាពលរដ្ឋអំពីច្បាប់ភូមិបាល និងបញ្ហាសិទ្ធិមនុស្ស។
ប្រធានអង្គការការពារធនធានធម្មជាតិ លោក ឈុត វុទ្ធី មានប្រសាសន៍ថា នេះជាការគំរាមកំហែងមួយ ពីព្រោះថា អង្គការរបស់លោកទៅធ្វើការនៅក្នុងស្រុកសណ្ដាន់ បណ្ដុះបណ្ដាលច្បាប់ភូមិបាល និងការពារធនធានជាតិ ប៉ុន្តែកាលពីថ្ងៃទី៩ និងទី១០ ខែសីហា លោកបានបើកវគ្គបណ្ដុះបណ្ដាលនៅក្នុងបរិវេណវត្តសិក្ខារាម នៅស្រុកសណ្ដាន់ តែមេឃុំដងកំាបិត បាននាំកម្លាំងទៅឃាត់ការបណ្ដុះបណ្ដាលនោះ តែប្រជាពលរដ្ឋមិនព្រម។
កាលពីថ្ងៃទី២១ ខែសីហា អាជ្ញាធរស្រុកសណ្ដាន់ ធ្លាប់បានឃាត់ខ្លួនលោក ឈុត វុទ្ធី និងប្រជាពលរដ្ឋចំនួនពីរនាក់ទៀត បន្ទាប់ពីលោកបានទៅបង្រៀនប្រជាពលរដ្ឋនៅក្នុងឃុំមានឫទ្ធិ ស្រុកសណ្ដាន់ ប្រមាណ ៧០នាក់ អំពីច្បាប់ភូមិបាល និងច្បាប់ការពារព្រៃឈើ កាលពីថ្ងៃទី១៩ ខែសីហា ក្រោយមកពួកលោកក៏ចូលទៅក្នុងព្រៃ ក៏ឃើញគោយន្តដឹកឈើចំនួន ៧គ្រឿង ក៏បានថតទុកជាភស្តុតាង។
មន្ត្រីអង្គការសិទ្ធិមនុស្សបានលើកឡើងថា ការឃាត់ខ្លួននេះជាការគំរាមកំហែង ខណៈដែលពួកគាត់បានដឹងអំពីករណីកាប់ឈើយ៉ាងអនាធិបតេយ្យនៅក្នុងស្រុកសណ្ដាន់ ខែត្រកំពង់ធំ ហើយអាជ្ញាធរមិនបានបង្ក្រាបនោះ៕