សង្គម​ស៊ីវិល​ស្នើ​រដ្ឋាភិបាល​និង​ម្ចាស់​ជំនួយ​គាំទ្រ​ថវិកា​ដល់​ពួក​គេ

ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល ស្នើ​ទៅ​រដ្ឋាភិបាល និង​ម្ចាស់​ជំនួយ ឬ​ដៃគូ​អភិវឌ្ឍន៍ អោយ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ទាំង​ផ្នែក​សកម្មភាព និង​ការ​គាំទ្រ​ថវិកា​ដល់​ពួក​គេ ដើម្បី​អោយ​ពួក​គេ​បាន​ចូល​រួម​ពេញ​លេញ​ក្នុង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ប្រសិទ្ធភាព។
ដោយ សុ ជីវី
2012-08-30
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
វេទិកា​អភិបាល​កិច្ច ៣០៥
វេទិកា​ថ្នាក់​ជាតិ​រវាង​សង្គម​ស៊ីវិល ដៃគូ​អភិវឌ្ឍន៍ និង​រដ្ឋាភិបាល ស្ដីពី​ការ​លើក​កម្ពស់​អភិបាល​កិច្ច និង​ភាព​ជា​ដៃគូ​សម្រាប់​ប្រសិទ្ធភាព​នៃ​ការ​អភិវឌ្ឍ នា​សណ្ឋាគារ​អ៊ីមផឺរៀល (Imperial Hotel) រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១២។
RFA/So Chivy

ការ​ស្នើ​ឡើង​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជិត​១០០​ស្ថាប័ន​នេះ បាន​ធ្វើ​ឡើង​តាម​រយៈ​សេចក្ដី​ថ្លែងការណ៍​រួម​របស់​ពួក​គេ ដែល​ដាក់​ជូន​ដំណាង​រដ្ឋាភិបាល និង​ម្ចាស់​ជំនួយ នៅ​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ ស្ដីពី​ការ​លើក​កម្ពស់​អភិបាល​កិច្ច និង​ភាព​ជា​ដៃគូ​សម្រាប់​ប្រសិទ្ធភាព​នៃ​ការ​អភិវឌ្ឍ។

នាយក​ប្រតិបត្តិ​អង្គការ​អភិវឌ្ឍន៍ និង​ភាព​ជា​ដៃគូ​ក្នុង​សកម្មភាព ឌី.ភី.អេ (DPA) លោក ម៉ម សម្បត្តិ បាន​លើក​ឡើង​ពី​អត្ថន័យ​នៃ​សេចក្ដី​ថ្លែងការណ៍​រួម របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​នោះ​ថា អង្គការ​សង្គម​ស៊ីវិល​បាន​បំពេញ​ការងារ​នៅ​តាម​មូលដ្ឋាន ក្នុង​ការ​ភ្ជាប់​ពលរដ្ឋ​ក្រីក្រ​អោយ​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​អភិវឌ្ឍ។ ករណី​នេះ​ហើយ​ដែល​ពួក​គេ​តែង​តែ​ចង់​បាន​ការ​ទទួល​ស្គាល់​ថា ខ្លួន​ជា​តួអង្គ​មួយ​សំខាន់​ក្នុង​ការ​អភិវឌ្ឍ។ លោក ម៉ម សម្បត្តិ បន្ត​ថា ការ​ធានា​បាន​នូវ​ទំនុក​ចិត្ត និង​ការ​គាំទ្រ​ថវិកា នឹង​ជំរុញ​អោយ​សង្គម​ស៊ីវិល​បំពេញ​ការងារ​កាន់​តែ​សកម្ម។

ជាមួយ​គ្នា​នេះ ក៏​បាន​ស្នើ​អោយ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ គឺ​រួម​ទាំង​សង្គម​ស៊ីវិល​ផង ធានា​ដល់​ការ​អនុវត្ត​គោលការណ៍​សំខាន់ៗ​មួយ​ចំនួន​ដែល​មាន​ស្រាប់ ស្ដីពី​ភាព​ជា​ដៃគូ​សម្រាប់​ប្រសិទ្ធភាព​នៃ​ការ​អភិវឌ្ឍ រួម​មាន​លទ្ធផល​នៃ​វេទិកា​ជាន់​ខ្ពស់​នៅ​ទីក្រុង​អាក្រា (AGRA) ការ​សម្រេច​រួម​គ្នា​នៅ​ទីក្រុង​ប៊ូសាន (Busan) និង​គោលការណ៍​ក្រុង​អ៊ីស្តាន់ប៊ុល។

ប្រធាន​នាយកដ្ឋាន​គោល​នយោបាយ នៃ​គណៈកម្មាធិការ​នីតិសម្បទា និង​អភិវឌ្ឍន៍​កម្ពុជា នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក រស់ សាលីន មាន​ប្រសាសន៍​ថា ភាគី​រដ្ឋាភិបាល​តែង​បើក​ទូលាយ និង​ចាត់​ទុក​អង្គការ​មិន​មែន​រដ្ឋាភិបាល ជា​ដៃគូ​ក្នុង​ការ​អភិវឌ្ឍ។ ទោះ​ជា​យ៉ាង​ណា លោក​ក៏​បាន​ស្នើ​អោយ​អង្គការ​សង្គម​ស៊ីវិល​បំពេញ​តួនាទី​អោយ​បាន​ច្រើន ក្នុង​សកម្មភាព​បំពេញ​ចំណុច​ខ្វះខាត​របស់​រដ្ឋាភិបាល ជាជាង​ការ​រិះគន់​បន្ទច់​បង្អាក់។

ចំណែក លោក ខាល អាន់ឌើ ឡាសុន (Karl Ander Larsson) អ្នក​ប្រឹក្សា​យោបល់ និង​ជា​ភារធារី​នៃ​ស្ថានទូត​ស៊ុយអែត ប្រចាំ​នៅ​កម្ពុជា មាន​ប្រសាសន៍​ថា សង្គម​ស៊ីវិល​គឺ​ពិត​ជា​តួអង្គ​សំខាន់​ក្នុង​ការ​អភិវឌ្ឍ ប៉ុន្តែ​សង្គម​ស៊ីវិល​ត្រូវ​កំណត់​អោយ​បាន​នូវ​ភាព​ជា​តំណាង ដែល​ជា​សំឡេង​រួម​តែ​មួយ​នៅ​ក្នុង​ការ​ជួប​ប្រជុំ​ជាមួយ​រដ្ឋាភិបាល លើស​ពី​នេះ​គឺ​ត្រូវ​កែលំអ​សមត្ថភាព​អង្គការ សង្គម​ស៊ីវិល នៅ​គ្រប់​លំដាប់​ថ្នាក់។

ទាក់​ទិន​នឹង​ប្រសិទ្ធភាព​ការ​អភិវឌ្ឍ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ពន្យារ​ពេល​នៃ​កិច្ច​ប្រជុំ​រវាង​រដ្ឋាភិបាល ម្ចាស់​ជំនួយ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​បាន​ងាក​មក​ប្រើប្រាស់​យុទ្ធសាស្ត្រ​ថ្មី​មួយ គឺ​ការ​សម្រប​សម្រួល​ដោយ​ផ្ទាល់​ជាមួយ​ប្រទេស​ម្ចាស់​ជំនួយ រហូត​ដល់​ឆ្នាំ​២០១៤ នៅ​ខណៈ​ដែល​វិបត្តិ​ហិរញ្ញវត្ថុ និង​បំណុល បន្ត​ប៉ះ​ពាល់​ប្រទេស​ម្ចាស់​ជំនួយ​ធំៗ​មួយ​ចំនួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល