មន្ត្រីអង្គការសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃអង្គារ ទី៧ ខែសីហា ឆ្នាំ២០១២ ឲ្យដឹងថា នៅថ្ងៃពុធ ខាងមុខនេះ តំណាងអង្គការទាំងពីរនឹងដាក់ពាក្យប្ដឹងមន្ត្រីអាជ្ញាធរឃុំប៉ាតាង ចំនួនបីនាក់ ពីបទគំរាមកំហែង និងបណ្ដេញសកម្មជនសិទ្ធិមនុស្សចេញពីភូមិ និងបានចោទប្រកាន់មន្ត្រីសិទ្ធិមនុស្សខុសការពិត ជាលក្ខណៈបរិហារកេរ្តិ៍។
មន្ត្រីគម្រោង និងជាគ្រូបណ្ដុះបណ្ដាលនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក នាវ ស៊ីសែន មានប្រសាសន៍បញ្ជាក់ថា អង្គការលោកបានរៀបចំពាក្យបណ្ដឹងដោយឡែកពីសមាគមអាដហុក ក្នុងកម្មវត្ថុប្ដឹងមេឃុំប៉ាតាង គឺលោក គឹត ចេន និងនាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ គឺលោក ប្លាង នា។
លោកបន្តថា មន្ត្រីទាំងពីរនេះបានរំលោភទៅលើសិទ្ធិបំពេញការងាររបស់អង្គការក្រៅរដ្ឋាភិបាល និងគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ ក្នុងការចុះជួបប្រាស្រ័យអប់រំបណ្ដុះបណ្ដាលប្រជាពលរដ្ឋ៖ «ទោះបីជាពួកយើងខំពន្យល់ពី ស.ជ.ណ របស់ក្រសួងមហាផ្ទៃ ដែលគេអនុញ្ញាតិឲ្យធ្វើការបណ្ដុះបណ្ដាល ធ្វើការផ្សព្វផ្សាយក៏ដូចជាវេទិកាសាធារណៈ យើងគ្រាន់តែជូនដំណឹងដល់អាជ្ញាធរខេត្ត អាជ្ញាធរឃុំ ដើម្បីសហការផ្សព្វផ្សាយហ្នឹង ជាការស្រេចហើយ ប៉ុន្តែប្រធានប៉ុស្តិ៍ ហើយនិងមេឃុំហ្នឹង គាត់អត់ស្តាប់»។
ចំណែកមេធាវីសមាគមអាដហុក លោក ឡុង លន់ មានប្រសាសន៍ដែរថា លោកបានទទួលសិទ្ធិការពារក្តីជូនអ្នកសម្របសម្រួលសមាគមអាដហុក ខេត្តរតនគិរី គឺលោក ប៉ែន ប៊ុណ្ណារ៍ ដែលនឹងដាក់ពាក្យប្ដឹងមេភូមិប៉ាតាង គឺលោក ផែង ម៉ាំង ដែលមានចេតនាបង្ខូចកិត្តិយស និងកេរ្តិ៍ឈ្មោះកូនក្តីលោក ដែលបានបំពេញភារកិច្ចការពារសិទ្ធិមនុស្ស៖ «គាត់ប្ដឹងនេះ គឺដើម្បីស្វែងរកយុត្តិធម៌ឲ្យគាត់ឲ្យមានការផ្ដន្ទាទោសទៅដល់ជនដែលបានប្រព្រឹត្តទៅលើអំពើហ្នឹង ពីព្រោះថា អ្វីដែលគាត់ធ្វើហ្នឹង គឺក្នុងគោលបំណងដើម្បីផ្សព្វផ្សាយច្បាប់ឲ្យប្រជាពលរដ្ឋបានយល់ដឹងតែប៉ុណ្ណោះ»។
កាលពីថ្ងៃសុក្រ ទី២៧ ខែកក្កដា កន្លងទៅ ក្រុមប៉ូលិសឃុំប៉ាតាង និងប៉ូលិសស្រុកលំផាត់ ប្រដាប់អាវុធប្រមាណ៨នាក់ និងមេឃុំប៉ាតាង បានរារាំងមិនឲ្យក្រុមការងារមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងមន្ត្រីសមាគមអាដហុក បើកសិក្ខាសាលាអប់រំផ្សព្វផ្សាយស្ដីពីច្បាប់ និងសិទ្ធិមនុស្សនៅភូមិប៉ាតាង បានឡើយ ដោយសំអាងថា អង្គការនេះមិនបានសុំច្បាប់អនុញ្ញាតិពីអាជ្ញាធរខេត្ត ហើយបានបណ្ដេញក្រុមសកម្មជនសិទ្ធិមនុស្សទាំងនោះ ចេញពីភូមិដោយគំរាមថា ក្រុមអាជ្ញាធរមិនទទួលខុសត្រូវលើសុវត្ថិភាពក្រុមមន្ត្រីសិទ្ធិមនុស្សឡើយ។
មេឃុំប៉ាតាង លោក គឹត ចេន ទទួលស្គាល់ថា លោកបានទទួលបញ្ជាពីថ្នាក់ស្រុកមិនឲ្យក្រុមសិទ្ធិមនុស្សទាំងនោះចូលមកប្រជុំជាមួយប្រជាពលរដ្ឋ នៅភូមិនោះបានទេ ដោយសារតែពួកគេមិនមានលិខិតអនុញ្ញាតិពីអាជ្ញាធរខេត្ត ឬជូនដំណឹងមកអាជ្ញាធរមូលដ្ឋាន៖ «អត់អីទេការងារហ្នឹង គឺការពិតអ៊ីចឹង គាត់ប្ដឹងៗចុះ ខ្ញុំក៏មិនអត្តនោម័តិតែឯងដែរណា ក៏ទទួលលិខិតបញ្ជាពីថ្នាក់ស្រុក មិនមែនខ្ញុំមានសិទ្ធិដល់អ៊ីចឹង គឺក្រោមការបញ្ជាពីលើ»។
ចំណែកប្រធានភូមិប៉ាតាង លោក ផែង ម៉ាំង ទទួលស្គាល់ដែរថា លោកពិតជាបានពោលពាក្យចោទប្រកាន់មន្ត្រីអាដហុក នោះមែន ពីព្រោះសកម្មភាពចុះផ្សព្វផ្សាយរបស់មន្ត្រីសិទ្ធិមនុស្សនេះ ធ្វើឲ្យប្រជាពលរដ្ឋនៅមូលដ្ឋានបោះបង់ជំនឿ មិនស្តាប់ការណែនាំរបស់អាជ្ញាធរមូលដ្ឋាន៖ «ខ្ញុំមិនមែនហាមឃាត់តែម្នាក់ខ្ញុំឯណា មានអាជ្ញាធរភូមិ អាជ្ញាធរឃុំ អាជ្ញាធរស្រុក ក៏មកដែរ។ គ្រាន់តែថា ពួកឯងមកប្រជុំក៏អត់មានជម្រាបជូនអាជ្ញាធរប្រជុំពីរឿងអ្វី អ៊ីចឹង ការប្រជុំដូចជាការញុះញង់ប្រជាពលរដ្ឋថាអ៊ីចឹងមែន កាលហ្នឹងខ្ញុំថាអ៊ីចឹងមែនហើយ»។
សមាគមអាដហុក បានចុះអប់រំពីបញ្ហាសិទ្ធិមនុស្សដល់សហគមន៍ឃុំភ្នំកុក ស្រុកវ៉ឺនសៃ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១២ ហើយត្រូវក្រុមមន្ត្រីឃុំ និងប៉ូលិសប៉ុស្តិ៍ទាមទាររកលិខិតអនុញ្ញាតិ និងហាមមិនឲ្យជួបជុំបណ្ដុះបណ្ដាលអ្នកភូមិទេ ក៏ប៉ុន្តែ បន្ទាប់មកបានបញ្ឈប់ការរារាំងនោះវិញ បន្ទាប់សមាគមនេះនៅតែបន្តជួបប្រជុំជាមួយអ្នកភូមិ។
ចំណែកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានបើកវគ្គអប់រំសិទ្ធិមនុស្សដល់ប្រជាពលរដ្ឋចំនួនពីរភូមិ គឺភូមិប៉ាតាង និងភូមិណងហៃ កាលពីថ្ងៃទី២៧ និងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១២ និងបើកវេទិកាសាធារណៈមួយ កាលពីថ្ងៃទី៣០ ខែកក្កដា នេះដែរ នៅភូមិសមុទ្រក្រោម ស្រុកលំផាត់។ ក៏ប៉ុន្តែក្នុងចំណោមការជួបប្រជុំទាំងបីកម្មវិធីរបស់អង្គការនេះ មានតែការប្រជុំនៅភូមិណងហៃ មួយប៉ុណ្ណោះ ដែលមិនមានអាជ្ញាធររារាំងរំខាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
