សេចក្តីថ្លែងការណ៍រួមរបស់អង្គការមិនមែនរដ្ឋាភិបាលទាំង៤ គឺគណៈកម្មាធិការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយ អង្គការ យេនឌ័រ និងអភិវឌ្ឍដើម្បីកម្ពុជា គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ខុមហ្វ្រែល (Comfrel) និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
អង្គការទាំង៤ បានលើកឡើងមានខ្លឹមសារជាអាទិ៍ថា ការបោះឆ្នោតរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ កាលពីថ្ងៃទី៣ ខែមិថុនា កន្លងទៅ បានបង្ហាញថា ចំនួនស្ត្រីជាប់ឆ្នោតមានចំនួន ២.០៣៨អាសនៈ គិតទៅបានជិត ១៨% គឺកើនជាងឆ្នាំ២០០៧ ដែលមានតែជាង ១៤% ប៉ុណ្ណោះ។ ប៉ុន្តែការកើននេះ មិនទាន់ដល់គោលដៅកំណត់ ២៥% នៅឡើយ។
អង្គការមិនមែនរដ្ឋាភិបាលទាំង៤ បានជំរុញឲ្យគណបក្សនយោបាយនានា ដាក់បេក្ខជនឈរឈ្មោះជាស្ត្រីឲ្យបានច្រើន ជំរុញឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ កែទម្រង់ប្រព័ន្ធបោះឆ្នោត និងដាក់បញ្ចូលប្រព័ន្ធកំណត់កូតា នៅក្នុងច្បាប់បោះឆ្នោត ដែលតម្រូវឲ្យគណបក្សនយោបាយដាក់អាសនៈស្ត្រី ៣០% ក្នុងបញ្ជីបោះឆ្នោត ដោយកំណត់កម្រិតអតិបរមាចំពោះតំណាងបុរសឲ្យត្រឹមតែ ៧០% ប៉ុណ្ណោះ។ មួយវិញទៀត នៅក្នុងបញ្ជីឈ្មោះ ត្រូវមានដាក់ឈ្មោះបេក្ខជនស្ត្រីនៅជួរខាងលើ ឆ្លាស់ជាមួយឈ្មោះបេក្ខជនបុរសផងដែរ។
លោកស្រី រស់ សុភាព នាយិកាអង្គការ យេនឌ័រ និងអភិវឌ្ឍដើម្បីកម្ពុជា និងជាអនុប្រធាននៃគណៈកម្មាធិការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយ មានប្រសាសន៍ថា ទាល់តែមានការប្រឹងប្រែងជំរុញខ្លាំងពីគ្រប់មជ្ឈដ្ឋាន បានស្ត្រីកម្ពុជាមានចំនួនច្រើនចូលរួមក្នុងសកម្មភាពនយោបាយ។
លោកស្រីមានប្រសាសន៍បន្តថា ជួនកាលបុរសមិនព្រមលះបង់តួនាទីដឹកនាំរបស់ខ្លួនទេ និងមិនគាំទ្រស្ត្រីក្នុងការចូលរួមធ្វើនយោបាយដឹកនាំប្រទេសជាតិឡើយ។
ប៉ុន្តែលោកស្រីបានទទួលស្គាល់ថា ស្ត្រីកម្ពុជាជួបប្រទះការលំបាកច្រើនយ៉ាងណាស់ តាំងពីនៅជាមួយគ្រួសារ នៅសាលារៀន ជាដើម។
លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានប្រសាសន៍ថា កន្លងមក គ.ជ.ប បានលើកទឹកចិត្តឲ្យស្ត្រីចូលរួមក្នុងការងារបោះឆ្នោតឲ្យបានច្រើន ហើយការធ្វើវិសោធនកម្មច្បាប់ ដើម្បីឲ្យស្ត្រីមានតួនាទីច្រើនក្នុងការបោះឆ្នោត ឬឈរឈ្មោះបោះឆ្នោតនោះ មិនមែនជាសមត្ថកិច្ចរបស់ គ.ជ.ប ទេ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់អង្គការមិនមែនរដ្ឋាភិបាល បានបង្ហាញតួលេខឲ្យដឹងថា ក្នុងចំណោមគណបក្សនយោបាយចូលរួមបោះឆ្នោតទាំង១០ ក្នុងការរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នោះ មានគណបក្សនយោបាយ៧ បានទទួលអាសនៈ។ ក្នុងនោះគណបក្សប្រជាជនកម្ពុជា បានទទួលអាសនៈជាស្ត្រីចំនួន២១,៥% គណបក្ស សម រង្ស៊ី បានទទួលអាសនៈជាស្ត្រីចំនួន១១% គណបក្ស នរោត្តម រណឫទ្ធិ បានទទួល៥,៨% គណបក្ស ហ៊្វុនស៊ិនប៉ិច បានទទួល៣,៣% និងគណបក្ស សិទ្ធិមនុស្ស បានទទួល១,៥%។
លោក ប៉ុល ហំម អ្នកនាំពាក្យគណបក្ស សិទ្ធិមនុស្ស បានឲ្យដឹងថា គណបក្សលោកមានស្ត្រីជាប់ឆ្នោតតិច ដោយសារស្ត្រីភាគច្រើនខ្លាចមានគ្រោះថ្នាក់ក្នុងការចូលរួមសកម្មភាពនយោបាយជាមួយគណបក្សលោក។
នៅក្នុងការបោះឆ្នោត កាលពីថ្ងៃទី៣ ខែមិថុនា កន្លងមក មានស្ត្រីមកពីគណបក្សនយោបាយចូលរួមចំនួន ២.០៣៨រូប បានជាប់ឆ្នោតក្នុងចំណោមបេក្ខជនទទួលអាសនៈទាំងអស់ជាង ១ម៉ឺននាក់។ ក្នុងនោះ ស្ត្រីទទួលតំណែងជាមេឃុំ មានចំនួន ៩៥នាក់ ទទួលតំណែងជាជំទប់ទី១ ចំនួន ១៨៩នាក់ និងទទួលតំណែងជំទប់ទី២ ចំនួន ១៦៤នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
