សង្គម​ស៊ីវិល​គ្រោង​ធ្វើសកម្មភាព​អប់រំ​ផ្សព្វផ្សាយ​ដល់​ស្រ្ដី​​​​នៅ​ថ្ងៃ​ ៨ មីនា

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ សហព័ន្ធ​សហជីព សមាគម​ចំនួន​៣២​ស្ថាប័ន បាន​រួប​រួម​គ្នា​គ្រោង​ធ្វើ​សកម្មភាព​អប់រំ​ផ្សព្វផ្សាយ​ដល់​ស្រ្តី​និង​ចែក​អំណោយ​ដល់​ស្រ្តី​ជា​អ្នក​ទោស​នៅ​តាម​ពន្ធនាគារ​ដើម្បី​អបអរ​ទិវា​នារី​អន្តរជាតិ​លើក​ទី​៩៩ នៅ​ថ្ងៃ​៨ មីនា​នេះ។

0:00 / 0:00

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​មួយ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ សហព័ន្ធ​សហជីព សមាគម​ចំនួន​៣២​ស្ថាប័ន​នៅ​ក្នុង​ប្រធានបទ “រួម​គ្នា​លើក​ស្ទួយ​លក្ខខណ្ឌ​ការងារ​សមរម្យ​ដើម្បី​ស្រ្តី​នៅ​ប្រទេស​កម្ពុជា” បាន​ផ្សព្វផ្សាយ​ថា នៅ​ថ្ងៃ​ទី​៨ មីនា​នេះ ពួកគេ​នឹង​ធ្វើការ​ប្រគំ​តន្រ្តី​ផ្សព្វផ្សាយ​ជា​សាធារណៈ នៅ​ឯ​មជ្ឈមណ្ឌល​ទួលគោក​ដើម្បី​ជា​ការ​កម្សាន្ត លើស​ពី​នេះ​ទៅ​ទៀត​ក៏​មាន​ការ​ឆ្លើយ​សំណួរ​យក​រង្វាន់​និង​សម្ដែង​រឿង​អប់រំ ការ​ផ្សព្វផ្សាយ​នៅ​តាម​វិទ្យុ​មួយចំនួន​ទាក់ទង​ទៅ​នឹង​ការ​លើក​កម្ពស់​សិទ្ធិ​នារី​ផង​ដែរ។

អគ្គ​លេខាធិការ​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក ហេង សំអន បាន​ឲ្យ​ដឹង​ពី​គោល​បំណង​នៃ​ការ​រៀបចំ​នេះ​ថា ជា​ការ​បង្ហាញ​ឲ្យ​សាធារណជន​បាន​យល់​ដឹង​អំពី​ការងារ​សមរម្យ​សម្រាប់​អ្នក​ធ្វើ​ការងារ​តាម​ផ្ទះ កម្មករ​ចំណាក​ស្រុក​ជា​ស្រ្តី កម្មការិនី​កាត់​ដេរ បុគ្គលិក​នារី​ដែល​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​សេវា​កម្សាន្ត​និង​វិស័យ​ផ្សេងៗ​ទៀត។

លោក ហេង សំអន បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ស្រ្ដី​នៅ​ក្នុង​វិស័យ​កាត់ដេរ គឺ​គាត់​មាន​បញ្ហា​ច្រើន ជាពិសេស​ថ្មីៗ​នេះ អង្គការ​ពលកម្ម​អន្តរជាតិ​មាន​អនុសញ្ញា​មួយ​លេខ​១៤៣​ហ្នឹង គឺ​និយាយ​អំពី​ការ​ឈប់​សម្រាក​លម្ហែ​មាតុភាព គឺ​ត្រូវ​ទទួល​បាន​សារប្រយោជន៍​១០០% ក៏ប៉ុន្តែ​សម្រាប់​ច្បាប់​នៅ​ប្រទេស​កម្ពុជា​យើង គឺ​យើង​ទទួល​បាន​តែ ៥០% ទេ។ សម្រាប់​បងប្អូន​ដែល​ជា​អ្នក​ធ្វើការ​ជា​អ្នក​បម្រើ​អ្នក​តាម​ផ្ទះ​វិញ យើង​ឃើញ​ថា មិន​ទាន់​មាន​លក្ខណៈ​ការងារ​ល្អ​ប្រសើរ​ទេ គឺ​អត់​មាន​ច្បាប់​សម្រាប់​ពួកគាត់​តែម្ដង។ បង​ប្អូន​នារី​ដែល​ធ្វើការ​នៅ​ក្នុង​វិស័យ​កម្សាន្ត ធ្វើការ​នៅ​តាម​ខារ៉ាអូខេ​អី​ផ្សេងៗ​ហ្នឹង គឺ​គាត់​ទទួល​ការ​រើស​អើង​ខ្លាំង​ពី​សង្គម គាត់​ត្រូវ​ទទួល​រង​នូវ​អំពើ​ហិង្សា​ពី​ភ្ញៀវ បង្ខំ​ឲ្យ​គាត់​ហូប​ស្រា ឬ​បង្ខំ​ឲ្យ​គាត់​រួម​ភេទ​ជាដើម»

ចំណែក​ឯ​លោក ហម ស៊ុនរិទ្ធ នាយក​ផ្នែក​ឃ្លាំ​មើល​និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ មាន​ប្រសាសន៍​ថា ក្នុង​ឱកាស​បុណ្យ​ខួប​៨ មីនា​នេះ អង្គការ​លីកាដូ មាន​គម្រោង​ចុះ​ចែក​អំណោយ​និង​លើក​ទឹក​ចិត្ត​ដល់​ស្រ្តី​ជា​អ្នក​ទោស​នៅ​តាម​ពន្ធនាគារ​ចំនួន​១៣​ខេត្ត​ក្រុង គិត​ទាំង​ទី​ក្រុង​ភ្នំពេញ ដែល​ក្នុង​នោះ​មាន​ស្រ្តី​ចំនួន​១.០២០​នាក់។

លោក ហម ស៊ុនរិទ្ធ មាន​ប្រសាសន៍​ដូច្នេះ ៖ «ទី​១ ដោយសារ​យើង​គិត​ថា ជីវភាព​រស់​នៅ​របស់​គាត់​សព្វថ្ងៃ​ហ្នឹង​គាត់​មាន​ការ​ខ្វះខាត មិន​គ្រប់គ្រាន់​ទេ​ទៅ​លើ​អាហារ​បន្ថែម អ៊ីចឹង​ទៅ​ការ​ដែល​យើង​មាន​អី​បន្តិចបន្តួច​សម្រាប់​ផ្ដល់​ជា​ការ​រំឭក​នៅ​ថ្ងៃ​សិទ្ធិ​នារី ៨ មីនា ហ្នឹង យើង​មាន​សម្ភារៈ មាន​អាហារ​មួយចំនួន ជា​នំអី​បន្តិចបន្តួច​គ្រាន់​ជា​និមិត្តរូប​នៅ​ក្នុង​ថ្ងៃ​ហ្នឹង»

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​មួយ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ សហព័ន្ធ​សហជីព សមាគម​ចំនួន​៣២​ស្ថាប័ន​បាន​បង្ហាញ​ថា ស្រ្តី​តំណាង​ឲ្យ​៤០% នៃ​កម្លាំង​ពលកម្ម​សរុប​នៅ​ក្នុង​ពិភពលោក។ ដោយ​ឡែក​កម្លាំង​ពលកម្ម​សរុប​ជា​ស្រ្តី​មាន​៥០% ដែល​កំពុង​តែ​បាន​រួម​ចំណែក​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​កសាង​ប្រទេស​ជាតិ ដូចជា​នៅ​ក្នុង​វិស័យ​កាត់ដេរ​និង​វិស័យ​កសិកម្ម៕