លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករកម្ពុជា ត្រូវបានឃាតករបាញ់សម្លាប់នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ នៅគ្រាដែលរូបលោកកំពុងឈរអានកាសែតនៅអែបរបងវត្តលង្កា នាទីក្រុងភ្នំពេញ។
នៅថ្ងៃទី២១ ខែមករានេះ លោក ជា មុនី ប្រធានសហជីពសេរីកម្មករ ត្រូវជាប្អូនលោក ជា វិជ្ជា បានអំពាវនាវជាថ្មីម្តងទៀតដល់សមត្ថកិច្ចរដ្ឋាភិបាលឲ្យវែករកមុខឃាតករពិតដែលបានសម្លាប់បងប្រុសយកមកផ្តន្ទាទោសចំពោះមុខច្បាប់ ព្រោះ ៦ឆ្នាំមកហើយឃាតករពិតសមត្ថកិច្ចនៅពុំទាន់ចាប់ខ្លួននៅឡើយ។
លោក ជា មុនី បានបញ្ជាក់ថា ៖ «អ្នកដែលពាក់ព័ន្ធនឹងឃាតកម្មហ្នឹងគឺនៅមានសេរីភាពនៅឡើយ។ យើងឃើញដូចជា គុណ សុង បក្សពួករបស់លោក លី រ៉ាស៊ី ដែលគាត់ធ្លាប់ជាមនុស្សមួយពាក់ព័ន្ធទៅនឹងឃាតកម្មលោក ជា វិជ្ជា ហើយគាត់បានយកលោក សុខ សំអឿន និង ប៊ន សំណាង ទៅបញ្ច្រកស្អីផ្សេងៗ គាត់នៅមានសេរីភាពនៅឡើយ។ រយៈពេល ៧ឆ្នាំហើយ បើសិនជារដ្ឋាភិបាលមិនវែកមុខរកឃាតករទេ មានន័យថា រដ្ឋាភិបាលនៅក្រោយខ្នងនៃឃាតកម្ម»។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ខ្លី ដោយមិនមានជំនឿថា សមត្ថកិច្ចអាចវែករកមុខឃាតករពិតដែលបានបាញ់សម្លាប់លោក ជា វិជ្ជា កាលពីប៉ុន្មានឆ្នាំមុនឃើញនោះទេ ព្រោះសមត្ថកិច្ចមិនមានឆន្ទៈក្នុងការស្រាវជ្រាវ។
លោក អ៊ូ វីរៈ បានអះអាងថា ៖ «ករណីលោក ជា វិជ្ជា ខ្ញុំជឿជាក់ថា រដ្ឋាភិបាលប្រហែលជាដឹងថា តើអ្នកណាគេជាអ្នកសម្លាប់! អ៊ីចឹងឃាតកម្មនេះរដ្ឋាភិបាលគ្មានឆន្ទៈក្នុងការរកឃាតករទេ។ បើសិនជាចង់រកឃាតករ គឺមិនមែនចាំដល់រាប់ឆ្នាំ ហើយក៏មិនមែនចាប់លោក ប៊ន សំណាង និង សុខ សំអឿន ដែរ»។
ភាពយឺតយ៉ាវរបស់អាជ្ញាធរក្នុងការតាមរកមុខឃាតករពិតបាញ់សម្លាប់ លោក ជា វិជ្ជា កាលពី ៦ឆ្នាំមុន ត្រូវបានលោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ចាត់ទុកថា មានភាពកម្សោយនិងអសមត្ថភាព។
លោក រ៉ុង ឈុន បានមានប្រសាសន៍ថា ៖ «អាជ្ញាធរក្រុងភ្នំពេញអសមត្ថភាព អាចនិយាយបានថា បញ្ហានេះវាពាក់ព័ន្ធទៅនឹងមន្ត្រីជាន់ខ្ពស់នៅក្នុងជួររដ្ឋាភិបាល បានជាអាជ្ញាធរក្រុងភ្នំពេញព្រងើយកន្តើយជុំវិញករណីឃាតកម្មលើរូបលោក ជា វិជ្ជា បែបនេះ»។
យុវជនពីររូបគឺលោក ប៊ន សំណាង និងលោក សុខ សំអឿន ដែលធ្លាប់ត្រូវបានតុលាការចាប់ដាក់គុកជាច្រើនឆ្នាំ ចោទថា បានបាញ់សម្លាប់លោក ជា វិជ្ជា នឹងក្រោយមកបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ននៅថ្ងៃទី២១ ខែមករានេះ បានអំពាវនាវដល់អាជ្ញាធរឲ្យចាប់ឃាតករពិតយកមកផ្តន្ទាទោសឲ្យបានឆាប់ដើម្បីឲ្យប្រាកដថា ពួកគេទាំងពីរនាក់មិនបានជាប់ពាក់ព័ន្ធក្នុងឃាតកម្មសម្លាប់លោក ជា វិជ្ជា នោះទេ។
លោក ប៊ន សំណាង មានប្រសាសន៍ដូច្នេះ ៖ «យើងរកអ្នកផ្សេងក្រៅពីខ្ញុំទៅ ខ្ញុំអត់បានពាក់ព័ន្ធនៅក្នុងការសម្លាប់គាត់ផង»។
លោក សុខ សំអឿន បញ្ជាក់បន្ថែម ៖ «អាជ្ញាធរថ្នាក់ដឹកនាំទាំងអស់ទូទាំងប្រទេសនឹងប្រកាន់យកយុត្តិធម៌ ស្វែងរកឃាតករពិត កុំឲ្យចាប់ខុសមនុស្សដែលគ្មានទោសកំហុស យកទៅដាក់អ៊ីចឹងតទៅទៀត!»។
មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា ករណីឃាតកម្មលើរូបលោក ជា វិជ្ជា សមត្ថកិច្ចមិនបានព្រងើយកន្តើយក្នុងការស្វែងរកឃាតករនោះទេ។
លោក ខៀវ សុភ័គ បានថ្លែងថា ៖ «ក្នុងករណីដែលយើងមិនទាន់រកជនល្មើសទេ ក្រសួងមហាផ្ទៃនៅមិនទាន់បិទបញ្ជីការស៊ើបអង្កេតនៅឡើយ»៕
