បក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិល​អំពាវនាវ​កុំ​ឲ្យ​រដ្ឋាភិបាល​ចរចា​ជាមួយ​ថៃ​ជុំវិញ​រឿង​ព្រះវិហារ

មន្រ្តី​គណបក្ស​ប្រឆាំង​និង​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា​បាន​អំពាវនាវ​ដល់​មេ​ដឹកនាំ​រដ្ឋាភិបាល​ខ្មែរ​កុំ​ឲ្យ​ទទួល​ជួប​ចរចា​ចំពោះ​គម្រោងការ​របស់​ថៃ​ក្នុង​ការសើរើ​ដើម្បី​ដាក់​រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក​រួម​គ្នា​នោះ។
ដោយ ផាន សូផាត
2009.06.24
ព្រះវិហារ071808 ប្រាសាទ​ព្រះវិហារ​នៅ​លើ​កំពូល​ភ្នំ​ដងរែក នៃ​ខេត្ត​ព្រះវិហារ ព្រះរាជាណាចក្រ​កម្ពុជា។
RFA Photo/Keo Nimol

ការអំពាវនាវ​នេះ​បាន​ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​នាយក​រដ្ឋមន្រ្តី​ថៃ​បាន​ប្រកាស​ថា រដ្ឋាភិបាល​ថៃ​នឹង​ស្នើសុំ​ឲ្យ​គណៈកម្មាធិការ​នៃ​អង្គការ​យូណេស្កូ​ដើម្បី​ពិនិត្យ​ឡើង​វិញ​ចំពោះ​ការសម្រេច​ដាក់​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក។

សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន​ថៃ (TNA) បាន​ដកស្រង់​សម្ដី​របស់​លោក​នាយក​រដ្ឋមន្ត្រី​ថៃ​អះអាង​ថា ឧប​នាយក​រដ្ឋមន្ត្រី​ថៃ លោក ស៊ុធេបធឿកស៊ុបាន់ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា​ដើម្បី​អធិប្បាយ​ពី​ជំហរ​របស់​ថៃ ហើយ​លោក​ក៏​មាន​ប្រសាសន៍​ផងដែរ​ថា លោក​នៅ​តែ​ជឿ​ថា រាល់​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​អាច​ដោះស្រាយ​បាន​តាមរយៈ​វិធានការ​សន្តិភាព។

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ៖ «ត្រូវតែ​បញ្ចប់​ការចរចា​ទ្វេ​ភាគី​ហើយ ពីព្រោះ​យើង​ឃើញ​រាប់​សិប​ដង​មិន​ឈ្នះ​ហើយ ប៉ុន្តែ​លទ្ធផល​ហ្សេរ៉ូ ហើយ​សកម្មភាព​ថៃ​មិន​ដែល​គោរព​នូវ​ការសន្យា​ណា​មួយ​ទេ តែងតែ​ចល័ត​ទ័ព​ជា​បន្ត​បន្ទាប់»

លោក​មេធាវី សុក សំអឿន ប្រធាន​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា ៖ «រដ្ឋាភិបាល​គួរតែ​ប្រាប់​ទៅ​ខាង​ភាគី​ប្រទេស​ថៃ បើ​រឿង​ផ្សេង​យើង​អាច​និយាយ​គ្នា​បាន រឿង​អ៊ីចឹង​ដូច​មិន​បាច់​ចរចា​គ្នា​ទេ»

រី​ឯ​លោក យឹម សុវណ្ណ អ្នក​តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី​បាន​មាន​ប្រសាសន៍​ចំពោះ​គំនិត​នៃ​ការចរចា​នេះ ៖ «យើង​គួរ​ណាស់​តែ​ពិនិត្យ​មើល​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ដែល​មាន​ប្រទេស​ហត្ថលេខី​មួយចំនួន​ត្រូវ​បាន​លើក​ឡើង​អំពី​ការការពារ​នូវ​បូរណភាព​អធិបតេយ្យភាព​ទឹក​ដី​របស់​យើង»

រហូត​មក​ទល់​នឹង​ល្ងាច​ថ្ងៃ​ពុធ ទី​២៤ មិថុនា​នេះ លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា មិន​មាន​លិខិត​ជា​ផ្លូវការ​ណា​មួយ​របស់​ប្រទេស​ថៃ​ដើម្បី​សុំ​ចរចា​រឿង​ព្រះវិហារ​ដូច​ដែល​សារព័ត៌មាន​បាន​ផ្សាយ​ថា​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ​នេះ​ទេ។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​បាន​មាន​ប្រសាសន៍​ថា លោក​ក៏​មិន​អាច​ដឹង​ថា តើ​នាយក​រដ្ឋមន្រ្តី​កម្ពុជា​នឹង​ព្រម​ទទួល​ជួប​ចរចា​ជាមួយ​មន្រ្តី​ថៃ​នោះ​ឬ​យ៉ាង​ណា​ទេ ប៉ុន្តែ​លោក​បាន​មាន​ប្រសាសន៍​ចំពោះ​គោល​បំណង​របស់​ថៃ​នោះ​ថា ៖ «ដូច​ជា​មិន​មាន​សារសំខាន់​អ្វី​ដែល​មក​ពន្យល់​សម្ដេច​តេជោ​ទេ គេ​គួរតែ​អនុវត្ត​នូវ​អ្វី​ដែល​បាន​ព្រមព្រៀង​គ្នា​រវាង​គណៈកម្មការ​ខណ្ឌសីមា​ព្រំដែន​ចម្រុះ​កម្ពុជា​ថៃ»

នៅ​ពេល​នេះ​ដែរ​ប្រភព​ពី​មន្រ្តី​យោធា​បាន​ឲ្យ​ដឹង​ថា សភាពការណ៍​យោធា​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​នៅតែ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​កងទ័ព​ប្រទេស​ទាំង​ពីរ​គឺ​រាប់​ចាប់​តាំង​ពី​ថៃ​បាន​បញ្ជូន​ទាហាន​ឈុត​ខ្មៅ​រាប់​រយ​នាក់​ចូល​មក​ក្នុង​ទី​វត្ត​ខ្មែរ កែវសិក្ខាគិរីស្វរៈ កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០០៨​មក ក្រោយ​ពេល​ដែល​អង្គការ​យូណេស្កូ​បាន​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​រួច​មក៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។