ក្រុមអង្គការសង្គមស៊ីវិលចំនួនជាង៤០អង្គការនិងសមាគមនៅថៃ្ងអង្គារនេះបានទទូចសុំឲ្យរដ្ឋាភិបាលនិងសភាជាតិពន្យារពេលការពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ប្រឆាំងអំពើពុករលួយរយៈពេល១ខែសិន ដោយសារសង្គមស៊ីវិលនានាមានអនុសាសន៍សំខាន់ៗមួយចំនួនដើម្បីចូលរួមដាក់បញ្ជូលលើសេចក្តីព្រាងច្បាប់នោះឲ្យមានប្រសិទ្ធភាព និងជាច្បាប់ខ្លាំងក្នុងការប្រឆាំងអំពើពុករលួយ។
ជាមួយគ្នានេះដែរ គណបក្សសមរង្ស៊ីនិងគណបក្សសិទ្ធិមនុស្សក៏បានស្នើសុំព្រមៗគ្នាកាលពីសប្តាហ៍កន្លងទៅនេះសុំឲ្យមានការពន្យារពេលជាច្រើនសប្តាហ៍ដើម្បីធ្វើការសិក្សាលើសេចក្តីព្រាងច្បាប់ប្រឆាំងអំពើពុករលួយនោះនៅមុនការពិភាក្សានិងអនុម័ត។
សេចក្តីស្នើសុំឲ្យពន្យារពេលការពិភាក្សានិងអនុម័តលើសេចក្តីព្រាងច្បាប់ប្រឆាំងអំពើពុករលួយនោះនៅគ្រាដែលសភាជាតិបានកោះហៅកិច្ចប្រជុំវិសាមញ្ញនៅថៃ្ងទី១០ ខែមីនាឆាប់ៗនេះ ដើម្បីពិភាក្សានិងអនុម័ត។
ប្រធានអង្គការគម្រោងអ្នកច្បាប់កម្ពុជា លោក សុក សំអឿន បានអានសេចក្តីថ្លែងការណ៍អំពីការផ្តល់អនុសាសន៍ចំនួន៥ចំណុចនៅក្នុងសន្និសីទកាសែតមួយនៅថៃ្ងអង្គារនេះថា ៖ «ខ្ញុំសូមឲ្យរដ្ឋសភាបើកឲ្យមានការផ្ដល់មតិសាធារណៈឲ្យបានទូលំទូលាយ។ ទី២ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយត្រូវតែជាស្ថាប័នដែលឯករាជ។ ទី៣ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយមិនត្រូវជាសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយនោះទេ។ ទី៤ ការប្រកាសទ្រព្យសម្បត្តិគួរតែបានប្រកាសជាសាធារណៈ។ ទី៥ ការការពារសាក្សីនិងអ្នកប្ដឹង ច្បាប់នេះគួរតែលើកទឹកចិត្តឲ្យមានអ្នកចូលរួមផ្ដល់ព័ត៌មានអំពីអំពើពុករលួយឲ្យបានច្រើន។ តែផ្ទុយទៅវិញ ដូចជាមាត្រា៤១ជាដើម បែរជាធ្វើឲ្យអ្នកប្ដឹងលែងហ៊ានប្ដឹង»។
លោក ជាម យៀប តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាការទទួលបន្ទុកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់សភាជាតិ បានមានប្រសាសន៍ថា ៖ «ច្បាប់នេះគឺថា យើងនិយាយចំៗ មានទាំងពីវិសាលភាព ទាំងពីគោលបំណង សំណូមពរអត្ថន័យនៃអំពើពុករលួយគ្រប់បែបយ៉ាង។ អានេះគឺជាដងដាវមួយដែលចាំបាច់»។
លោក កឹម សួរភារិទ្ធិ ជាមន្រ្តីអ្នកនាំពាក្យរបស់គណបក្សសមរង្ស៊ី និងជាតំណាងរាស្រ្តនៃគណបក្សនេះផងដែរ បានមានប្រសាសន៍ថា តំណាងរាស្រ្តជាង ២០រូបនៃគណបក្សសមរង្ស៊ីនឹងចូលរួមក្នុងកិច្ចប្រជុំសភានោះ នៅថៃ្ងពុធ ទី១០ ខែមីនា ប៉ុន្តែមានលក្ខខណ្ឌមួយចំនួន។
លោក កឹម សួរភារិទ្ធិ បានបញ្ជាក់ថា ៖ «ក៏ប៉ុន្តែយើងចង់បានច្បាប់មួយដែលប្រកបទៅដោយខ្លឹមសារនិងមាត្រាគ្រប់គ្រាន់ ហើយនិងស្ថាប័នអនុវត្តកិច្ចការប្រឆាំងអំពើពុករលួយហ្នឹងឲ្យមានឯករាជភាពរឹងមាំ ទើបយើងអាចអនុវត្តច្បាប់នោះមានប្រសិទ្ធភាពក្នុងការបង្ក្រាបអំពើពុករលួយ»។
ប្រធានគណបក្សសិទ្ធិមនុស្ស លោក កឹម សុខា បានមានប្រសាសន៍ថា តំណាងរាស្រ្តចំនួន ៣រូបនៃគណបក្សរបស់លោកនឹងធ្វើពហិការមិនព្រមចូលរួមប្រជុំសភានោះទេ។
លោក កឹម សុខា បានថ្លែងថា ៖ «ខ្ញុំចង់ធ្វើមិទ្ទិញជាមួយប្រជាពលរដ្ឋនៅតាមខេត្តធំៗមួយចំនួន ដើម្បីយកសេចក្ដីព្រាងច្បាប់ហ្នឹងឲ្យប្រជាពលរដ្ឋចូលរួមយោបល់»។
ការស្រាវជ្រាវនិងវាយតម្លៃដោយឯករាជមួយចេញផ្សាយកាលពីឆ្នាំ២០០៤កន្លងទៅ បានបង្ហាញថា ប្រទេសកម្ពុជាបានបាត់បង់ថវិកាចំណូលរដ្ឋរវាង ៣០០លានដុល្លារអាមេរិក ទៅ ៥០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗក្រោមអំពើពុករលួយ។
សហគមន៍ប្រទេសម្ចាស់ជំនួយអន្តរជាតិ និងអង្គការសង្គមស៊ីវិលនានានៅក្នុងប្រទេសកម្ពុជា បានទន្ទឹងរង់ចាំសេចក្តីព្រាងច្បាប់ប្រឆាំងអំពើពុករលួយអស់រយៈពេលជាង១៥ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ១៩៩៤មក ដែលគេរំពឹងទុកថាជាច្បាប់ល្អ និងមានប្រសិទ្ធភាពក្នុងការប្រឆាំងអំពើពុករលួយ។
សកម្មជនប្រឆាំងអំពើពុករលួយមានការព្រួយបារម្ភថា សំណើនិងអនុសាសន៍នានាខាងលើនេះមិនត្រូវបានសភាជាតិ និងរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ ដោយសារតែគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចមានសំឡេងគ្រប់គ្រាន់ ៩០សំឡេង។
ប្រភពបានឲ្យដឹងថា កូរ៉ុមគ្រប់គ្រាន់សម្រាប់ការប្រជុំសភា គេត្រូវការសំឡេង ២ភាគ៣ ស្មើនឹង ៨៧សំឡេង ក្នុងចំណោមសំឡេងសរុប ១២៣សំឡេងនៅក្នុងសភាជាតិ ហើយការអនុម័តលើសេចក្តីព្រាងច្បាប់នានា គេត្រូវការសំឡេងតែ ៥០%បូក១ ដើម្បីអនុម័ត៕
