អង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការពាក់ព័ន្ធនឹងវិស័យកសិកម្មម្ចាស់អាជីវកម្មចិញ្ចឹមជ្រូកនៅកម្ពុជាបានសម្ដែងក្តីព្រួយបារម្ភចំពោះការប្រកួតប្រជែងទីផ្សារជ្រូកក្នុងស្រុកកំពុងជួបផលលំបាក់យ៉ាងខ្លាំង ក្រោយពីមានការបើកចំហឲ្យមានការនាំចូលជ្រូកពីប្រទេសវៀតណាម និងថៃ។
ប្រធានគម្រោងខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យមកម្ពុជា (USAID MSME) កម្ពុជា លោក ឃឹតទីស ហាន់ដ៍លី មានថ្លែងនៅក្នុងការជជែកនោះថា ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ការនាំជ្រូកចូលពីប្រទេសវៀតណាម និងថៃមានចំនួនច្រើនលើសលុប គឺមួយថ្ងៃមានរហូតជាង ៨០០ក្បាលដែលចំនួននេះកើនឡើងទ្វេដងបើប្រៀបធៀបនឹងឆ្នាំ២០០៧។
លោក ឃឹតទីស ហាន់ដ៍លី មានថ្លែងថា ៖ "យើងក៏មានការខកចិត្តផងដែរ។ សម្រាប់ពួកយើងខ្ញុំ យើងឃើញថាមានបងប្អូនមួយចំនួនខាតបង់ប្រាក់កាស មួយចំនួនទៀតបិទអាជីវកម្ម"។
ម្ចាស់អាជីវកម្មចិញ្ចឹមជ្រូកមកពីស្រុកចម្ការលើខេត្តកំពង់ចាម មានប្រសាសន៍ថា លោកទទួលស្គាល់ថា អាជីវកម្មក្នុងស្រុកផ្គត់ផ្គង់នៅមានកម្រិត ប៉ុន្តែរដ្ឋាភិបាលគួរតែទុកឱកាសឲ្យពលរដ្ឋខ្មែរហើយជួយជំរុញបញ្ហានេះឲ្យជឿនលឿនដូចប្រទេសជិតខាង។
ម្ចាស់អាជីវកម្មរូបនោះបានបន្តថា ៖ «ទីផ្សារជ្រូកស្រុកខ្មែរបើនៅតែនាំចូលអ៊ីចឹង! អនាគតទៅស្រុកខ្មែរយើងប្រហែលជាអត់អ្នកចិញ្ចឹមជ្រូកទេ មានតែអ្នកនាំជ្រូកចូលទេមើលទៅ!»។
ម្ចាស់អាជីវកម្មចិញ្ចឹមជ្រូកម្នាក់ទៀតលោក នាង ចន្ថា មកពីសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង បានឲ្យដឹងដែរថា ជ្រូកនាំចូលពីប្រទេសវៀតណាម មានចំនួនច្រើនរាប់មិនអស់ទាំងស្របច្បាប់និងមិនស្របច្បាប់ ដឹកចូលគ្រប់មធ្យោបាយទាំងអស់ ហើយជ្រូកទាំងនោះសុទ្ធតែមានជំងឺ។ ដូច្នេះការបង្កឲ្យមានការប្រកួតប្រជែងមិនស្មើភាពគ្នាយ៉ាងនេះវាជារឿងអយុត្តធម៌។
លោក ចន្ថា បញ្ជាក់ថា ៖ «បើសិនជាគាត់នាំចូលស្របច្បាប់នោះ ខ្ញុំគិតថាវាជាការប្រកួតគ្នាតែរឿងតម្លៃទេ។ ប៉ុន្តែដល់នាំចូលរាល់ថ្ងៃហ្នឹង នាំចូលបែបអនាធិបតេយ្យ... ចង់និយាយថា ជ្រូកគេឈឺ គាត់ចេះតែដឺកមកលក់ស្រុកខ្មែរលក់ថោកៗ វាអាចប៉ះពាល់ដល់តម្លៃ និងសុខភាពជ្រួកផង មនុស្សផង»៕
