សង្គម​ស៊ីវិល​ថ្កោលទោស​ការ​លើកលែង​ការ​ចោទ​ប្រកាន់​លើ ជា រដ្ឋា

កញ្ញា អ៊ិន សូលីដា តួ​សម្ដែង​ខារ៉ាអូខេ​ល្បី​ល្បាញ​មួយ​រូប​នៅ​កម្ពុជា ដែល​ម្តាយ​មីង​ត្រូវ​​គេ​ជះ​ទឹក​អាស៊ីត​ដាក់​កាល​ពី​ខែ​ឧសភា បាន​សុំ​ឲ្យ​មាន​ការ​ជួយ​អន្តរាគមន៍ បន្ទាន់​ពី​តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​លើក​លែង​ទោស​អ្នកស្រី ជា រដ្ឋា និង​អ្នក​ជាប់​សង្ស័យ ៦​រូប​ផ្សេង​ទៀត ក្នុង​ករណី​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត​នោះ។

0:00 / 0:00

កញ្ញា អ៊ិន សូលីដា បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត នា​រសៀល​ថ្ងៃ​ពុធ​នេះ ថា នាង​ប្រថុយ​ប្រថាន​ចំពោះ​ការ​ស្លាប់​ក្នុង​ការ​បក​អាក្រាត អ្នកស្រី ជា រដ្ឋា អតីត​គូ​ស្នេហ៍ ដែល​បាន​បែក​ផ្លូវ​គ្នា​ហើយ​នោះ ថា​ជា​មនុស្ស​កាច​សាហាវ កំពុង​តែ​គំរាម​កំហែង​ដល់​ជីវិត​របស់​នាង​ជា​បន្ត​ទៀត នៅ​គ្រា​ដែល​មន្ត្រី​ប៉េអឹម​ស្រី្ត​រូប​នេះ​ពុំ​បាន​ទទួល​ការ​ផ្តន្ទាទោស។

សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​និង​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​រួម​គ្នា​នា​ថ្ងៃ​២ កញ្ញា ថ្កោលទោស​តុលាការ​ក្រុង​ភ្នំពេញ​ក្រោយ​ពេល​ដែល​តុលាការ​នេះ​បាន​សម្រេច​កាល​ពី​ពេល​ថ្មីៗ​ក្នុង​ការ​ដោះលែង​និង​លើកលែង​ការ​ចោទ​ប្រកាន់​លើ​អ្នកស្រី ជា រដ្ឋា អតីត​មន្ត្រី​ជាន់​ខ្ពស់​កង​រាជ​អាវុធ​ហត្ថ​និង​បក្ខ​ពួក​ក្នុង​ការ​វាយ​ ប្រហារ​ដោយ​ទឹក​អាស៊ីត​មក​លើ​ម្តាយ​មីង​របស់​អតីត​គូ​ស្នេហ៍​របស់​អ្នកស្រី។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ថ្លែង​រិះគន់​ថា នេះ​ជា​ទង្វើ​អាក្រក់​បំផុត​ដែល​នាំ​ឲ្យ​មាន​និទណ្ឌភាព​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត​នៅ​កម្ពុជា។

លោក អ៊ូ វីរៈ បាន​មាន​ប្រសាសន៍​ថា ៖ «ជា​សង្គម​មួយ​ដែល​វា​អន់​ហួស បើ​សិន​ជា​យើង​នៅតែ​អនុញ្ញាត​ឲ្យ​អ្នក​ប្រព្រឹត្ត​នូវ​អំពើ​ឃោរឃៅ ដូច​ជា​ករណី​ចាក់​ទឹក​អាស៊ីត ឲ្យ​នៅ​រួច​ខ្លួន ហើយ​នៅ​មាន​តួនាទី​រដ្ឋ អា​ហ្នឹង... វា​អត់​មាន​ឈាន​ទៅ​មុខ​អី​បន្តិច​សោះ»

មាន​ប្រសាសន៍​នា​រសៀល​ថ្ងៃ​ដដែល កញ្ញា អ៊ិន សូលីដា អតីត​តារា​សម្ដែង​ល្បីល្បាញ​ផ្នែក​ខារ៉ាអូខេ​បាន​បញ្ជាក់​ថា ការ​ដោះលែង​អ្នកស្រី ជា រដ្ឋា និង​បក្ខ​ពួក​ក្នុង​រឿង​នេះ កំពុង​តែ​គំរាម​កំហែង​ដល់​ជីវិត​កញ្ញា​និង​ក្រុម​គ្រួសារ​ទាំង​មូល។

កញ្ញា អ៊ិន សូលីដា បាន​បញ្ជាក់​ថា ៖ «នេះ​ហើយ​ដែល​នាង​ខ្ញុំ​ភ័យ​ខ្លាច ភ័យ​ខ្លាច​ដល់​ថ្ងៃ​នេះ ឥឡូវ​នេះ​រឹត​តែ​មាន​ភាព​ភ័យ​ខ្លាច​នៅ​ពេល​ដែល​វា​រួច​ខ្លួន​ទៀត។ ហ្នឹង​ឬ​ដែល​គ្មាន​ភស្តុតាង? គឺ​អ្នក​ដែល​ជះ​ទឹក​អាស៊ីត​ទាំង​អស់​គឺ​សុទ្ធ​តែ​ទាក់ទង​ជាមួយ ជា រដ្ឋា ទាំង​អស់ ហេតុ​អី​បាន ជា រដ្ឋា គ្មាន​ទោស? ទាំង​អស់​នេះ​ហើយ​ដែល​គេ​ទាំង​អស់​គ្នា​មិន​ហ៊ាន​ប្ដឹង។ បី​ករណី​ហើយ​នៅតែ​មិន​ជាប់​ទោស!»

មេធាវី​ការពារ​ក្តី​របស់​អ្នកស្រី ជា រដ្ឋា វិញ គឺ​លោក កែវ យ៉ា បាន​ថ្លែង​ថា នេះ​គ្រាន់តែ​ជា​ការ​ចោទ​ប្រកាន់​ប៉ុណ្ណោះ ៖ «វា​គ្រាន់តែ​ជា​ការ​បរិហារ​កេរ្តិ៍​ទៅ​លើ​កូន​ក្ដី​របស់​ខ្ញុំ​ទេ ទី​១។ ទី​២ តុលាការ​គាត់​បាន​សម្រេច​លើកលែង​ទោស​ទៅ​ដល់​កូន​ក្ដី​របស់​ខ្ញុំ​ហើយ អ៊ីចឹង​បាន​ន័យ​ថា កូន​ក្ដី​របស់​ខ្ញុំ​គ្មាន​ទោស»

កាល​ពី​ខែ​ឧសភា​កន្លង​ទៅ ស្រ្តី​ឈ្មោះ យ៉ា សុខនីម ម្តាយ​មីង​របស់​កញ្ញា អ៊ិនសូលីដា ជា​អតីត​គូ​ស្នេហ៍​ស្រ្តី​ដូច​គ្នា​របស់​អ្នកស្រី ជា រដ្ឋា មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ត្រូវ​បាន​គេ​ជះ​ទឹក​អាស៊ីត​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​បន្សល់​នូវ​ការ​ខូច​មុខ​មាត់​រហូត​មក​ដល់​បច្ចុប្បន្ន ដោយសារ​តែ​គេ​ជឿ​ថា អ្នកស្រី​បាន​រួម​គំនិត​ក្នុង​ការ​ជម្លៀស​និង​ចែក​ផ្លូវ​របស់ អ៊ិន សូលីដា ចេញ​ពី​រឿង​ស្នេហា​នេះ។

ការ​ស៊ើប​អង្កេត​រយៈពេល​មួយ​ឆ្នាំ​ក្រោយ​ពី​ប្រមូល​បាន​ភស្តុតាង និង​ចាប់​ខ្លួន​មនុស្ស​ពីរ​នាក់​រួច​មក តុលាការ​បាន​រក​ឃើញ​នូវ​បទ​ឧក្រិដ្ឋ​ជា​ច្រើន​ដែល​មាន​ការ​ពាក់ព័ន្ធ​ទៅ​នឹង​អ្នកស្រី ជា រដ្ឋា ដោយ​មាន​ការ​ចេញ​ដីកា​តាម​ចាប់​ខ្លួន អ្នកស្រី ជា រដ្ឋា។ ប៉ុន្តែ​កាល​ពី​ថ្ងៃ​១ កញ្ញា​កន្លង​ទៅ តុលាការ​ក្រុង​ភ្នំពេញ​ដដែល​បាន​ចេញ​ដីកា​កំបាំង​មុខ​ដោះលែង​និង​លើកលែង​ការ​ចោទ​ប្រកាន់​នោះ​ទៅ​វិញ។

នាយិកា​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ អ្នកស្រី ណាលីពីឡូក អត្ថាធិប្បាយ​ថា នេះ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​នៃ​វប្បធម៌​ហិង្សា​របស់​ប្រទេស​កម្ពុជា៕