សង្គម​ស៊ីវិល​ពិភាក្សា​គ្នា​ពី​ការ​បង្កើត​គណៈកម្មការ​សិទ្ធិ​មនុស្ស​ជាតិ

ក្រុម​អង្គការ​សមាគម​មិន​មែន​រដ្ឋាភិបាល​ជាង​២០​ស្ថាប័ន នៅ​ថ្ងៃ​២៧ វិច្ឆិកា បាន​បើក​ការ​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​បង្កើត​គណៈកម្មការ​សិទ្ធិ​មនុស្ស​ជាតិ​កម្ពុជា ដែល​សេចក្តី​ព្រាង​នេះ​បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង​៣​ឆ្នាំ​មក​ហើយ។

0:00 / 0:00

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ ជា​សមាជិក​នៃ​គណៈកម្មការ​និង​ជា​អ្នក​ដឹកនាំ​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​សុក្រ ទី​២៧ វិច្ឆិកា បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា កិច្ច​ប្រជុំ​លើក​នេះ​បាន​ធ្វើ​ឡើង​នៅ​រមណីយដ្ឋាន​ធម្មជាតិ គិរីរម្យ រយៈពេល​ពេញ​មួយ​ថ្ងៃ។

លោក​បន្ត​ថា សមាជិក​ចូលរួម​កិច្ច​ពិភាក្សា​លើក​នេះ​សុទ្ធ​តែ​មក​ពី​សង្គម​ស៊ីវិល​ទាំង​អស់ ហើយ​ពួក​គេ​មាន​ការ​ជជែក​គ្នា​យ៉ាង​តឹងតែង​ទៅ​លើ​ចំណុច​មួយចំនួន​ក្នុង​សេចក្តី​ព្រាង ដូច​ជា​ការ​កំណត់​ពាក្យ​ថា ឯករាជ​ភាព​និង​ប្រសិទ្ធភាព​ផ្សេងៗ​នៅ​ក្នុង​សេចក្តី​ព្រាង​ស្តីពី​ការ​បង្កើត​គណៈកម្មការ​សិទ្ធិ​មនុស្ស​ជាតិ​កម្ពុជា ដែល​គេ​សង្ឃឹម​ថា​ជា​ស្ថាប័ន​ជាតិ​ឯករាជ​មួយ​តាម​ខ្នាត​អន្តរជាតិ​នៅ​កម្ពុជា​នៅ​ពេល​អនាគត។

លោក អ៊ូ វីរៈ បាន​បញ្ជាក់​ថា ៖ «ការ​ពិភាក្សា​របស់​យើង​ទាំង​អស់​នេះ​គឺ​នឹង​មាន​របាយការណ៍ ហើយ​យើង​នឹង​យក​ឡើង​ទៅ​ពិភាក្សា​ជាមួយ​នឹង​រដ្ឋាភិបាល​នៅ​ក្នុង​ពេល​ខាង​មុខ​នេះ។ អ្វី​ដែល​វា​ពិបាក​និយាយ​គ្នា​គឺ​ឯករាជ​ភាព គោលការណ៍​នៃ​ឯករាជ​ភាព​និង​អំណាច អា​ហ្នឹង​ដែល​យើង​តែងតែ​មាន​បញ្ហា​នៃ​ការ​ព្រាង​ច្បាប់​ហ្នឹង គឺ​សួរ​ថា តើ​ច្បាប់​ហ្នឹង​អាច​ធានា​នូវ​ស្ថាប័ន​មួយ​ដែល​ឯករាជ ហើយ​និង​មាន​អំណាច​គ្រប់គ្រាន់ ប៉ុន្តែ​មាន​ការ​ទទួល​ខុស​ត្រូវ»

ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក​ស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក ជា​ប្រធាន​និង​ជា​ស្ថាបនិក​សំខាន់​មួយ​រូប​ក្នុង​ការ​ផ្តួចផ្តើម​បង្កើត​គណៈកម្មការ​សិទ្ធិ​មនុស្ស​ជាតិ​កម្ពុជា​នេះ មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា គំនិត​ផ្តួចផ្តើម​នេះ​កើត​មាន​តាំង​ពី​ឆ្នាំ​២០០០ ដោយ​មាន​សង្គម​ស៊ីវិល​ជា​ច្រើន​ចូលរួម​និង​មាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល ព្រឹទ្ធ​សភា រដ្ឋ​សភា ជា​ដើម ហើយ​នៅ​ឆ្នាំ​២០០៦​បាន​បើក​ជា​សន្និសីទ​ធំ​មួយ​នៅ​ខេត្ត​សៀមរាប ដោយ​មាន​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ថ្លែង​បើក​ឲ្យ​ដំណើរការ​រៀបចំ​បង្កើត​ស្ថាប័ន​នេះ​ជា​ផ្លូវការ។

លោក​ស្រី ពុង ឈីវកេក បាន​មាន​ប្រសាសន៍​ថា ៖ «ព្រោះ​នៅ​ប្រទេស​កម្ពុជា​យើង​សព្វ​ថ្ងៃ​យើង​មាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​មួយ​នៅ​រដ្ឋ​សភា មួយ​នៅ​ព្រឹទ្ធ​សភា មួយ​ទៀត​របស់​រដ្ឋាភិបាល។ អ៊ីចឹង​យើង​ចង់​បាន​មួយ​ទៀត​ឲ្យ​បាន​ឯករាជ្យ​ពិត​ប្រាកដ​តាម​ខ្នាត​អន្តរជាតិ សំខាន់​ណាស់​ដើម្បី​លើក​ស្ទួយ​និង​ការពារ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ហ្នឹង»

លោក​ស្រី​បន្ត​ថា អ្វី​ដែល​សង្គម​ស៊ីវិល​ត្រូវ​ប្រើ​ពេល​វេលា​យូរ​នោះ ព្រោះ​ចាំបាច់​ត្រូវការ​ពេល​វេលា​គ្រប់គ្រាន់​បើក​ចំហ​ដល់​សារណជន​គ្រប់​មជ្ឈដ្ឋាន​ទូទៅ​ចូលរួម​ផ្តល់​មតិ​យោបល់​កែ​លម្អ​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ ធ្វើ​យ៉ាង​ណា​ឲ្យ​បង្កើត​បាន​ជា​ស្ថាប័ន​ជាតិ​ស្តីពី​សិទ្ធិ​មនុស្ស​មួយ​ដែល​ឯករាជ​ពិត​ប្រាកដ មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ជួយ​ដល់​ពលរដ្ឋ​រង​គ្រោះ​ដោយ​ការ​រំលោភ​សិទ្ធិ​មនុស្ស ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់ ដូច​បណ្តា​ប្រទេស​ក្នុង​សហគមន៍​អាស៊ាន​និង​​​នៅ​លើពិភព​លោក ដែល​គេ​ប្រកាន់​យក​លទ្ធិ​ប្រជាធិបតេយ្យ ហើយ​គេ​បាន​បង្កើត​ស្ថាប័ន​ពិសេស​បែប​នេះ​រួច​មក​ហើយ។

គេ​មិន​ទាន់​ដឹង​ច្បាស់​ថា សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​បង្កើត​គណៈកម្មការ​សិទ្ធិ​មនុស្ស​ជាតិ​មួយ​នេះ​គ្រោង​នឹង​បញ្ចប់​នៅ​ពេល​ណា​នោះ​ទេ៕