នាយកប្រតិបត្តិអង្គការ NGO Forum លោក ឈិត សំអាត ថ្លែងក្នុងសិក្ខាសាលាសង្ខេបជូនសមាជិកសភាស្តីពីថវិកាជាតិឆ្នាំ២០១០ តម្លាភាព និងការកាត់បន្ថយភាពក្រីក្រ ថា ច្បាប់ថវិកាជាតិគឺជាឧបករណ៍មានសក្តានុពលបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចនិងការកាត់បន្ថយភាពក្រីក្រ ប៉ុន្តែនៅឆ្នាំ២០០៨និង២០០៩ គឺជាឆ្នាំដែលកើនឡើងនូវការលំបាកដល់ប្រជាពលរដ្ឋក្រីក្រនិងសហគមន៍ងាយរងគ្រោះ។ វិបត្តិស្បៀងអាហារចាប់ផ្តើមពីឆ្នាំ២០០៨នាំឲ្យលទ្ធផលអវិជ្ជមានដល់សកម្មភាពកាត់បន្ថយភាពក្រីក្រ ដោយពួកគេត្រូវចំណាយប្រាក់៨៣% នៃប្រាក់ចំណូលសម្រាប់ទិញម្ហូបអាហារ ពិសេសនៅពេលយុវជន យុវតី កំពុងឈានជើងចូលទៅក្នុងទីផ្សារការងារ វិបត្តិហិរញ្ញវត្ថុកើតឡើងនៅចុងឆ្នាំ២០០៨ នាំឲ្យពួកគេជាច្រើនបាត់បង់ការងារខាងវិស័យសំណង់និងកាត់ដេរ។ ជាងនេះទៅទៀតគ្រួសារដែលដាំកៅស៊ូ ដំឡូងមី សណ្តែកសៀងនិងពោត បានជួបឧបសគ្គពេលលក់ផលមិនអាចទូទាត់តម្លៃដាំដុះ។
លោក ឈិត សំអាត បានបញ្ជាក់ថា ៖ «ការកើនឡើងខ្ពស់ជាងគេគឺវិស័យការពារជាតិនិងសន្តិសុខ កើនឡើង៦២លាន បើប្រៀបធៀបពីឆ្នាំ២០០៩ យើងមានតែ២១៩លានទេ ហើយបានកើនឡើងរហូតដល់២៨១លាន»។
ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា លោក ចាន់ សុផល បានឲ្យដឹងថា រដ្ឋបានបង្កើនពន្ធនានាដើម្បីបង្កើនចំណូលថវិការដ្ឋ ប៉ុន្តែគេកម្រនឹងទទួលបាននូវរបាយការណ៍ជាក់លាក់អំពីចំនួនប្រាក់ចំណូលនិងការចំណាយប្រាក់ប្រមូលបាននោះណាស់។
លោក ចាន់ សុផល បានមានប្រសាសន៍ថា ៖ «យកពន្ធប្រយោល ដូចជាពន្ធប្រេងសាំង ១លីត្រ១ពាន់រៀល។ អ្នកម៉ូតូឌុប១ថ្ងៃគាត់ប្រើ២លីត្រ គាត់បង់ឲ្យរដ្ឋ២ពាន់រៀល កន្លះដុល្លារ ១ខែគាត់បង់ពន្ធឲ្យរដ្ឋ១៥ដុល្លារ ១ឆ្នាំជិត២០០ដុល្លារដោយមិនដឹងខ្លួន»។
នាយកប្រតិបត្តិអង្គការមេឌីខាំ លោកវេជ្ជបណ្ឌិត ស៊ិន សុមុនី ថ្លែងថា មាតានិងកុមារនៅតែទទួលគ្រោះថ្នាក់ក្នុងពេលសម្រាលកូន បើទោះបីជាថវិកាជាតិបានផ្តល់ដល់ក្រសួងសុខាភិបាលកើនរាល់ឆ្នាំក៏ដោយ។
តំណាងអង្គការន័រវេសសង្រ្គោះកុមារបានលើកឡើងថា ថវិកាជាតិផ្តល់ឲ្យក្រសួងអប់រំបានថយចុះនៅឆ្នាំ២០០៩ ពី ១៩,២% នៅឆ្នាំ២០០៧ មកនៅត្រឹមតែ១៧% នៅឆ្នាំ២០០៩ ប៉ុន្តែនៅក្នុងឆ្នាំ២០១០ បានកើន១១% ទៅលើសំណង់អគារនិងសម្ភារៈប្រើប្រាស់។ គេមិនបានឃើញថា រដ្ឋាភិបាលបានពង្រឹងលើការសន្យាផែនការអប់រំសម្រាប់ទាំងអស់គ្នា ត្រូវសម្រេចឲ្យបាននៅឆ្នាំ២០១៥ ដែលបានឲ្យកុមារទាំងអស់នឹងទទួលបានសេវាអប់រំប្រកបដោយគុណភាពនៅឆ្នាំ២០១៥នោះឡើយ។
លោកស្រីតំណាងរាស្រ្ត ជូឡុង សូម៉ូរា បានលើកឡើងថា ថវិកាជាតិសម្រាប់ឆ្នាំ២០១០មិនមានតម្លាភាពក្នុងការដំឡើងឡើយ។ លោកស្រីថា បើពិនិត្យថវិកាផ្តល់ទៅក្រសួងកិច្ចការនារីតែ៩% រីឯក្រសួងការពារជាតិនិងសន្តិសុខវិញកើនដល់ទៅ២៨%៕
