កិច្ច​ពិភាក្សា​បញ្ហា​ប៉ះពាល់​ពី​គម្រោង​វារីអគ្គិសនី​សេសាន​ក្រោម​២

រដ្ឋសភា​នឹង​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​អនុម័ត​យល់​ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជ​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​ក្រុមហ៊ុន ហាយដ្រូ ផៅវើ ឡូវើ សេសាន​ធូ (HYDRO POWER LOWER SESAN 2) មក​ពី​ប្រទេស​ចិន នៅ​ថ្ងៃ​ទី១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៣។

0:00 / 0:00

សេចក្តី​ព្រាង​នៃ​ច្បាប់​នេះ ត្រូវ​សហគមន៍​នៃ​ជន​ជាតិ​ដើម​ចំនួន ២​ខេត្ត គឺ​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​រតនគិរី ដែល​រស់​នៅ​តាម​ដង​ទន្លេ​ចំនួន​៣ គឺ​ទន្លេ​សេសាន ទន្លេ​ស្រែពក និង​ទន្លេ​សេកុង ព្រម​ទាំង​សង្គម​ស៊ីវិល​ផង ទាម​ទារ​កុំ​ឲ្យ​រដ្ឋសភា​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​នោះ។

អ្នក​ភូមិ​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ខេត្ត​ស្ទឹងត្រែង និង​សកម្មជន​ការពារ​បរិស្ថាន បាន​សម្ដែង​ក្តី​ព្រួយ​បារម្ភ​ចំពោះ​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​នៅ​ទន្លេ​សេសាន​ក្រោម​២ និង​ជំទាស់​មិន​ឲ្យ​សភា​ជាតិ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​អនុញ្ញាត​ឲ្យ​មាន​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​ទី​នោះ​ឡើយ។

ការ​ទាស់​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៣ នៅ​ក្នុង​ការិយាល័យ​វេទិកា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា។

តំណាង​ជន​ជាតិ​ភូមិ​ស្រែគរ១ ឃុំ​ស្រែគរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង លោក ចាន់ ថុន ដែល​បាន​ចូល​រួម​ក្នុង​សន្និសីទ​សារព័ត៌មាន ថ្លែង​ថា ប្រសិន​បើ​សភា​ជាតិ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នោះ ហាក់​ដូច​បំបាត់​នូវ​វប្បធម៌​ជន​ជាតិ​ដើម​ភាគ​តិច។ គម្រោង​សំណង់​នោះ នឹង​ធ្វើ​ឲ្យ​កាន់​តែ​ប៉ះពាល់​ព្រៃ​តំណម កន្លែង​កប់​សព​បុរាណ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ព្រម​ទាំង​ជីវចម្រុះ ពិសេស បាត់​ពូជ​ត្រី​ដែល​ធ្លាប់​តែ​ផ្លាស់​ប្ដូរ​ដំណើរ​នៅ​ពេល​បន្ត​ពូជ​ជាដើម។ លោក​ថា ការ​បាត់​បង់​នោះ​មិន​អាច​កាត់​ថ្លៃ​ជា​សំណង​ថវិកា​បាន​ទេ៖ «ផ្នូរ​ដូនតា​នោះ គេ​ទៅ​ធានា​រ៉ាប់រង​សង ក៏​ពួក​ខ្ញុំ​អត់​ដឹង​ទេ»

នាយក​ប្រតិបត្តិ​នៃ​វេទិកា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា លោក ឈិត សំអាត ថ្លែង​ថា រាជ​រដ្ឋាភិបាល​កម្ពុជា មិន​គួរ​ប្រញាប់ប្រញាល់​ផ្តល់​សម្បទាន​ឲ្យ​វិនិយោគ​វារីអគ្គិសនី​សេសាន​ក្រោម​២ លឿន​ពេក​ទេ។ ការ​សិក្សា​អំពី​ផល​ប៉ះពាល់​មិន​ទាន់​បាន​លម្អិត​អំពី​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ បរិស្ថាន និង​ជីវចម្រុះ ដែល​ពឹង​អាស្រ័យ​ផ្ទាល់​លើ​ទន្លេ​បី មាន​ទន្លេ​សែ្រពក ទន្លេ​សេសាន និង​ទន្លេ​សេកុង គឺ​វា​អាច​ឲ្យ​ជន​ជាតិ​ភាគ​តិច និង​សហគមន៍​នៅ​ទី​នោះ ងើប​តវ៉ា​ប្រឆាំង​ការ​វិនិយោគ។

បញ្ហា​នេះ សង្គម​ស៊ីវិល​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​កុំ​ប្រញាប់​ឲ្យ​រដ្ឋសភា​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​អនុម័ត​យល់​ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជ​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផ្តល់​ឲ្យ​ក្រុមហ៊ុន​ហាយដ្រូ ផៅវើ ឡូវើ សេសាន​ធូ វិនិយោគ​លឿន​ពេក​អី៖ «បើ​សិន​ជា​មាន​កម្ពស់​ទឹក​រហូត​ដល់ ៧៥​ម៉ែត្រ ធ្វើ​ឲ្យ​លិច​ផ្ទៃ​ដី​រហូត​ទៅ​ដល់ ៣​ម៉ឺន​ហិកតារ​នៃ​ផ្ទៃ​ដី​សរុប ដែល​នៅ​ក្នុង​ផ្ទៃ​ដី​នោះ គឺ​អាច​ប៉ះពាល់​ទៅ​ដល់​ព្រៃ​ឈើ ទៅ​ដល់​សត្វ​ព្រៃ និង​ជីវចម្រុះ​មួយ​ចំនួន ហើយ​និង​សត្វ​មួយ​ចំនួន​ដែល​នឹង​ត្រូវ​ផុត​ពូជ​ផង​នៅ​ក្នុង​តំបន់​នោះ»

ឆ្លើយ​តប​នឹង​ក្តី​កង្វល់​របស់​សង្គម​ស៊ីវិល និង​សហគមន៍​រស់នៅ​ផ្ទាល់​តំបន់​សាងសង់​វារីអគ្គិសនី​សេសាន​ក្រោម​២ ដែល​សុំ​សភាជាតិ​ពន្យារ​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់ ស្ដីពី​ការ​អនុម័ត​យល់​ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជ​រដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា នោះ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង លោក យឹម សុវណ្ណ ថ្លែង​ថា នឹង​មិន​គាំទ្រ​ឲ្យ​មាន​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នោះ​ទេ៖ «វារីអគ្គិសនី​នេះ​លក់​ឲ្យ​ទៅ​អាជ្ញាធរ​អគ្គិសនី​នោះ ថ្លៃ​ស្មើ​នឹង​ក្រុមហ៊ុន​អគ្គិសនី​វៀតណាម លក់​រាយ​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ទៀត។ ដូច្នេះ យើង​មិន​អាច​ទទួល​យក​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នោះ​បាន​ទេ»

យោង​សេចក្តី​ថ្លែង​ហេតុ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​សិក្សា​ផែនការ​មេ​ឆ្នាំ​២០០៤ ក្នុង​ការ​អភិវឌ្ឍ​វារីអគ្គិសនី​ក្នុង​អាង​ទន្លេ​សេសាន​ភាគ​ខាង​ក្រោម បង្ហាញ​ថា គម្រោង​វារីអគ្គិសនី​សេសាន​ក្រោម​២ គឺ​ជា​គម្រោង​ដែល​មាន​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ខ្ពស់ និង​ជា​អាទិភាព​ទី១ ក្នុង​ចំណោម​គម្រោង​វារីអគ្គិសនី​ចំនួន​៥ ដែល​ក្នុង​នោះ គម្រោង​ចំនួន​៤​ទៀត រួម​មាន​គម្រោង​វារីអគ្គិសនី​សេសាន​ក្រោម​ទី១ គម្រោង​វារីអគ្គិសនី​សេសាន​ក្រោម​ទី៣ គម្រោង​វារីអគ្គិសនី​ព្រែក​ល្អាង​ទី១ គម្រោង​វារីអគ្គិសនី​ព្រែក​ល្អាង​ទី២។ នៅ​ឆ្នាំ​២០០៧ រាជ​រដ្ឋាភិបាល​ឲ្យ​ក្រុមហ៊ុន​វៀតណាម ឈ្មោះ អីវីអិន អ៊ីនធឺណេសិនណល យន់ស្តុក (EVN Int'l Joint Stock Company) សិក្សា​គម្រោង​វារីអគ្គិសនី​សេសាន​ក្រោម​២ នេះ ដើម្បី​ពិនិត្យ​លទ្ធភាព​វិនិយោគ​រួម​គ្នា។

ក្រោយ​ការ​សិក្សា​គម្រោង​វារីអគ្គិសនី​សេសាន​ក្រោម​២ រដ្ឋាភិបាល​កម្ពុជា នឹង​ទទួល​បាន​សេដ្ឋកិច្ច​ច្រើន ទើប​ដំឡើង​ដល់ ៤០០​មេហ្កាវ៉ាត់ ដែល​អនុវត្ត​ដោយ​ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន វិញ ឈ្មោះ ហាយដ្រូ ផៅវើ ឡូវើ សេសាន​ធូ ដែល​មាន​រយៈពេល​សម្បទាន​ចំនួន ៤៥​ឆ្នាំ ហើយ​ត្រូវ​ចំណាយ​លើ​គម្រោង​សរុប​ជាង ៧៨១​លាន​ដុល្លារ​អាមេរិក។ ក្នុង​នោះ​មាន​ថវិកា​សម្រាប់​ដោះស្រាយ​ផល​ប៉ះពាល់​ជិត ៤២​លាន​ដុល្លារ និង​ជាង ២​លាន ២​សែន​ដុល្លារ សម្រាប់​ការពារ​បរិស្ថាន​ជាដើម។

របាយការណ៍​សង្គម​ស៊ីវិល ឲ្យ​ដឹង​ថា តំបន់​ដែល​ប៉ះពាល់​ខ្លាំង គឺ​នៅ​ក្នុង​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង មាន​ភូមិ​ចំនួន​៨ គឺ​ភូមិ​ស្រែស្រណុក ក្បាលរមាស ក្របីជ្រុំ ច្រប់ ស្រែគរមួយ ស្រែគរពីរ ខ្សាច់ថ្មី និង​ភូមិ​ភ្លុក ដែល​ស្ថិត​នៅ​ក្នុង ៤​ឃុំ​នៃ​ស្រុក​សេសាន ហើយ​មាន​ពលរដ្ឋ​រស់នៅ ១.៥២៨​គ្រួសារ នៅ​ឆ្នាំ​២០១២។ គម្រោង​វារីអគ្គិសនី​សេសាន​ក្រោម​២ ត្រូវ​សង់​នៅ​ក្នុង​ភូមិសាស្ត្រ​ស្រុក​សេសាន​នៃ​ខេត្ត​ស្ទឹងត្រែង មាន​ផ្ទៃ​អាង​ស្តុក​ទឹក​ទំហំ ៣៣០​គីឡូម៉ែត្រ​ក្រឡា ផ្តល់​ថាមពល​អគ្គិសនី ៤០០​មេហ្កាវ៉ាត់។

នៅ​ព្រឹក​ថ្ងៃ​ទី១៤ កុម្ភៈ ពលរដ្ឋ​មក​ពី​ខេត្ត​ស្ទឹងត្រែង បាន​យក​លិខិត​ដាក់​ជូន​ស្ថានទូត​ចិន និង​រដ្ឋសភា ដើម្បី​សុំ​ឲ្យ​ក្រុមហ៊ុន​ចិន ហាយដ្រូ ផៅវើ ឡូវើ សេសាន​ធូ ដែល​ទទួល​បាន​សម្បទាន ៤៥​ឆ្នាំ វិនិយោគ​វារីអគ្គិសនី​សេសាន​ក្រោម​២ សុំ​ឲ្យ​សិក្សា​ផល​ប៉ះពាល់​លម្អិត​ជា​មុន​សិន មុន​សម្រេច​វិនិយោគ។ ប៉ុន្តែ​លិខិត​របស់​ពួក​គាត់​មិន​ត្រូវ​បាន​ទទួល​យក​ទាំង ២​ស្ថាប័ន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។