សង្គម​ស៊ីវិល​ស៊ើប​អង្កេត​ករណី​ក្រុមហ៊ុន​រំលោភ​បំពាន​លើ​ជនជាតិ​ភាគ​តិច

អង្គការ ADHOC រួម​ជាមួយ​នឹង​អង្គការ CLEC និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ខេត្ត​មួយចំនួន​ទៀត​បាន​ចុះ​ទៅ​កាន់​ឃុំ​ប៊ូស្រា ខេត្ត​មណ្ឌលគិរី កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ វិច្ឆិកា ដើម្បី​ធ្វើការ​ស៊ើប​អង្កេត​លើ​ករណី​ដែល​សហគមន៍​ជនជាតិ​ព្នង​នៅ​ទី​នោះ​បាន​លើក​ឡើង​ថា ពុំ​មាន​ដំណោះស្រាយ​រាល់​កង្វល់​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ស្នើសុំ​ឲ្យ​ដោះស្រាយ​កន្លង​មក​នៅ​ឡើយ។

លោក ប៉ែន ប៊ុនណ្ណារ៍ មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ជាមួយ​នឹង​គណៈប្រតិភូ​មួយ​ក្រុម​ទៀត​បាន​ទៅ​ជួប​និង​បាន​ទទួល​ការ​លើក​ឡើង​ពី​កង្វល់​របស់​ជនជាតិ​នៅ​ទី​នោះ ឲ្យ​ដឹង​ថា កង្វល់​របស់​ប្រជាពលរដ្ឋ​មាន​ច្រើន ពិសេស​ប៉ះពាល់​ទៅ​នឹង​ព្រៃ​ត្រណម​របស់​ជនជាតិ។

លោក ប៉ែន ប៊ុនណ្ណារ៍ បាន​បញ្ជាក់​ថា ៖ «យើង​កំពុង​តែ​ធ្វើ​ការ​ស្រាវជ្រាវ​បន្ត​ទៅ​ទៀត ទី​១ គឺ​ការ​ឈូស​ឆាយ​ទៅ​លើ​ដី​ព្រៃ​អារក្ស ដី​កប់​ខ្មោច​របស់​គាត់ ជា​ពិសេស​ដី​ចម្ការ​វិល​ជុំ​របស់​គាត់​ដែល​ច្បាប់​ភូមិបាល​ទទួល​ស្គាល់ ហើយ​ដែល​គេ​ចាត់ទុក​ជា​ដី​សាធារណៈ​របស់​គាត់។ វា​ជា​កំហុស​ខាង​ផ្លូវ​ច្បាប់​មួយ​ធំ ក្រុមហ៊ុន​ត្រូវ​សិក្សា ទោះ​យ៉ាង​ណា​ក៏​ត្រូវ​បាន​កាត់​ចេញ​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​ហ្នឹង​ដែរ»

ប្រជាពលរដ្ឋ​និង​តំណាង​សហគមន៍​ជនជាតិ​បញ្ជាក់​ថា ផ្នូរ​សាកសព​ត្រូវ​គេ​ឈូស​ឆាយ សូម្បី​តែ​ផ្លូវ​ដើរ​ក៏​គេ​ហាម​ឃាត់​ដែរ។ អ្នកស្រី ចាន់ នី បាន​បញ្ជាក់​ពី​ផល​លំបាក​បន្ថែម​មួយចំនួន​ទៀត ៖ «ពី​អូរ​រេត​ហ្នឹង​ទៅ​ឲ្យ​កាត់​ឲ្យ​ខាង​សហគមន៍​ជនជាតិ​ព្នង​ហ្នឹង​តែម្ដង ដើម្បី​ឲ្យ​គាត់​មាន​ដី​គ្រោង​ទុក មាន​កន្លែង​ធនធាន​ធម្មជាតិ មាន​តំបន់​ទេសចរណ៍ ដូច​ជា​ប្រពៃណី​ដី​អារក្ស បើ​មិន​អាច​ផ្ដល់ ជនជាតិ​ព្នង​អត់​មាន​ប្រពៃណី អស់​តម្លៃ​ហើយ​បើ​បាត់​ប្រពៃណី​បាត់​អី​ទាំងអស់​អ៊ីចឹង​នោះ។ ខាង​សហគមន៍​ពួក​ខ្ញុំ​អត់​សុខចិត្ត​ទេ»

ស្ត្រី​ជនជាតិ​ព្នង​ម្នាក់​ទៀត​បាន​លើក​ឡើង​ពី​ផល​លំបាក​និង​ការ​ប្រឆាំង​ខ្លះៗ​ថា នៅ​ថ្ងៃ​ទី​១៨ វិច្ឆិកា ពួក​គេ​នឹង​ទៅ​ជួប​ជាមួយ​ក្រុមហ៊ុន​ដើម្បី​ឲ្យ​បង្ហាញ​ពី​ការ​ប្តូរ​ជំហរ​របស់​ខ្លួន​វិញ ប៉ុន្តែ​ការ​ទាមទារ​របស់​ពួក​គេ​គឺ​ចង់​ឲ្យ​កាត់​ដី​ដែល​ប៉ះពាល់​មក​ឲ្យ​ប្រជាពលរដ្ឋ​វិញ​ដាច់ខាត។

ស្ត្រី​ជនជាតិ​ព្នង​ដដែល​បាន​ឲ្យ​ដឹង​ថា ៖ «ថ្ងៃ​អាទិត្យ​មុន​ហ្នឹង​ប្រជាពលរដ្ឋ​តវ៉ា​ថា ឥឡូវ​ខាង​ក្រុមហ៊ុន​ហ្នឹង​បើ​ថា​ចង់​បាន​ផ្លូវ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ហ្នឹង​ឆ្លង​កាត់... អ៊ីចឹង​ក៏​គេ​លុប​ផ្លូវ​ហ្នឹង​ចេញ​ទៅ។ អ្នក​ធ្វើ​ការ​ក្រុមហ៊ុន​ហ្នឹង​គាត់​និយាយ​ប្រាប់​ថា អ្នក​ឈូស​ឆាយ​ហ្នឹង​គាត់​ដាក់​ខ្សែ​ភ្លើង​ឆក់​គាត់​ជុំវិញ​ព្រៃ ថា​រត់​បុក​ខ្សែ​ភ្លើង​ក៏​ងាប់​ទៅ ធ្វើ​របៀប​ហ្នឹង​វា​ពាយ​អស់​ហើយ បើ​ត្រូវ​មនុស្ស​យើង​ក៏​ងាប់​មនុស្ស​ដែរ​ហ្នឹង»

លោក ប៉ែន ប៊ុនណ្ណារ៍ មន្ត្រី​នៃ​សមាគម​អាដហុក បាន​ឲ្យ​ដឹង​ថា នឹង​មាន​ជំនួប​ជាមួយ​ក្រុមហ៊ុន​ដែល​ប្តូរ​តែ​ឈ្មោះ​តែ​មនុស្ស​ធ្វើ​កាងារ​ដដែល​នោះ​ដើម្បី​សុំ​ការ​បំភ្លឺ​និង​ដោះស្រាយ។

តំណាង​ក្រុមហ៊ុន​មិន​ទាន់​អាច​ទាក់ទង​ដើម្បី​សុំ​ការ​បំភ្លឺ​បាន​ភ្លាមៗ​នោះ​ឡើយ។

អាជ្ញាធរ​ខេត្ត​កំពុង​ជួប​ដោះស្រាយ​ជាមួយ​នឹង​ក្រុមហ៊ុន​ទាំង​៦២​ដែល​កំពុង​វិនិយោគ​នៅ​ក្នុង​ខេត្ត ដែល​គេ​ដឹង​ថា ក្រុមហ៊ុន​ខ្លះ​មាន​លិខិត​អនុញ្ញាត ខ្លះ​ក៏​មិន​ទាន់​មាន ដើម្បី​ជម្រុះ​ក្រុមហ៊ុន​ណា​ដែល​មិន​បាន​គោរព​តាម​គោលការណ៍​អភិវឌ្ឍន៍​របស់​រាជ​រដ្ឋាភិបាល​ឬ​អាជ្ញាធរ​ខេត្ត៕