អង្គការលីកាដូនិងមីកាដូបានណែនាំប្រជាពលរដ្ឋនៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ឲ្យចេះផ្សំអាហារបំប៉នសម្រាប់ចែកកុមារនិងទារកដែលខ្វះជីវជាតិអាហារ ។
កុមារីនៅភូមិត្រពាំងទៀប ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ទទួលអាហារបំប៉ន ។
គ្រាប់សណ្តែកដីលីងទាំងសំបក ផ្លែចេកទុំ និងទឹកដោះគោកំប៉ុង ត្រូវបានបុកនិងកិនលាយចូលគ្នាឲ្យហ្មត់ពុះជាដុំៗ ចែកឲ្យកុមារនិងទារកទទួលទាន នៅភូមិត្រពាំងទៀប ឃុំកក់ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។
កុមារឈ្មោះ អ៊ឹម ផាន់ណា សិស្សថ្នាក់ទី២ សាលាបឋមសិក្សាវត្តកក់ កំពុងទំពារនំឲ្យដឹងថា មុនគេញ៉ាំនំសណ្តែកដីនេះគេមានអាការៈហេវហត់ វិលមុខ ក្តៅខ្លួន និងក្អក ។ ក្រោយពីអង្គការឲ្យញ៉ាំនំសណ្តែកដី៤ដងមក អាការៈទាំងអស់នោះបានអន់ ហើយរៀនមានការចងចាំពាក្យគ្រូខ្លះៗ ៖ «ហូបអាហារបំប៉នមួយខែ រៀនអក្សរចាំច្រើន» ។
អ្នកស្រី សំ ស៊ីម ឲ្យដឹងថាគាត់ខ្វះខាតជីវភាពនិងកូនញឹកផង ។ គ្រួសារគាត់មិនសូវមានអាហារស្រស់ៗ និងបន្លែល្អៗទទួលទាន ក្រៅពីអំបិល ទឹកត្រី ក្តាមខ្យងឡើយ ។ អ្នកស្រីថាកូនស្រីគាត់អាយុជាង១ខួប កើតមកស្គម មិនឡើងគីឡូ មានសាច់លឿង ឧស្សាហ៍ក្តៅខ្លួន ក្អក យំមិនសូវឮ ។ គាត់ថាក្រោយពីញ៉ាំនំសណ្តែកដីបាន១ខែមក កូនស្រីនោះកំរើកដៃជើងរហ័សបន្តិច អាចក្រោកឈរ ហើយស្រែកយំឮជាងមុន ។
អ្នកស្រី សំ ស៊ីម បានឲ្យដឹងថា ៖ «តាំងពីមិនទាន់បានញ៉ាំ រវល់តែឈឺ ម្ដងឡើង ម្ដងចុះ បន្តិចទៅពេទ្យៗ ។ ឥឡូវមិនសូវអី បានឡើងកម្ពស់ ឡើងគីឡូ» ។
ភ្នាក់ងារសុខភាពភូមិត្រពាំងទៀប ឃុំកក់ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ លោក ញែម ហាក់ មានប្រសាសន៍ថាអាហារបំប៉នមានសណ្តែកដី ចេកទុំ និងទឹកដោះគោកំប៉ុង បានផ្តល់ដល់ទារកនិងកុមារដែលខ្វះជីវជាតិចាប់ពីអាយុ៨ខែដល់១០ឆ្នាំ ចំនួន៤វគ្គមកហើយ ។ អាហារបំប៉ននោះបានចាប់ផ្ដើមផ្តល់ឲ្យកុមារនិងទារកពីខែកុម្ភៈ ឆ្នាំ២០០៨ ដោយអង្គការលីកាដូ និងអង្គការមីកាដូ ។
លោក ញែម ហាក់ បន្តថាកុមារនិងទារកជិត១០០នាក់បានទទួលអាហារបំប៉នវគ្គខុសៗគ្នា ។ កុមារខ្លះហូបបាន២ខែ ខ្លះហូបបាន១ខែ ខ្លះហូបបាន២អាទិត្យ ខ្លះទៀតទើបចាប់ផ្តើមផ្តល់ឲ្យហូប ។
លោក ញែម ហាក់ បានមានប្រសាសន៍ថា ៖ «មូលហេតុដែលក្មេងនៅតំបន់យើងខ្ញុំនេះ ដែលមានការខ្វះខាតជាទម្ងន់និងកម្ពស់ វាច្រើនតែកើតមកក្មេងរាងតឿៗ ហើយវាគ្មានទម្ងន់ រាងស្រាល ដោយសារតែក្មេងនោះ វាខ្វះជីវជាតិអាហារ ទាំងបន្លែអាហារព្រៃ ទាំងអាហារស្រុក ។ ដូច្នោះបានអង្គការលីកាដូបានជួយយើងខ្ញុំដែលជាភ្នាក់ងារសុខាភិបាលនេះ ។ ខ្ញុំបានបញ្ជាក់ទៅលើម៉ែឪគេ គេអបអរសាទរណាស់ គេពេញចិត្តនិងថ្លែងអំណរអរគុណចំពោះអង្គការលីកាដូ គេបានជួយឧបត្ថម្ភដល់កូនរបស់គាត់» ។
អ្នកស្រី ឡាយ យ៉ុម ជាអ្នកផលិតនំតាមការណែនាំពីអង្គការលីកាដូនិងមីកាដូ អះអាងថាគាត់បានយកគ្រាប់សណ្តែកដី ៦០០ក្រាម លីងទាំងសំបកល្មមញ៉ាំយកមកបុកឲ្យហ្មត់ ហើយយកចេកណាំវ៉ាទុំ១ផ្លែនិងចាក់ទឹកដោះគោខាប់មួយកំប៉ុង បុកលាយជាមួយគ្នាឲ្យសព្វ ចាក់ក្នុងថាសស្អាតមួយ ។ ហើយគាត់បំពាចឲ្យមានកម្រាស់ស្មើគ្នាទើបកាត់ជាដុំស្មើៗគ្នា ទើបចែកឲ្យទារកនិងកុមារចំនួន១០នាក់ ។ អ្នកស្រីថាប្រសិនបើទារកនិងកុមារត្រូវបំប៉នកើនដល់ចំនួនទ្វេដងត្រូវថែមអ្វីៗ២ដងដែរ ។
អ្នកស្រី ឡាយ យ៉ុម បានបញ្ជាក់ថា ៖ «កាលពីដើមឡើយកូនខ្ញុំទន់ខ្សោយ ទើបមកបានអង្គការលីកាដូបានមកបំប៉នក្មេង កូនខ្ញុំគ្រាន់បានលូតកម្ពស់ សព្វថ្ងៃនេះគ្រាន់បើជាងពីមុន» ។
កុមារីបានញ៉ាំអាហារបំប៉នរយៈពេល២ខែ ហើយគ្រូពេទ្យបានផ្អាកផ្តល់នំសណ្តែកដីដល់រូបគេ បានអះអាងថាសុខភាពគេបានរឹងប៉ឹងនិងឡើងទម្ងន់ ព្រមទាំងលូតកម្ពស់ទៀតផង ខុសពីមុនដែលមិនទាន់ញ៉ាំអាហារបែបនេះ គេឧស្សាហ៍ឈឺនិងអស់កម្លាំង ។
មេភូមិត្រពាំងទៀប ឃុំកក់ ស្រុកបរសេដ្ឋ លោក ម៉ិល ម៉ុក ឲ្យដឹងថាភូមិនោះនៅក្បែរជើងភ្នំ ខ្វះប្រភពទឹកធ្វើស្រែច្រើនរាំងស្ងួត សំបូរជំងឺគ្រុនចាញ់ រីឯដីដាំដុះក្នុងគ្រួសារមួយៗមានដីតិចផលហូបមិនឆ្អែត នាំឲ្យកើតជំងឺស្លេកស្លាំង ។ ម្យ៉ាងទៀតភូមិនោះស្ថិតនៅឆ្ងាយពីថ្នល់ជាតិ និងឆ្ងាយពីទីផ្សារ អ្នកភូមិខ្វះជីវភាព ខ្វះប្រាក់ទិញបន្លែ ត្រី សាច់ មិនអាចទទួលទានគ្រប់ជីវជាតិអាហារមកបំប៉នរាងកាយបានឡើយ ។
លោកថាកុមារនិងទារកខ្លះសម្រាលមកមិនគ្រប់ទម្ងន់និងក្រិនមិនលូតលាស់ស្របតាមអាយុ ទើបអង្គការលីកាដូនិងមីកាដូ ជ្រើសរើសកុមារនិងទារកនៅភូមិដែលមានសាច់ស្លេកស្លាំងឧស្សាហ៍វិលមុខ ក្តៅខ្លួន និងរៀនមិនសូវចេះចាំមកបំប៉នអាហារ ។
លោក ម៉ិល ម៉ុក បានឲ្យដឹងថា ៖ «ក្មេងឃើញថាសុខភាពគ្រាន់បើ ដែលគាត់បានបំប៉នឃើញថា វាគ្រាន់បើជាងមុនដែរ ពីមុនវាខ្វះជីវជាតិ ដល់ឥឡូវគាត់មានអាហារបំប៉នទៅ ដូចក្មេងឡើងទម្ងន់តាមគម្រោងផែនការ គាត់មក ។ អនុវត្តទើបមួយឆ្នាំជាងទេ» ។
គ្រូពេទ្យព្យាបាលនៃអង្គការលីកាដូ លោក ញាណ សារិន មានប្រសាសន៍ថាទារកនិងកុមារចំនួន៣៤០នាក់ មកពី៣ឃុំ ៤ភូមិ ក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ទទួលអាហារបំប៉នបង្កើនសុខភាពធ្វើឲ្យឡើងទម្ងន់និងលូតកម្ពស់តាមអាយុ ។ ការឧបត្ថម្ភអាហារបំប៉ននេះបានពីអង្គការលីកាដូ និងអង្គការមីកាដូ ។
លោកថាជំហានសាកល្បងបំប៉នដំបូងអង្គការជ្រើសរើសយកតែទារកនិងកុមារដែលរងគ្រោះខ្វះចំណីអាហារធ្ងន់មកបំប៉នមុនគេ ។ ក្រោយការបំប៉នភ្នាក់ងារសុខភាពសហគមន៍ថ្លឹងនិងវាស់កម្ពស់ទារកនិងកុមារជាប្រចាំ ។ ក្រោយការតាមដានក្នុងតារាងលូតលាស់និងទម្ងន់ ឃើញថាទារកនិងកុមារក្រោយការទទួលទានអាហារបំប៉នបានលូតកម្ពស់និងមានទម្ងន់ត្រូវតាមតារាងកំណត់ អង្គការបានផ្អាកផ្តល់អាហារបំប៉ននោះ ។
លោក ញាណ សារិន បានមានប្រសាសន៍ថា ៖ «មុននឹងឲ្យបំប៉ននេះ គឺយើងត្រូវធ្វើការថ្លឹងត្រឹមត្រូវ វាស់តាមភាគរយត្រឹមត្រូវ ព្រោះកាលណាអត់ត្រូវភាគរយដែលទទួលទេ កាលណាយើងឲ្យក្មេងញ៉ាំទៅ វាទៅជាធាត់លើសដើម វាមានជំងឺអីមួយទៀត» ។
ប្រធានកម្មវិធីជាតិអាហារូបត្ថម្ភនៃក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត អ៊ូ កេវណ្ណា មានប្រសាសន៍ថាក្រសួងសុខាភិបាលទើបបានយល់ព្រមសហការជាមួយអង្គការលីកាដូក្នុងកិច្ចជួយផ្តល់អាហារបំប៉នដល់ទារកនិងកុមារដែលខ្សោយខ្លាំង ឲ្យបំប៉នសុខភាពឡើងវិញនៅតាមជនបទ ។
លោកបន្តថាក្រសួងគ្មានបុគ្កលិកបន្ថែមសម្រាប់ដើរចែកម្ហូបបំប៉នដល់ទារកនិងកុមារឡើយ ក្រៅពីមន្រ្តីសុខភាពតាមប៉ុស្តិ៍សុខភាពចំនួន៦រូបប៉ុណ្ណោះ ។
លោកវេជ្ជបណ្ឌិត អ៊ូ កេវណ្ណា បានបញ្ជាក់ថា ៖ «ខ្ញុំកំពុងតែធ្វើលិខិតមួយឲ្យឯកឧត្ដមរដ្ឋមន្រ្តីចុះហត្ថលេខា ដើម្បីធ្វើការសហការគ្នាដើម្បីជួយសង្រ្គោះកុមារ ។ ប៉ុន្តែអាហ្នឹងយើងកំណត់ដែរ យើងមិនថា ចេះ Underage បានយើងធ្វើបានឬក្នុងផ្ទៃម្ដាយ ហ្នឹងយើងសង្រ្គោះបាន ។ បើថាកើតមកហើយបានលើសពីរឆ្នាំហើយ មិនអាចធ្វើឲ្យកុមារលូតកម្ពស់បានទេ ព្រោះអីវាហួសពេលនឹងជួយសង្រ្គោះ ។ ប៉ុន្តែបើ Underage គ្រាន់អាចជួយសង្រ្គោះបាន គ្រាន់ឲ្យកុមារហ្នឹងវាធំធាត់បាន ប៉ុន្តែលូតលាស់លែងលូតលាស់កម្ពស់ហើយ» ។
តាមប្រសាសន៍មន្រ្តីអង្គការលីកាដូឲ្យដឹងថា ក្រសួងសុខាភិបាលទើបបានយល់ព្រមសហការក្នុងការជួយថែបំប៉នសុខភាពតាមជនបទ តាមការស្នើសុំពីអង្គការលីកាដូនិងមីកាដូ ហើយការឧបត្ថម្ភនិងអនុវត្តមានរយៈពេលជាង២ឆ្នាំ ចាប់ពីខែកុម្ភៈ ឆ្នាំ២០០៨នេះតទៅ ក្នុងជំហានសាកល្បងដំបូង ៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
តើគួរបរិភោគទឹកប្រភេទណាដើម្បីមានសុខភាពល្អ ?
នាយករដ្ឋមន្ត្រីក្រើនរំឭកគ្រូពេទ្យឲ្យយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺ
ទឹកអណ្តូងស្នប់ក្នុង៨ខេត្តក្រុងនៅកម្ពុជាមានផ្ទុកជាតិអាសេនិក
មន្ត្រីប៉ូលិសខ្មែរគ្រោងទៅចូលរួមមហាសន្និបាតប៉ូលិសអន្តរជាតិ Interpol នៅរុស្ស៊ី
មន្រ្តីរដ្ឋាភិបាលនិងសហជីពជួបប្រជុំគ្នាពីបញ្ហាបេឡាជាតិនិងរបបសន្តិសុខសង្គម
ខ្មែរអ៊ិស្លាមសម្ដែងក្ដីសប្បាយរីករាយពេលបញ្ចប់ការកាន់អំណត់បួស
អង្គការសេដាកគ្រោងនាំចេញអង្ករសរីរាង្គបន្ថែមទៀត
ក្រុមគ្រូបង្រៀនទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែ
ក្រុមហ៊ុន Souy Chheng Investment ដំណើរការកម្មវិធីអភិវឌ្ឍន៍នៅកោះកុង
ក្រសួងសុខាភិបាលអំពាវនាវឲ្យប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម