សេចក្តីថ្លែងការណ៍រួមបញ្ជាក់ថា គេមានក្តីសោកស្តាយខ្លាំងដែលអង្គការសង្គមស៊ីវិលទទួលបានសំណើនៃសេចក្ដីព្រាងច្បាប់ថ្មីនេះក្នុងរយៈពេលខ្លីពេក គ្មានឱកាសគ្រប់គ្រាន់នឹងធ្វើការវិភាគនិងធ្វើអនុសាសន៍ជូនទៅរដ្ឋសភាជាតិនូវមតិល្អៗឲ្យបានមុនពេលដែលសភាត្រូវអនុម័តច្បាប់នោះ។
អង្គការសង្គមស៊ីវិលទាំងនោះបញ្ជាក់ថា ប្រសិនបើអនុសាសន៍សំខាន់ៗថ្មីៗជាច្រើនដែលគេស្នើឲ្យដាក់បន្ថែមមិនបានដាក់ចូលទៅក្នុងច្បាប់ថ្មីទេ នោះគេជឿថា សេចក្តីព្រាងច្បាប់ប្រឆាំងអំពើពុករលួយប្រាកដជាមិនអាចធ្វើសកម្មភាពរបស់ខ្លួនដោយមានប្រសិទ្ធភាពនិងពេញលេញបានឡើយ។
ក្រុមសម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាល សមាគមនៃអង្គការសង្គមស៊ីវិលទាំងនោះ បាននាំគ្នានាំយកសំណើនេះទៅជូនសភាជាតិកាលពីវេលាម៉ោង២និង៣០នាទីរសៀលនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១០។
លោក ជៀម យាប បានប្រាប់ព្រឹត្តិបត្រ ឌឹ ឃេមបូឌា ដេលី ថា សភាជាតិនឹងមិនព្រមពន្យារពេលការពិភាក្សាលើសេចក្តីព្រាងច្បាប់នោះទេ។
ខុមហ្វ្រែលនឹងចាក់ផ្សាយកម្មវិធីពិសេសស្ដីពីសេចក្តីព្រាងច្បាប់ប្រឆាំងអំពើពុករលួយ
នៅថ្ងៃ៩ មីនានេះដែរ គណៈកម្មាធិការខុមហ្វ្រែលបានប្រកាសឲ្យដឹងថា នឹងរៀបចំចាក់ផ្សាយនូវកម្មវិធីពិសេសលើប្រធានបទស្តីអំពីសេចក្តីព្រាងច្បាប់ប្រឆាំងអំពើពុករលួយ ផ្សាយជូនជ្រាបនៅព្រឹកថ្ងៃ១០ មីនានេះ ផ្សាយតាមរយៈវិទ្យុសម្បុកឃ្មុំ FM១០៥ និងវិទ្យុ FM៩០ មេហ្កាហឺត។
ភ្ញៀវកិត្តិយសក្នុងកិច្ចពិភាក្សានោះ រួមមានលោកមេធាវី សុក សំអឿន នាយកប្រតិបត្តិអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា និងលោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព នឹងលើកជាអនុសាសន៍និងវែកញែកមាត្រាដែលស្រពេចស្រពិលមួយចំនួនក្នុងសេចក្តីព្រាងច្បាប់ប្រឆាំងអំពើពុករលួយនោះ។
កិច្ចពិភាក្សានោះផ្តើមពីម៉ោង៧និង៣០នាទី ដល់ម៉ោង៨និង៣០នាទីព្រឹក។ សភាជាតិក៏គ្រោងនឹងបើកកិច្ចប្រជុំពេញអង្គពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ប្រឆាំងអំពើពុករលួយនេះនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១០នេះដែរ៕
